បរទេស ៖ តម្លៃមាសអន្តរជាតិបានហក់ឡើងទម្លុះរនាំង ៣,១០០ដុល្លារក្នុង១អោនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខណៈការព្រួយបារម្ភជុំវិញពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងការធ្លាក់ចុះសេដ្ឋកិច្ច រួមទាំងការព្រួយបារម្ភពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយពិភពលោក បានជំរុញឱ្យមានរលកថ្មីនៃការវិនិយោគទៅលើលោហៈធាតុដែលត្រូវបានហៅថា ទ្រព្យសម្បត្តិដ៏មានសុវត្ថិភាព កាន់តែខ្លាំង។
តម្លៃមាសអន្តរជាតិបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ៣,១២៥ដុល្លារក្នុង១អោន ឬប្រមាណ ៣,៧៦៥ដុល្លារក្នុង១តម្លឹង គិតត្រឹមម៉ោង ១នឹង១០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីទម្លុះរនាំង ៣,១០០ដុល្លារក្នុង១អោនជាលើកដំបូង កាលពីព្រឹកថ្ងៃដដែល។ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតជាបន្តបន្ទាប់នៅឆ្នាំនេះ គិតចាប់តាំងពីដើមឆ្នាំ ២០២៥ ដោយបានកើនឡើងច្រើនជាង ២២% រហូតមកទល់ពេលនេះ ដ្បិតលោហៈធាតុដ៏មានតម្លៃនេះ គឺជារបាំងការពារដ៏រឹងមាំប្រឆាំងនឹងភាពចលាចលផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោក។
អ្នកវិភាគនៅសាជីវកម្មធនាគារក្រៅប្រទេសចិន (OCBC) លើកឡើងថា សម្រាប់ពេលនេះ មាស គឺជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត និងការការពារប្រឆាំងនឹងអតិផរណាព្រមទាំងការកើនឡើងកាន់តែខ្លាំងបន្ថែមទៀត ទាក់ទងនឹងកង្វល់ភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាសង្គ្រាមពន្ធ។ ដូច្នេះយើងនៅតែមានទស្សនវិស័យខ្ពស់លើមាស ចំពេលមានជម្លោះពាណិជ្ជកម្មពិភពលោកដែលកំពុងបន្ត និងភាពមិនប្រាកដប្រជាបែបនេះ»។
ធនាគារវិនិយោគអាមេរិក Goldman Sachs, Bank of America និងធនាគារវិនិយោគស្វីស UBS សុទ្ធតែបានបង្កើនការព្យាករតម្លៃមាសសម្រាប់ឆ្នាំនេះ។ តួយ៉ាង Goldman Sachs បានព្យាករណ៍ថា មាសនឹងឡើងដល់ ៣,៣០០ដុល្លារក្នុង១អោន នៅចុងឆ្នាំនេះ ផ្ទុយពីការព្យាករពីមុនត្រឹម ៣,១០០ដុល្លារក្នុង១អោន។
លោក ត្រាំ បានបណ្តែតផែនការពន្ធថ្មីជាបន្តបន្ទាប់ក្នុងគោលបំណងការពារឧស្សាហកម្មអាមេរិក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មចាប់តាំងពីលោកចូលកាន់តំណែង រួមទាំងពន្ធ ២៥% លើការនាំចូលរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយនឹងពន្ធ ១០% បន្ថែមទៀតលើការនាំចូលទំនិញទាំងអស់ពីប្រទេសចិន ដោយលោកមានបំណងប្រកាសសំណុំពន្ធថ្មីមួយទៀត នៅថ្ងៃទី២ ខែមេសា ខាងមុខនេះ។
លោក Edward Meir ទីប្រឹក្សា Marex ដែលក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានថ្លែងថា «បញ្ហាពន្ធនឹងបន្តជំរុញតម្លៃមាសមាសឡើងខ្ពស់រហូតដល់ទាល់តែមានការបន្ធូរបន្ថយខ្លះៗ ចំពោះសង្គ្រាមពន្ធនាពេលបច្ចុប្បន្ន»៕ ដកស្រង់ ៖ Reuters និង Bloomberg


ចែករំលែកព័តមាននេះ