ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់ កប់​ក្រោម​គំនរ​អគារ​បាក់​រលំ​ប្រហែល​៣០​ម៉ោង ត្រូវ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ជីវិត នៅ​មី​យ៉ា​ន់​ម៉ា

2 ថ្ងៃ មុន

ក្រុង​ម៉ា​ន់​ដា​ឡៃ ៖ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​ស្ត្រី​ម្នាក់​នៅ​រស់ ចេញពី​ក្រោម​គំនរ​អគារ​ផ្ទះល្វែង​ដែល​បាក់​រលំ​ក្នុង​ទីក្រុង​ម៉ា​ន់​ដា​ឡៃ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​យោង​តាម​សារព័ត៌មាន…

ក្រុង​ម៉ា​ន់​ដា​ឡៃ ៖ នា​ល្ងាច​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៥​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទាញ​ស្ត្រី​ម្នាក់​នៅ​រស់ ចេញពី​ក្រោម​គំនរ​អគារ​ផ្ទះល្វែង​ដែល​បាក់​រលំ​ក្នុង​ទីក្រុង​ម៉ា​ន់​ដា​ឡៃ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​វាយប្រហារ ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​យោង​តាម​សារព័ត៌មាន AFP ។

អ្នកស្រី Phyu Lay Khaing អាយុ​៣០​ឆ្នាំ ដែល​ជាប់​ក្រោម​គំនរ​អគារ​បាក់​រលំ អស់​រយៈពេល​ប្រហែល​៣០​ម៉ោង ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​នាំ​ចេញពី​អគារ Sky Villa Condominium ហើយ​ដឹក​តាម​រទេះរុញ​ទៅ​ឱ្យ​ប្តី​របស់​អ្នកស្រី ទើប​បន្ត​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ។

មុន​បញ្ជូន​ទៅ​មន្ទីរពេទ្យ លោក Ye Aung បាន​ឱប​ថើប​ប្រពន្ធ ហើយ​ប្រាប់​ភ្នាក់ងារ AFP ថា «​ដំបូង​ឡើយ ខ្ញុំ​មិន​បាន​គិត​ថា នាង​នឹង​មានជីវិត​ឡើយ​» ខណៈ​រូប​លោក​រង់ចាំ​ប្រពន្ធ​យ៉ាង​អន្ទះសារ ក្រោយ​ពី​ដឹង​ថា នាង​កប់​ក្នុង​គំនរ​បាក់បែក ។

លោក Ye Aung បន្ត​ថា «​ប៉ុន្តែ​នៅ​ពេល​នេះ ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​បានឮ​ដំណឹង​ល្អ​» ។ ប្តី​ប្រពន្ធ​មួយគូ​នេះ មានកូន​ប្រុស​ពីរ​នាក់ គឺ William អាយុ ៨​ឆ្នាំ និង Ethan អាយុ ៥​ឆ្នាំ ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ បាន​ប្រាប់ AFP ថា មនុស្ស​ជាង​៩០​នាក់ អាច​ជាប់​នៅ​ក្រោម​គំនរ នៃ​ប្លុក​អគារ​ផ្ទះល្វែង​មួយ​នេះ ដែល​បាក់​រលំ​ក្នុង​ទីក្រុង​ក្រុង​ម៉ា​ន់​ដា​ឡៃ ប្រទេស​មី​យ៉ា​ន់​ម៉ា ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​នេះ មាន​បាតុភូត​រញ្ជួយ​ដី​កើតឡើង ស្ថិត​នៅ​ចម្ងាយ ១៦​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ នៃ​ទីក្រុង​សា​ឃ្លាំង (Sagaing) នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ការ​រញ្ជួយ​នេះ បាន​កើតឡើង​នៅ​ក្នុង​ស្រទាប់​ស្នូលផែនដី ជម្រៅ​ប្រមាណ ១០​គីឡូម៉ែត្រ និង​មាន​ឥទ្ធិពល​មក​ស្រទាប់​ខាងលើ នៃ​ផែនដី​ក្នុង​កម្រិត​រញ្ជួយ ៧,៧ រិច​ទ័​រ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​មួយ​ចំនួន រួម​មាន ៖ ប្រទេស​មី​យ៉ា​ន់​ម៉ា បង់​ក្លា​ដែ​ស ឥណ្ឌា ឡាវ ថៃ វៀតណាម និង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ