ខេត្តកំពង់ចាម: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តដឹកដីនៅលើកំណត់ផ្លូវមួយក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧និង៣៤នាទីព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២៥ បណ្ដាលឱ្យនារីជានិស្សិតពេទ្យពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ ក្រោយមកនិស្សិតស្រីទាំងពីរនាក់បងប្អូនក៏បានស្លាប់បាត់បង់ជីវិត ។ ចំណែករថយន្តដឹកដីបានបើកគេច ។ ក្រោយកើតហេតុ ជំនាញនគរបាលចរាចរណ៍ក្រុងកំពង់ចាម កំពុងប្រតិបត្តិការស៊ើបអង្កេតលើករណីនេះ ។
បើតាមជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩ មីនា ថា និស្សិតស្រីពីរនាក់បងប្អូនដែលមានស្រុកកំណើតនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ បានមករៀនជំនាញនៅសាលាពេទ្យមួយក្នុងក្រុងកំពង់ចាម ដោយទាំងពីរនាក់បងប្អូនបានជិះម៉ូតូចេញពីផ្ទះឈ្នួលមួយកន្លែង ដើម្បីទៅកាន់សាកលវិទ្យាល័យ ដែលពួកគេរៀនស្របពេលដែលជិះឆ្លងផ្លូវមិនទាន់ផុតផងត្រូវបានរថយន្តដឹកដីមួយគ្រឿងបើកមកបុកនិងកិនពេញទំហឹង កាលពីវេលាម៉ោង៧និង៣៤នាទីព្រឹកថ្ងៃទី២៨មីនាឆ្នាំ២០២៥ បណ្ដាលឱ្យនិស្សិតទាំងពីរនាក់បងប្អូនរងរបួសធ្ងន់ធ្ងរ បន្ទាប់មកកម្លាំងជំនាញចរាចរណ៍ក្រុងកំពង់ចាម បានចុះមកដល់និងហៅរថយន្តសាមុយដឹកមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែករថយន្តវិញបានបើកគេចបាត់ស្រមោល ទោះជាយ៉ាងណាជំនាញបានស្រាវជ្រាវដឹងអត្តសញ្ញាណហើយ។
ជំនាញចរាចរណ៍ក្រុងកំពង់ចាមប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការស្រាវជ្រាវដោយទទួលបញ្ជាពីលោកវរសេនីយ៍ឯកអុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម បានឱ្យនគរបាលទទួលផែនសណ្ដាប់ធ្នាប់ធ្វើការស្រាវជ្រាវ ទីបំផុតក៏ដឹងអត្តសញ្ញាណរថយន្តនោះ តែរថយន្តនោះបានបើកទៅលាក់ទុកនៅទីណាមួយ។ ជាមួយនោះថៅកែរថយន្តដឹកដីបានទទួលស្គាល់ថាជារថយន្តរបស់ខ្លួន។
និស្សិតពេទ្យទាំងពីរនាក់បងប្អូន ក្នុងនោះនារីរងគ្រោះជាបងរៀននៅឆ្នាំទី៣ ចំណែកប្អូនស្រីវិញរៀនឆ្នាំទី១ បានស្លាប់នៅវេលាម៉ោងជាង៦ល្ងាចថ្ងៃដដែល ។ ក្នុងហេតុការណ៍នេះគឺម្នាក់បាក់ជើងនិងម្នាក់ទៀតបែកប្លោកនោម។ ទោះជាបីក្រុមគ្រូពេទ្យប្រឹងប្រែងជួយសង្គ្រោះយ៉ាងណា ក៏មិនអាចជួយបាននោះទេ ។
សូមបញ្ជាក់ថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1J-7132 បើកបរដោយឈ្មោះប្រាជ្ញ ចន្ទ្រា ភេស្រី អាយុ២១ឆ្នាំ រួមដំណើរជាមួយនឹងម្នាក់ទៀតឈ្មោះប្រាជ្ញ ចិន្ត្រា ស្រីអាយុ១៨ឆ្នាំ ជាប្អូន ដោយពាក់មួកសុវត្ថិភាពទាំងពីរនាក់។ រថយន្តដែលបង្កហេតុម៉ាកScania ពណ៌សបិទស្គុតផ្ទៃមេឃពាក់ស្លាកលេខស្វាយរៀង3A-1660 បើកបរដោយឈ្មោះដា មិនស្គាល់អាសយដ្ឋាន ។
មូលហេតុបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះដោយសារតែអ្នកបើកបររថយន្តបើកខុសទិសចរាចរណ៍និងបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន។
ជុំវិញការបាត់បង់ជីវិតរបស់និស្សិតស្រីទាំង២នាក់បងប្អូនខាងលើនេះគឺជាការបាត់បង់ធនធានមនុស្សពិតជាគួរឲ្យសោកស្ដាយ ។ បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតខេត្តកំពង់ធំតាមប្រពៃណី៕


ចែករំលែកព័តមាននេះ