ខេត្តបន្ទាយមានជ័យ ៖ ទោះបីមិនទាន់មានព័ត៌មានផ្លូវការពីចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅប្រទេសថៃថា ក្នុងចំណោមសាកសពចំនួន១៧នាក់ ដែលបានរកឃើញគិតត្រឹមត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នោះ ក៏អាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មានពលរដ្ឋខ្មែរចំនួន៣នាក់ (ស្រី១នាក់) សង្ស័យស្លាប់ដោយសារការបាក់រលំសំណង់អគារដែលកំពុងសាងសង់កម្ពស់៣០ជាន់ ។

តាមព័ត៌មានទទួលបានពីរដ្ឋបាលខេត្តថា ពលករខ្មែរចំនួន៣នាក់(ស្រី១នាក់) សង្ស័យថាស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ យ៉ាងណាក៏ដោយ មិនទាន់បានទទួលព័ត៌មានឱ្យជាក់លាក់នៅឡើយទេ តែដឹងថាបានបាត់ខ្លួននៅចំណុចបាក់អគារ២នាក់នោះ ដែល២នាក់ប្តីប្រពន្ធជាអ្នកនៅក្រុងសិរីសោភ័ណ ឯម្នាក់ទៀតជាយុវជននិងបានរកឃើញសពហើយជាអ្នករស់នៅស្រុកម៉ាឡៃ ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានថ្លែងថា អាជ្ញាធរទទួលព័ត៌មានពីសាច់ញាតិនិងអគ្គកុងស៊ុលកម្ពុជាថា មានជនរងគ្រោះម្នាក់ឈ្មោះ មាស វ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ បានស្លាប់ដោយរញ្ជួយដីនៅប្រទេសថៃ ។

ពេលនេះបានរកឃើញសពហើយ និងបញ្ជូនមកកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ថ្លែងថា អាជ្ញាធរបានទទួលព័ត៌មានពីសាច់ញាតិ២នាក់ប្តីប្រពន្ធថា បានបាត់ខ្លួននៅកន្លែងធ្វើការសំណង់ នៅពេលមានការរញ្ជួយដីបាក់អគារនៅប្រទេសថៃ តែរហូតមកដល់ពេលនេះមិនទាន់រកឃើញនៅឡើយទេ ។ ប្តីឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ សុខ គីមសី អាយុ៣១ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានទីលំនៅក្នុងភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
លោកអភិបាលក្រុងបញ្ជាក់ថា សាច់ញាតិដែលធ្វើការជាមួយនៅប្រទេសថៃថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានបាត់ខ្លួននៅពេលធ្វើការ ខណៈមានគ្រោះរញ្ជួយដីបាក់អគារ ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់រកឃើញថា ស្លាប់ឬរស់នៅឡើយទេ ហើយក្រុមសង្គ្រោះថៃកំពុងរុករកនៅចំណុចអគារដែលបាក់នោះ ៕

ចែករំលែកព័តមាននេះ