ប្រទេសឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេប្រចាំតំបន់អាស៊ីអាគ្នេយ៍ រំពឹងថានឹងស្វាគមន៍ភ្ញៀវចិនចំនួនពីរលាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងជិត ៧០% បើធៀបនឹងឆ្នាំមុន ដោយសារតែការកើនឡើងនៃចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
ដោយធ្លាប់កត់ត្រាចំនួនភ្ញៀវទេសចរចិនឈានដល់កម្រិតខ្ពស់បំផុត មុនផ្ទុះជំងឺកូវីដ-១៩ ប្រទេសឥណ្ឌូណេស៊ីថ្មីៗនេះ បានបង្ហាញសុទិដ្ឋិនិយម ដើម្បីឈានទៅចាប់យកតួលេខនោះម្តងទៀតនៅក្នុងពេលឆាប់ៗនេះ ដោយសារតែការកើនឡើង នៃវត្តមានភ្ញៀវទេសចរចិននៅតែបន្ត ហើយជាមួយទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ប្រទេសទាំងពីរគាំទ្រយ៉ាងពេញទំហឹងដល់ការចល័តកាន់តែច្រើនសម្រាប់ពលរដ្ឋរបស់ខ្លួន។ នេះបើតាមការចេញពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ (Xinhua) បានចេញផ្សាយ។
នៅក្នុងវិស័យទេសចរណ៍ អាជ្ញាធរប្រទេសចិន និងឥណ្ឌូណេស៊ីបានសហការយ៉ាងសកម្ម តាមរយៈការតាំងពិពណ៌ ការផ្សព្វផ្សាយ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗទៀត ដើម្បីជំរុញទេសចរណ៍ និងលើកទឹកចិត្តការធ្វើដំណើររវាងប្រជាជននៃប្រទេសទាំងពីរ។
ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសឥណ្ឌូណេស៊ីទទួលភ្ញៀវទេសចរចិនក្នុងកម្រិតខ្ពស់បំផុតនៅឆ្នាំ ២០១៨ សរុបចំនួន ២,១៣៩,១៦១នាក់ ។ ប្រទេសប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានឃើញការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវត្តមានភ្ញៀវទេសចរចិនដែលឈានដល់ ៧៨៧,៩២៤នាក់ កាលពីឆ្នាំ ២០២៣ និងកើនឡើងដល់ ១,១៩៨,៥៨២នាក់ កាលពីឆ្នាំមុន។
លោក Djauhari Oratmangun ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសចិនបានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីមានបំណងស្វាគមន៍ភ្ញៀវទេសចរចិន២លាននាក់នៅឆ្នាំនេះ ដោយលើកឡើងពីការកើនឡើងចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ចំពេលភ្ញៀវទេសចរចិនបានចាប់អារម្មណ៍ធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ីកាន់តែខ្លាំងឡើង។
បើតាមការចុះផ្សាយពីកាសែត China Daily ដោយស្រង់សម្តីលោក Paul Edmundus Talo ប្រធានសមាគមប្រតិបត្តិករទេសចរណ៍ចូលប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការកើនឡើងជើងហោះហើរត្រង់ពីប្រទេសចិនទៅកាន់កោះបាលី ត្រូវបានរំពឹងថានឹងជំរុញកំណើនបន្ថែមទៀត។ ស្របពេលក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី TransNusa គ្រោងនឹងចាប់ផ្តើមជើងហោះហើរថ្មី Bali-China ចាប់ពីខែក្រោយ។
ក្រៅពីប្រទេសឥណ្ឌូណេស៊ី ដែលបង្ហាញបំណងទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើននោះ ប្រទេសថៃឯណោះវិញ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ក៏រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចិនចំនួន៩លាននាក់នៅឆ្នាំនេះ៕ ដកស្រង់ ៖ Xinhua និង VnExpress
ចែករំលែកព័តមាននេះ