ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ បញ្ជាក់ថា ស្ថានភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាន់តែល្អ ហើយនឹងត្រឡប់មកកម្ពុជាវិញ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហោះ​សារ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥​នេះ បង្ហាញ​ឱ្យ​ដឹង​ថា ស្ថានភាព​សុខភាព​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​កាន់តែ​ល្អ ហើយនឹង​ត្រឡប់​មក​កម្ពុជា នៅ​ថ្ងៃស្អែក​(​ថ្ងៃ​៣០​មីនា​) ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម ក្នុង​ន័យ​ដើម្បី​ទាំងស្រុង​ថា ៖ «​ថ្ងៃនេះ ភរិយា​ខ្ញុំ​បាន​ចូល​ពេទ្យ ដើម្បី​ពិនិត្យ និង​ស្តាប់​លទ្ធផល​នៃ​ការ​ព្យាបាល​មុន​ពេល​វិល​ត្រឡប់​មក​កម្ពុជា នៅ​ថ្ងៃស្អែក​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ។

ជា​ទូទៅ​ល្អ តែ​គាត់​ទៅ​រុំ​ក​ទាំងមូល​រយៈពេល​៦​ស​ប្តា​ហ៍ ។ ដូចនេះ​ច្បាស់​ណាស់​ថា គាត់​មិន​អាច​ចូលរួម​បុណ្យ​ស​.​ព​បង​ទី​១​បាន​ឡើយ តែ​គាត់​អាច​ចូល​មក​ដុត​ធូប​ជូន​បងប្រុស នៅ​ពេល​គាត់​ត្រឡប់​ពី​សាំង​ហ្គា​ពួ នៅ​ព្រឹកស្អែក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ករណី​សុខភាព​គាត់​គ្មាន​បញ្ហា ។​(​ទូក​ទៅ​កំពង់​នៅ​)​បងប្រុស​ខ្ញុំ​ចែក​ឋាន​ទៅ គាត់​រួច​ផុត​ទុក្ខ​ហើយ នៅឡើយ​តែ​ខ្ញុំ​ត្រូវ​រ៉ាប់រង​គ្រប់យ៉ាង ព្រោះ​បងថ្លៃ​របស់ខ្ញុំ​បាន​ចែក​ឋាន​តាំងពី​ឆ្នាំ​២០១៣ គឺ​១២​ឆ្នាំ​មុន​មក​ម្ល៉េះ ។

ទោះជា​គាត់​មានកូន មាន​ចៅ ដែល​ចេះ​ទទួលខុសត្រូវ​ខ្លួនឯង តែ​ខ្ញុំ​នៅ​តែ​ជា​មេ​គ្រួសារ​មួយ​នេះ​ដដែល និយាយ​មួយ​បែប ខ្ញុំ​ជា​មេ​គ្រួសារ​នៃ​ត្រកូល​ហ៊ុន ។ សម្តេច​បាន​បន្ត​ថា កូនចៅ ប្អូនបង្កើត ប្អូនថ្លៃ ក្មួយបង្កើត ក្មួយ​ប្រសារ​ទាំងប្រុស​ស្រី ស្លៀកពាក់​កាន់ទុក្ខ​ទាំងអស់ រាប់​ទាំង​ក្មួយ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។

ដោយសារ​បងថ្លៃ​ខ្ញុំ​បាន​ទទួលមរណភាព កាលពី​ឆ្នាំ​២០១៣ បាន​បូជា​យក​អដ្ឋិធាតុ​ទៅ​រក្សា​ទុក​នៅ​វត្ត​ក្តី​ល្វា ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ដោយសារ​ចេតិយ​សម្រាប់​បងប្រុស​ធ្វើ​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដូចនេះ​ត្រូវ​យក​អដ្ឋិធាតុ​បងថ្លៃ​ពី​កំពង់ស្ពឺ​មក រក្សា​ទុក​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស​នៅ​ថ្ងៃ​ទី​០១ ខែមេសា ដើម្បី​បញ្ចុះ​ជាមួយ​បងប្រុស នៅ​ក្នុង​ចេតិយ​តែ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥ ខាង​មុខ ។

បន្ទាប់​ពី​បញ្ចុះ​ស​.​ពរួច​នឹង​ធ្វើបុណ្យ​៧​ថ្ងៃ បន្ថែម​ដោយ​បុណ្យ​១០០​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ឆ្លង​ឆ្នាំ​ដែល​នឹង​ចាប់ផ្តើម នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែមេសា និង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមេសា ។ ល្ងាច​ថ្ងៃ​ទី​០៣ ខែមេសា ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​បែងចែក​ទ្រព្យសម្បត្តិ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ណាមួយ​រវាង​បងប្អូន​ទាំង​៥​នាក់ ដែល​ជា​កូន​របស់​គាត់ ។

សម្តេច​បាន​បញ្ជាក់​ថា​៖«​បងប្រុស​របស់ខ្ញុំ គ្មាន​ទ្រព្យសម្បត្តិ ដើម្បី​ចែក​ឲ្យ​កូន​គ្រប់​ៗ​គ្នា​នោះ​ទេ ។ គាត់​មាន​ដី និង​ផ្ទះ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើបុណ្យ​ស​.​ព ដែល​មាន​ផ្ទៃក្រឡា ១ ២០០​ម៉ែត្រការ៉េ និង​ផ្ទះ​ឈើ​១​ខ្នង លើ​ដី​ជាង​៤ ០០០​ម៉ែត្រការ៉េ នៅ​អរិយ​ក្សត្រ ។

ស្ថានភាព​បែប​នេះ ប្រហែលជា​តម្រូវ​ឲ្យ​ខ្ញុំ​ដែល​ជា​មេ​ចំណែក​ត្រូវ​ចំណាយ​បន្ថែម ដើម្បី​ឲ្យ​ក្មួយ​ៗ​ទទួល​បាន​គ្រប់​ៗ​គ្នា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ