ទីក្រុងម៉ូស្គូ៖ អាជ្ញាធររុស្ស៊ីបដិសេធពាក្យចចាមអារ៉ាមដែលកំពុងល្បីខ្លាំងថាមានមេរោគចម្លែកមួយប្រភេទធ្វើឱ្យអ្នកជំងឺក្ដៅខ្លួនខ្លាំងជាច្រើនថ្ងៃ ហើយក្អកចេញឈាម។ រុស្ស៊ីថាគ្មានករណីផ្ទុះឡើងនូវមេរោគចម្លែកបែបនេះទេ។ ពាក្យចចាមអារ៉ាមនេះត្រូវបានផ្សព្វផ្សាយជាលើកដំបូងនៅលើបណ្ដាញតេឡេក្រាមឈ្មោះសត់ (SHOT) ហើយត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតតៗគ្នានៅលើទំព័រសារព័ត៌មានក្នុងស្រុក។ ព័ត៌មានផ្សាយថាអ្នកជំងឺខ្លះចេញរោគសញ្ញារលាកប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ។
នៅពេលធ្វើតេស្តរកមេរោគផ្ដាសាយធំ និងជំងឺកូវីដ១៩មិនឃើញទេ។ ស្ថាប័នមួយរបស់រុស្ស៊ីឈ្មោះរ៉ូសស្ប៉ូត្រេបណាត់ហ្សឺ (Rospotrebnadzor) ដែលជាអ្នកមើលការខុសត្រូវខាងចំណីអាហារ និងសុខភាពសាធារណៈបានចេញសេចក្ដីថ្លែងការណ៍ថា «ខ្លួនរកមិនឃើញភស្តុតាងថាមានមេរោគទើបចេញថ្មីដែលគេមិនទាន់កំណត់មុខសញ្ញាបានកំពុងរាតត្បាតនៅរុស្ស៊ី»។
ប៉ុន្តែទំហំនៃការផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះបានបង្កការព្រួយបារម្ភខ្លាំងសម្រាប់មន្ត្រីសុខាភិបាលរុស្ស៊ី និងពិភពលោក។ មនុស្សផ្សព្វផ្សាយតគ្នាយ៉ាងឆាប់រហ័សបែបនេះមិនមែនឥតមូលហេតុទេ។ ករណីផ្ទុះជំងឺកូវីដ១៩ពាសពេញពិភពលោកក៏ដោយសារការខ្វះការចែករំលែកព័ត៌មានពិត គួបផ្សំនឹងប្រព័ន្ធទំនាក់ទំនងមិនសូវស៊ីសង្វាក់គ្នាទើបធ្វើឱ្យជំងឺនេះផ្ទុះឡើងកាន់តែខ្លាំងរហូតដល់ដំណាក់កាលធ្ងន់ធ្ងរទើបគ្រប់គ្នាចាប់ផ្ដើមភ័យស្លន់ស្លោ និងទទួលស្គាល់ថាកូវីដចាប់ផ្ដើមផ្ទុះហើយ។
មែនទែនទៅ ក្រោយពេលផ្ទុះពាក្យចចាមអារ៉ាមនៃមេរោគចម្លែកថ្មីនេះ អាជ្ញាធររុស្ស៊ីក៏មិនបានព្រងើយកន្តើយដែរ។ រុស្ស៊ីចាប់ផ្ដើមស៊ើបអង្កេតយ៉ាងដុតដៃដុតជើង និងចេញមកបញ្ជាក់ថាគ្មានមេរោគនេះទេ។ មានន័យថានោះគ្រាន់តែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី អ្នកខ្លះនៅតែមិនទាន់ជឿទុកចិត្តការអះអាងរបស់អាជ្ញាធររុស្ស៊ី១០០%នៅឡើយទេ។
ដំណឹងស្ដីពីការផ្ទុះមេរោគចម្លែកថ្មីនៅរុស្ស៊ីនេះចាប់ផ្ដើមបំផុសបំផុលដំបូងគេកាលពីថ្ងៃទី ២៩ ខែមីនានៅលើបណ្ដាញតេឡេក្រាមឈ្មោះសត់ (SHOT)។ នេះជាបណ្ដាញផ្សព្វផ្សាយព័ត៌មានទាន់ហេតុការណ៍ដោយសារពួកគេមានទំនាក់ទំនងជាមួយស្ថាប័នរដ្ឋាភិបាលរុស្ស៊ី។ បណ្ដាញនេះអះអាងថាអ្នកជំងឺនៅតាមទីក្រុងជាច្រើននៅប្រទេសរុស្ស៊ីចាប់ផ្ដើមបង្ហាញរោគសញ្ញាក្ដៅខ្លួនខ្លាំង ចេញកន្ទួលរមាស់នៅលើស្បែក និងក្អួកខ្លាំងជាច្រើនសប្ដាហ៍។ ពេលខ្លះពួកគេក្អកចេញឈាមតាមមាត់។
បណ្ដាញនេះផ្សព្វផ្សាយបន្តទៀតថានៅពេលធ្វើតេស្តដើម្បីចង់ដឹងថាតើអ្នកជំងឺមេរោគផ្ដាសាយធំ និងកូវីដ១៩ដែរឬទេ។ ប៉ុន្តែលទ្ធផលតេស្តបង្ហាញពួកគេគ្មានជំងឺទាំងនេះទេ។ ស្ត្រីម្នាក់ឈ្មោះអាឡិចសាន់ដ្រា (Alexandra) និយាយប្រាប់បណ្ដាញតេឡេក្រាមខាងលើនេះថានៅពេលឆ្លងមេរោគនេះឈានចូលដល់ថ្ងៃទី៥ ខ្លួនចាប់ផ្ដើមក្អកចេញឈាម។ ទោះបីខ្លួនលេបថ្នាំប្រឆាំងបាក់តេរី (អង់ទីប៊ីយ៉ូទិច) អស់មួយសប្ដាហ៍ហើយក៏ដោយ ប៉ុន្តែខ្លួននៅតែមិនបាត់ក្អកចេញឈាមដដែល។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ