ទីក្រុងកៀវ៖ អ៊ុយក្រែនកំពុងរៀបជើងព្រួលដើម្បីការពារខ្លួនព្រោះពួកគេរំពឹងថារុស្ស៊ីនឹងវាយលុកដ៏ខ្លាំងក្លាជាបន្តទៀតនៅពេលដ៏ខ្លីខាងមុខនេះដើម្បីធ្វើឱ្យខ្លួនមានប្រៀបកាន់តែខ្លាំងនៅក្នុងការចរចាគ្នា។ អ៊ុយក្រែនរំពឹងថាទីក្រុងម៉ូស្គូនឹងព្យាយាមដាក់សម្ពាធដល់កម្រិតអតិបរមាទៅលើខ្លួននៅក្នុងការចរចា។ ខាងលើនេះជាការព្យាកររបស់អ្នកវិភាគស្ថានការណ៍សឹក។
លោកពូទីនមានគ្រប់ហេតុផលដើម្បីពន្យារពេលចរចាគ្នាព្រោះលោកចង់វាយយកដីអ៊ុយក្រែនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះជាអ្វីដែលមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនព្យាករទុក។ បើដូច្នេះមែន អ្វីដែលអ៊ុយក្រែនធ្លាប់និយាយនោះនឹងក្លាយជាការពិតហើយដែលថា «លោកពូទីនគ្រាន់តែចរចាគ្នាបណ្ដែតៗ ឬចរចាលេងៗសិនព្រោះគាត់មិនទាន់ចង់បញ្ចប់សង្គ្រាមទេ»។
រដូវផ្ការីកជិតចូលមកដល់ រុស្ស៊ីកំពុងសម្លឹងមើលការបើកយុទ្ធនាការជាច្រើមុខព្រួញនៅលើសមរភូមិដែលលាតសន្ធឹកចម្ងាយជាងមួយពាន់គីឡូម៉ែត្រ។ បន្ទាប់ពីដកស្រង់របាយការណ៍សម្ងាត់មួយចំនួន លោកហ្សេឡិនស្គីថ្លែងថារុស្ស៊ីត្រៀមខ្លួនរួចហើយដើម្បីវាយប្រហារទៅលើតំបន់ភាគឦសានដូចជាស៊ូមី ខាគីវ និងហ្សាប៉ូរីហ្សៀជាដើម (Sumy, Kharkiv & Zaporizhia)។
យោងតាមលោកហ្សេឡិនស្គី រុស្ស៊ីគ្រាន់តែបចរចាគ្នាលេងៗ បណ្ដែត និងធ្វើឱ្យអាមេរិកវិលក្បុងនៅក្នុងការចរចាដែលគ្មានទីបញ្ចប់ និងដែលគ្មានបានលទ្ធផលដូចការរំពឹងទុកនេះតែប៉ុណ្ណោះ។ អាមេរិកបានត្រឹមតែស្ដាប់ការសន្យាខ្យល់របស់រុស្ស៊ីតែប៉ុណ្ណោះព្រោះរុស្ស៊ីចង់ទិញពេលវេលាជាបន្តទៀតដើម្បីវាយប្រហារយកដីអ៊ុយក្រែនឱ្យបានច្រើន។ លោកយល់ថាលោកពូទីននឹងចូលតុចរចាដ៏ពិតប្រាកដនៅពេលគាត់កាន់កាប់ទឹកដីអ៊ុយក្រែនកាន់តែច្រើនដែលធ្វើឱ្យគាត់មានប្រៀបកាន់តែខ្លាំង។
មន្ត្រី២នាក់នៃក្រុមប្រទេសជីប្រាំពីរ (G7) យល់ស្របទៅនឹងការវាយតម្លៃរបស់លោកហ្សេឡិនស្គី។ ជាក់ស្ដែង រុស្ស៊ីបានច្រានចោលសំណើនៃបទឈប់បាញ់រយៈពេល៣០ថ្ងៃដែលស្នើឡើងដោយលោកត្រាំ និងដែលអ៊ុយក្រែនប្រកាសយល់ព្រមទុកជាមុន។ មិនតែប៉ុណ្ណោះ បទឈប់បាញ់នៅសមុទ្រខ្មៅត្រូវលោកពូទីនយល់ព្រមតែមាត់ទទេសិន។ រុស្ស៊ីបានចងភ្ជាប់នូវលក្ខខណ្ឌ១។ វិមានក្រឹមឡាំថ្លែងថាបើចង់អនុវត្តបទឈប់បាញ់នេះលុះត្រាតែអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ចជាមុនសិន។
នៅលើសមរភូមិយោធា រុស្ស៊ីបន្តវាយប្រហារដោយយន្តហោះដ្រូនទៅលើតំបន់ឌីនីប្រូ (Dnipro) បណ្ដាលឱ្យស្លាប់មនុស្ស៤នាក់ និងរបួស២៤នាក់កាលពីយប់មិញ។ រុស្ស៊ីបានបាញ់មីស៊ីល១គ្រាប់ក្បែរស្រុកកំណើតរបស់លោកហ្សេឡិនស្គីបណ្ដាលឱ្យរបួស៩នាក់។ នៅក្នុងចិត្តរបស់លោកពូទីន រុស្ស៊ីត្រូវតែមានជ័យជម្នះនៅក្នុងសង្គ្រាមនេះ។ លោកថ្លែងកាលពីម្សិលមិញថារុស្ស៊ីកំពុងមានប្រៀបនៅលើសមរភូមិគ្រប់ទីកន្លែង។ កងទ័ពរបស់យើងវាយយកបានទឹកដីជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ ខាងលើនេះជាការដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មានអេភី (AP)៕
ចែករំលែកព័តមាននេះ