ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ​លោក ត្រាំ ធ្វើ​ឱ្យ​ភាគហ៊ុន​អា​មេ​រិ​ក​ដាំ​ក្បា.ល​ចុះ​ខ្លាំ.ង​បំផុត​ចាប់តាំងពី​ឆ្នាំ២០២០

6 ថ្ងៃ មុន

បរទេស ៖ ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ ពោល​១​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពន្ធ​ថ្មី ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ដំឡើង​ថ្លៃ​ទំនិញប្រើប្រាស់ រួម​ទាំង​ការ​ថ្លឹងថ្លែង​លើ​កំណើនសេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក…

បរទេស ៖ ទីផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ដាំ​ក្បាល​ចុះ ពោល​១​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​ពន្ធ​ថ្មី ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ដំឡើង​ថ្លៃ​ទំនិញប្រើប្រាស់ រួម​ទាំង​ការ​ថ្លឹងថ្លែង​លើ​កំណើនសេដ្ឋកិច្ច​នៅ​អា​មេ​រិ​ក ក៏​ដូច​ជា​ពិភពលោក​ផង​ដែរ​។
ទីផ្សារ​ភាគហ៊ុន​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​កបាន​ធ្លាក់​ចុះ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា ស្រប​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក S&P 500 ដាំ​ក្បាល​ចុះ​ដ៏​អាក្រក់​បំផុត តាំងពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០២០​។

Nike, Apple និង Target ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​របស់​អា​មេ​រិ​ក​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​បំផុត ដោយ​បុក​ប​ញ្ជូ​ល​គ្នា​មានការ​បាន​ធ្លាក់​ចុះ​ជាង ៩%​។ នៅ​សេត​វិមាន​ឯណោះ​វិញ លោក ត្រាំ បាន​ប្រាប់​បណ្តា​អ្នក​សារព័ត៌មាន​ថា សេដ្ឋកិច្ច​អា​មេ​រិ​ក​នឹង រីក​ចម្រើន ដោយសារ​តែ​ពន្ធ​អប្បបរមា ១០% ដែល​នឹង​ទះកំផ្លៀង​លើ​ការ​នាំ​ចូល​ពី​ជុំវិញ​ពិភពលោក​ក្នុង​ក្តី​សង្ឃឹម​នៃ​ការ​បង្កើន​ប្រាក់​ចំណូល​សហព័ន្ធ​។

លោក​ថែម​ទាំង​វាយលុក​ពន្ធ​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​អា​មេ​រិ​ក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដោយ​ការ​គិត​ពន្ធ​ខ្ពស់​ជាង​នេះ រួម​មាន​ដៃគូ​ពាណិជ្ជកម្ម​ដូច​ជា​ប្រទេស​ចិន និង​សហភាព​អឺរ៉ុប​ជាដើម​។ ប្រទេស​ចិន​ដែល​កំពុង​ប្រឈម​មុខ​នឹង​ពន្ធ​សរុប ៥៤% និង​សហភាព​អឺរ៉ុប​ដែល​ប្រឈម​មុខ​នឹង​ពន្ធ ២០% កាលពី​ព្រហស្បតិ៍​បាន​ប្រកាស​ប្តេជ្ញា​សងសឹក​នឹង​ការ​គិត​ពន្ធ​របស់​អា​មេ​រិ​ក​។ តួយ៉ាង ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​អំពាវនាវ​ឱ្យ​បណ្តា​ក្រុមហ៊ុន​អឺរ៉ុប​ផ្អាក​ការ​វិនិយោគ​ដែល​បាន​គ្រោងទុក​នៅ​ក​សហរដ្ឋអាមេរិក​។

ផែនការ​លោក ត្រាំ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​អំពី​ការ​ដំឡើង​ពន្ធ​ទ្រង់ទ្រាយ​បែប​នេះ គឺជា​ការ​ដំឡើង​ពន្ធ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​។ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​ប៉ាន់​ស្មានថា​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​អាច​ធ្លាក់​ចុះ​ជា​លទ្ធផល ១% នៅ​ឆ្នាំ​នេះ​។ ស្រប​ពេល​ដែល​ពាណិជ្ជករ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ផង​ដែរ​។

ការ​ជួញដូរ​ដំបូង​នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥ ស​ន្ទ​ស្សន៍​ភាគហ៊ុន​គោល Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ចុះ ១.៨% រីឯ Kospi របស់​កូរ៉េ​ខាងត្បូង​ទាប​ជាង ១% ហើយ ASX 200 របស់​អូស្ត្រាលី​បាន​ធ្លាក់​ចុះ ១.៤% ។ ស​ន្ទ​ស្សន៍​ភាគហ៊ុន FTSE 100 របស់​ចក្រភព​អង់គ្លេស​ក៏​បាន​ធ្លាក់​ចុះ ១.៥% ហើយ​ទីផ្សារ​អឺរ៉ុប​ផ្សេង​ទៀត​ក៏​ធ្លាក់​ចុះ​ដូច​គ្នា ដោយ​បាន​បន្ទរ​ការ​ធ្លាក់​ចុះ​ពី​ប្រទេស​ជប៉ុន​រហូត​ដល់ទី​ផ្សារ​ហុងកុង​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ស​ន្ទ​ស្សន៍​ភាគហ៊ុន S&P 500 ដែល​តាមដាន​លើ​ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​ក​ចំនួន ៥០០ បាន​ធ្លាក់​ចុះ​ដល់ ៤.៨% នៅ​ក្នុង​តម្លៃ​ប្រហែល​២​ទ្រី​លាន​ដុល្លារ ។ ចំណែក​ស​ន្ទ​ស្សន៍​ភាគហ៊ុន Dow Jones បាន​ធ្លាក់​ចុះ ៤% ខណៈ​ពេល​ដែល​អនាគត​ទីផ្សារ​អេ​ឡិច​ត្រូ​និក​សកល Nasdaq បាន​ធ្លាក់​ចុះ​ប្រហែល 6% ។ ការ​លក់​ភាគហ៊ុន​របស់​អា​មេ​រិ​កបាន​និង​កំពុង​បន្ត​ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ ចំ​ពេល​មានការ​ភ័យ​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ