ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់សិបនាក់ បាននាំគ្នាស្រែកតវ៉ា ក្នុងពេលដែលអាជ្ញាធរស្រុកពាមរក៍ ចុះទៅហាមឃាត់ពលរដ្ឋ២គ្រួសារ ដែលសង់ផ្ទះរំលោភចូលក្នុងដីផ្សារអ្នកលឿង ( ផ្សារចាស់ ) ហើយតម្រូវឲ្យរុះរើសំណង់ចេញវិញ។
ពលរដ្ឋ២គ្រួសារ ដែលត្រូវបានហាមឃាត់ បានអះអាងថា ដីផ្សារអ្នកលឿងចាស់នេះ លែងមានអាជីវករលក់ដូរយូរឆ្នាំហើយ ចំណែកអ្នកដែលមានផ្ទះនៅជុំវិញ បាននាំគ្នាតផ្ទះតរោងចូលមកក្នុងដីផ្សារនេះគ្រប់ៗគ្នា តែគ្មានអាជ្ញាធរណាម្នាក់ចុះមកហាមឃាត់ទេ ទើបតែថ្មីៗនេះ គ្រួសារពួកគាត់នាំគ្នាធ្វើផ្ទះចូលមកក្នុងដីផ្សារ ដូចគេផ្សេងៗដែរបែរជាមានអាជ្ញាធរឃុំស្រុក ចុះមកហាមឃាត់ព្រោងព្រាត និងតម្រូវឲ្យកាត់រុះរើចោលវិញទៀតផង បើធ្វើបែបនេះគឺមិនយុត្តិធម៌ទេ បើត្រូវកាត់ត្រូវរុះរើ គឺត្រូវធ្វើទាំងអស់គ្នា ឲ្យស្មើភាពគ្នា។
ដោយឡែក ប្រជាពលរដ្ឋផ្សេងទៀតដែលបានសង់រោងសង់ផ្ទះ រំលោភចូលដីផ្សារនេះដែរ បាន ឱ្យដឹងថា ដីផ្សារអ្នកលឿងចាស់នេះ លែងមានអាជីវករលក់ដូរច្រើនឆ្នាំមកហើយ ដោយសារតែលក់មិនដាច់ ក្រុមអាជីវករបាននាំគ្នារើទៅលក់នៅផ្សារអ្នកលឿងថ្មីអស់ទៅ ធ្វើឲ្យដីផ្សារចាស់នេះនៅទំនេរចោល ទើបពួកគាត់អ្នកដែលមានផ្ទះនៅជុំវិញផ្សារនេះ នាំគ្នាតរោងតផ្ទះចូលមកលើដីផ្សារនេះតែម្ដងទៅ ហើយបច្ចុប្បន្នរដ្ឋក៏គ្មានតម្រូវការអ្វីត្រូវយកដីផ្សារចាស់នេះប្រើប្រាស់នោះដែរ ដូច្នេះគួរតែទុកឲ្យពួកគាត់ប្រើប្រាស់អាស្រ័យផលតទៅទៀតទៅ។
លោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឲ្យដឹងថា បច្ចុប្បន្នផ្លូវបេតុងនៅជុំវិញផ្សារអ្នកលឿង ( ផ្សារថ្មី ) មានក្រុមអាជីវករដាក់តូបស្តង់លក់បន្លែត្រីសាច់ ណែនណាន់តាន់តាប់ ធ្វើឲ្យស្ទះផ្លូវ មិនអាចជិះម៉ូតូរថយន្តចេញចូលបានទេ កត្តានេះបានធ្វើឲ្យអាជ្ញាធរ មានការព្រួយបារម្ភខ្លាចពេលមានគ្រោះអគ្គីភ័យកើតឡើង គឺគ្មានផ្លូវអាចឲ្យរថយន្តពន្លត់អគ្គីភ័យ ចូលទៅបាញ់ទឹកពន្លត់បានទេ គឺគ្រោះថ្នាក់ខ្លាំងណាស់។
លោកអភិបាលស្រុកបានបន្តថា ដោយមើល ឃើញបញ្ហានេះ អាជ្ញាធរស្រុកនិងខេត្ត ក៏បានសម្រេចរកដំណោះស្រាយថ្មីមួយ ដោយយកដីផ្សារចាស់ បង្កើតស្តង់លក់ដូរ បង្កើតផ្សារឡើងវិញហើយប្រមូលក្រុមអាជីវករលក់បន្លែត្រីសាច់នៅតាមផ្លូវបេតុងជុំវិញផ្សារអ្នកលឿងថ្មី ឲ្យតទៅលក់ដូរនៅទីតាំងផ្សារចាស់វិញ ដែលមានចម្ងាយពីគ្នាប្រមាណជិត 100 ម៉ែត្រប៉ុណ្ណោះ ហើយបើកផ្លូវបេតុងជុំវិញផ្សារអ្នកលឿងថ្មី ឲ្យធំទូលាយអាចបើកបររថយន្តចេញចូលបានស្រួលឡើងវិញ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ដើម្បីប្រមូលអ្នកលក់ពីផ្សារថ្មី ឲ្យទៅលក់នៅផ្សារចាស់វិញបាន គឺត្រូវតែរៀបចំផ្សារចាស់ឲ្យមានស្តង់ត្រឹមត្រូវសិនប៉ុន្តែអាជ្ញាធរមិនទាន់បានដោះស្រាយ រឿងសំណង់សង់រំលោភចូលដីផ្សារចាស់នេះផង ស្រាប់តែមានអ្នកលួចសង់ផ្ទះរំលោភចូលថែមទៀត ទើបនៅព្រឹកថ្ងៃទី២៨មិនានេះ លោកបានដឹកនាំមន្ត្រីជំនាញ ចុះទៅហាមឃាត់ហើយក៏ធ្វើឲ្យមានការផ្ទុះប្រតិកម្ម ពីសំណាក់ប្រជាពលរដ្ឋទាំងនោះតែម្ដងទៅ។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលស្រុកបានបញ្ជាក់ថា លោកបានពន្យល់ណែនាំដល់ក្រុមពលរដ្ឋទាំងនោះ ឲ្យយល់ពីបំណងនិងគំរោងរបស់អាជ្ញាធររួចហើយ និងបានហាមឃាត់មិនអោយមានពលរដ្ឋណា សាងសង់សំណង់ថ្មីបន្ថែមទៀតទេ ដោយឡែកសំណង់ដែលសង់រួចហើយ លោកបានចាត់ឲ្យអាជ្ញាធរឃុំ ចុះស្រង់ឈ្មោះម្ចាស់សំណង់ ហើយកំណត់ថ្ងៃកោះអញ្ជើញពួកគាត់ឲ្យទៅប្រជុំនៅសាលាស្រុក ដើម្បីផ្សព្វផ្សាយពន្យល់ពួកគាត់ឲ្យបានយល់ដឹងពីផែនការអភិវឌ្ឍន៍របស់អាជ្ញាធរ ៕







ចែករំលែកព័តមាននេះ