ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ ណែនាំ​ដល់​មន្ត្រី​ចុះ​ពិនិត្យ​ផល​ប៉ះពាល់​លើ​សំណង់​អាង​ទឹក​ទាំងអស់ ក្រោយ​រញ្ជួយ​ដីនៅ​មី​យ៉ា​ន់​ម៉ា និងថៃ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត​ទាំងអស់​ដែល​មាន​សំណង់​អាង​ទឹក និង​សំណង់​ធារាសាស្ត្រ​ធំ​ៗ…

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​-​ខេត្ត​ទាំងអស់​ដែល​មាន​សំណង់​អាង​ទឹក និង​សំណង់​ធារាសាស្ត្រ​ធំ​ៗ ត្រូវ​ចាត់​ក្រុមការងារ​បច្ចេកទេស ដើម្បី​ចុះ​ត្រួតពិនិត្យ​ផល​ប៉ះពាល់​លើ​សំណង់​ទាំងអស់ ហើយ​ធ្វើ​របាយការណ៍​មក​ក្រសួង ក្រោយ​កើត​មាន​បាតុភូត​រញ្ជួយ​ដី​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា លើក​ឡើង​បែប​នេះ កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥​នេះ ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​សំណង់​អាង​ទឹក​តា​សាល ស្ថិត​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រាល់ ខេត្តកំពង់ស្ពឺ​។

រដ្ឋមន្ត្រី លោក ថោ ជេដ្ឋា បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ទំនប់​អាង​ទឹក​តា​សាល បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ទឹកជំនន់​ស្ទឹង​ព្រែក​តោ្ន​ត និង​សម្រាប់​បម្រើ​ឱ្យ​ការងារ​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម ជួយ​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​ដងស្ទឹង​ព្រែក​ត្នោត​នា​រដូវប្រាំង ព្រមទាំង​សម្រាប់​ការ​ប្រើប្រាស់​ពហុ​វិស័យ ហើយ​ក៏​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

បើ​តាម​ក្រសួង​ធនធានទឹក ទំនប់​អាង​ទឹក​តា​សាល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១១ ក្រោម​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ដែល​មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ ១៥០​លាន​ម៉ែត្រគុប មាន​ផ្ទៃ​រងទឹក​ភ្លៀង ៤៦៥​គីឡូ​ម៉ែត្រការ៉េ និង​មាន​សំណង់​សំខាន់​ៗ​ដូច​ជា​ទំនប់​បេតុង​ប្រវែង ៧២០​ម៉ែត្រ​មាន​កម្ពស់ ២១​ម៉ែត្រ​និង​ខ្នង​លើ ៦​ម៉ែត្រ និង​ទំនប់​បង្ហៀរ​ប្រវែង ៩២,៥០​ម៉ែត្រ ព្រមទាំង​សំណង់​សិល្ប​ការ្យ​មួយ​ចំនួន​ទៀត​។

សូម​រំឭក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង ១៣​និង​២០​នាទី ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ មាន​បាតុភូត​រញ្ជួយ​ដី​កើតឡើង​ស្ថិត​នៅ​ចម្ងាយ ១៦​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​ទីក្រុង​សា​ហ្គាំ​ង ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ការ​រញ្ជួយ​នេះ​បាន​កើតឡើង​នៅ​ក្នុង​ស្រទាប់​ស្នូលផែនដី ជម្រៅ​ប្រមាណ ១០​គីឡូម៉ែត្រ និង​មាន​ឥទ្ធិពល​មក​ស្រទាប់​ខាងលើ​នៃ​ផែនដី​ក្នុង​កម្រិត​រញ្ជួយ ៧,៧ រ៉ិ​ច​ទ័​រ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន​រួម​មាន​ប្រទេស​មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដែ​ស ឥណ្ឌា ឡាវ ថៃ វៀតណាម និង​ប្រទេស​ចិន​។ ដោយឡែក ប្រទេស​កម្ពុជា ក៏​ទទួល​រង​នូវ​ឥទ្ធិពល​នេះ​ផង​ដែរ តែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ