ខេត្តកណ្តាល ៖ នគរបាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនកូនអកតញ្ញូ ព្រោះតែខឹងសុំលុយម្តាយ ៥,០០០រៀល យកទៅទិញស្រាផឹកមិនបាន ក៏ទាញកាំបិតប៉័ងតោគំរាម រួចហើយយកឆ្នាំងបាយ វាយក្បាលម្តាយ បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កុយ ចំណាន ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ (ត្រូវជាកូនបង្កើត) មុខរបរមិនពិត មានទីលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្នុងនោះ វត្ថុតាងសមត្ថកិច្ចដកហូតបានរួមមាន ៖ ឆ្នាំងបាយអ៉ីណុកចំនួន១, និងកាំបិតប៉័ងតោ (ផ្លែដែកដងឈើ) ប្រវែង២៨សង់ទីម៉ែត្រ ចំនួន១ដើម ។
ចំណែកជនរងគ្រោះមានឈ្មោះ អុក វណ្ណា ភេទស្រី អាយុ៧៣ឆ្នាំ (ត្រូវជាម្តាយបង្កើត) មុខរបរនៅផ្ទះ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ព្រុំ សំណាង បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យត្រូវជាកូន បានដើរលេងមិនចូលផ្ទះចំនួន០៣ថ្ងៃមកហើយ លុះមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង០៣និង៣០នាទីទៀបភ្លឺ ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានដើរចូលមកក្នុងផ្ទះ ឃើញជនរងគ្រោះកំពុងតែសម្រាកនៅលើគ្រែ ក៏ស្រែកសុំប្រាក់ចំនួន៥,០០០រៀល ដើម្បីយកទៅទិញស្រាផឹក តែជនរងគ្រោះមិនមានប្រាក់ឲ្យទេ ហើយជនរងគ្រោះបាននិយាយប្រាប់ថា កូនចូលដេកទៅយប់ហើយ ចំណែកជនសង្ស័យជាកូន បាននិយាយតបវិញថា «អញមិនដេកទេ» ភ្លាមនោះ ជនសង្ស័យបានយកកាំបិតប៉័ងតោនៅលើគ្រែមកកាន់នៅនឹងដៃ តែមិនបានកាប់ទៅលើជនរងគ្រោះទេ បន្ទាប់មកជនសង្ស័យបានទម្លាក់កាំបិតចុះ រួចដើរទៅយកឆ្នាំងបាយ ពីចង្ក្រានបាយ មកវាយជនរងគ្រោះចំក្បាលខាងស្តាំ បណ្ដាលឲ្យរបួសស្នាម ដេរ២ថ្នេរ បន្ទាប់មកជនសង្ស័យបានបោកចានបាយ ចំនួន៤ចានបន្ថែមទៀត ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានចូលទៅសម្រាក។ ចំណែកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋដែលនៅជិតខាង យកម៉ូតូដឹកយកទៅមណ្ឌលសុខភាពគគីរ ព្យាបាលរបួស ។
សមត្ថកិច្ចបន្តថា លុះដល់ម៉ោង៧ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំនប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។ នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនបានវាយទៅលើម្តាយរបស់ខ្លួនមែន មូលហេតុខ្លួនចង់បានប្រាក់ពីម្តាយយកទៅទិញស្រាផឹក ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកកៀនស្វាយ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ