ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស​បំបែក​កំណត់​ត្រា​ថ្លៃ​បំផុត​មិន​ធ្លាប់​មាននៅ​ព្រឹក​នេះ ៣,៧១០​ដុល្លារ​ក្នុង​១​តម្លឹង

8 ខែ មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​ចំនួន ៣,០៧៧​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើ​ប្រមាណ​ ៣,៧១០​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ស្រប​ពេល​ដែល​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង…

0:00
0:00

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត​ចំនួន ៣,០៧៧​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើ​ប្រមាណ​ ៣,៧១០​ដុល្លារ​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥ ស្រប​ពេល​ដែល​ភាគហ៊ុន​នៅ​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក្រោយ​ការ​ប្រកាស​ពន្ធ​ចុង​ក្រោយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​មុន​នេះ​បន្តិច​។

លោក ត្រាំ បាន​ប្រកាស​ដាក់​ពន្ធ ២៥% លើ​ការ​នាំ​ចូល​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត​ទាំងអស់​មក​កាន់​សហរដ្ឋអាមេរិក ដោយ​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ ពោល​នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៥ ដោយ​ទាញ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​បណ្តា​អ្នកនយោបាយ និង​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​នៅ​ទូ​ទាំង​ពិភពលោក ព្រមទាំង​ការ​ព្រមាន​ពី​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក​ថា ការ​ដំឡើង​តម្លៃ​លក់​រថយន្ត​ទំនងជា​ចាប់ផ្តើម​ហើយ​។

ការ​រីក​រាលដាល​ខ្លាំង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​ដែល​លោក ត្រាំ បាន​ចាប់ផ្តើម​នៅ​ពេល​លោក​ចូល​កាន់​តំណែង​ឡើង​វិញ បាន​ធ្វើ​ឱ្យ​ទីផ្សារ​ពិភពលោក​មាន​ភាព​រង្គោះរង្គើ​ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ជា​ពិសេស​។

នៅ​អាស៊ី ភាគហ៊ុន Nikkei របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជាង ២% ដែល​ដឹកនាំ​ដោយ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ក្រុមហ៊ុន Toyota និង Honda​។ ចំណែក​ស​ន្ទ​ស្សន៍​ភាគហ៊ុន​គោល​របស់​កូរ៉េ​ខាងត្បូង (KS11) បាន​ឈាន​ដល់​កម្រិត​ទាប​រយៈពេល​ពី​រស​ប្តា​ហ៍ ហើយ​បាន​ធ្លាក់​ចុះ ១.៣% ខណៈ​ដែល​ឧស្សាហកម្ម​រថយន្ត​គឺជា​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​នេះ​។

ដោយឡែក ស​ន្ទ​ស្សន៍​ភាគហ៊ុន Hang Seng របស់​ហុងកុង (HSI) គឺ​ខ្ពស់​ជាង ០.៦% ស្រប​ពេល​លោក ត្រាំ បាន​ប្រកាស​កាល​ថ្ងៃ​ពុធ​ថា លោក​នឹង​មាន​ឆន្ទៈ​កាត់​បន្ថយ​អត្រាពន្ធ​លើ​ប្រទេស​ចិន​តិចតួច ប្រសិនបើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ចិន ByteDance ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន TikTok យល់ព្រម​លក់​ប្រតិបត្តិការ​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​មក​ឱ្យ​សហរដ្ឋអាមេរិក​។

លោក Fred Neumann ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​នៅ​ក្រុមហ៊ុន HSBC បាន​ថ្លែង​ថា «​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ការ​នាំ​ចូល​រថយន្ត​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​នោះ​ទេ ដោយ​ក្នុង​កម្រិត​ខ្លះ ក្រុមហ៊ុន​ផលិត​អាច​ផ្លាស់​ប្តូរ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ទីតាំង​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំងនេះ​។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​អាច​នឹង​ដំឡើង​តម្លៃ​មួយ​ចំនួន​ដល់​អ្នក​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​ផង​ដែរ ដោយសារ​តែ​ពន្ធ​របស់​លោក ត្រាំ ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ស្ទើរតែ​ទាំងអស់​»​។

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន រួម​ទាំង Volvo, Audi របស់​ក្រុមហ៊ុន Volkswagen, Mercedes-Benz និង Hyundai សុទ្ធតែ​បាន​ប្រកាស​រួច​ហើយ​ថា ពួក​គេ​នឹង​ផ្លាស់​ប្តូរ​ផ្នែក​ផលិតកម្ម​របស់​ពួក​គេ​។ ចំណែកឯ​ក្រុមហ៊ុន Ferrari ដែល​ផលិត​រថយន្ត​ទាំងអស់​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ី​តា​លី​ក៏​បាន​អះអាង​ថា ខ្លួន​នឹង​ដំឡើង​ថ្លៃ​រហូត​ដល់ ១០% លើ​ម៉ូ​ដែល​មួយ​ចំនួន​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ