ទីក្រុងរ៉ង់ហ្គូន៖ របបសឹកភូមាប្រកាសថាខ្លួននឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។ ឧត្ដមសេនីយ៍មីនអុងឡាំងបានឆ្លៀតយកឱកាសរំលឹកទិវាកងទ័ពជាតិប្រចាំឆ្នាំដើម្បីបញ្ជាក់ជាថ្មីថាលោកត្រៀមរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០២៥។ លោកអំពាវនាវឱ្យចលនាប្រឆាំងនៅក្នុងព្រៃងាកមកបង្កើតគណបក្សនយោបាយដើម្បីប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោតវិញម្ដង។
លោកថ្លែងថាការបោះឆ្នោតលើកនេះនឹងប្រព្រឹត្តទៅដោយភាពសេរី និងយុត្តិធម៌ល្អណាស់ ហើយធ្វើឡើងទៅតាមសភាពការណ៍ជាក់ស្ដែងនៃសន្តិសុខជាតិ។ មានន័យថាកន្លែងណាដែលមានសង្គ្រាមមិនបានរៀបចំការបោះឆ្នោតទេ។ លោកថ្លែងសុន្ទរកថានៅចំពោះមុខកងទ័ពជាង៧ពាន់នាក់ដែលរៀបចំអង្គមេទិញនៅរដ្ឋធានីណៃពិដោរ។ យុទ្ធជន និងយុទ្ធនារីដែលប្រដាប់ដោយកាំភ្លើងវែងនៅក្នុងដៃទាំងនោះបានឈរតម្រៀបជួរគ្នាដោយស្ងៀមស្ងាត់ដើម្បីត្រងត្រាប់ស្ដាប់សុន្ទរកថារបស់លោក។

គម្រោងរៀបចំការបោះឆ្នោតនេះត្រូវគេមើលឃើញថាជាការប៉ុនប៉ងធ្វើម៉េចឱ្យរបបដឹកនាំរបស់គាត់មានភាពស្របច្បាប់ មានធម្មនុញ្ញភាព ស្របទៅតាមឆន្ទៈរបស់ប្រជាជន។ ទន្ទឹមនឹងនោះ របបសឹកក៏ត្រូវធានាថាលោកមីនអុងឡាំងត្រូវតែមានជ័យជម្នះនៅក្នុងការបោះឆ្នោតដើម្បីបន្តកាន់អំណាច។ នៅក្នុងការថ្លែងសុន្ទរកថានោះ លោកមីនអុងឡាំងក៏បានលើកអំពីភាពសមហេតុផលដែលលោកត្រូវតែធ្វើរដ្ឋប្រហារលោកស្រីស៊ូជីទាំងបង្ខំចិត្តព្រោះសភាពការណ៍ឈានដល់ដំណាក់កាលទុំជោរខ្លាំងណាស់ទៅហើយ។
ការបោះឆ្នោតកាលពីចុងឆ្នាំ២០២០បង្ហាញថាគណបក្សរបស់លោកស្រីស៊ូជីឈ្នះឆ្នោតជាង៨០%។ ប៉ុន្តែលទ្ធផលនេះត្រូវក្រុមយោធាចាត់ទុកថាមិនប្រកបដោយភាពសេរី និងយុត្តិធម៌ទេ។ គណបក្សដែលគាំទ្រខាងក្រុមយោធាក៏បានចូលរួមការបោះឆ្នោតនោះដែរ។ ពួកគេបានដាក់ពាក្យប្ដឹងជំទាស់នឹងភាពមិនប្រក្រតីជាច្រើន។ ប៉ុន្តែគ.ជ.បមិនបានដោះស្រាយពាក្យបណ្ដឹងទេ។ ហេតុនេះហើយ លោកមីនអុងឡាំងក៏ធ្វើរដ្ឋប្រហារដណ្ដើមអំណាចតែម្ដង ហើយចាប់លោកស្រីស៊ូជីដាក់គុក។

ឥឡូវនេះ លោកមីនអុងឡាំងសន្យាថាការបោះឆ្នោតនៅចុងឆ្នាំ២០២៥នឹងរៀបចំឡើងតាមស្តង់ដារត្រឹមត្រូវ ប្រកបដោយភាពសេរី និងយុត្តិធម៌ជាទីបំផុត។ អ្នកណាឈ្នះឆ្នោត អ្នកនោះនឹងឡើងកាន់អំណាចដោយស្របច្បាប់។ សព្វថ្ងៃនេះ របបសឹកភូមាអាចគ្រប់គ្រងប្រទេសបានមិនដល់ពាក្យកណ្ដាលទេដោយសារក្រុមប្រឆាំងនៅក្នុងព្រៃបន្តវាយប្រហារកាន់កាប់បានទឹកដីមួយចំណែកដែរ។
ម៉្យាងទៀត លោកមីនអុងឡាំងមិនត្រូវការចរចាគ្នាដើម្បីទម្លាក់អាវុធចុះ ហើយចូលរួមការបោះឆ្នោតទេ។ ហេតុនេះ ផែនការបោះឆ្នោតនៅចុងឆ្នាំ២០២៥អាចនឹងរៀបចំបានប៉ុណ្ណាយកប៉ុណ្ណឹង។ កាលពីពេលទៅបំពេញទស្សនកិច្ចនៅបេឡារូសដើមខែមីនា លោកមីនអុងឡាំងប្រកាសថាគណបក្សនយោបាយដែលចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតលើកនេះមានរហូតដល់ទៅ៥៣គណបក្សឯណោះ។ ខាងលើនេះជាការដកស្រង់ប្រភពពីយួរ៉ូញូ (Euro News)៕
ចែករំលែកព័តមាននេះ