យោងតាមការស្ទង់មតិមួយនៅក្រៅស្រុកបានបង្ហាញថា គូស្នេហ៍ ១ ក្នុងចំណោម ៤ ជ្រើសរើសយកការគេងលើគ្រែដាច់ដោយឡែកពីគ្នា។ បើទោះបីជាស្តាប់មើលទៅហាក់បីដូចជាធ្វើឱ្យស្នេហាលែងសូវមានភាពស្អិតរមួត គេរកឃើញថា ការធ្វើដូចនេះផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើន ហើយក៏ធ្វើឱ្យស្នេហាមិនសូវមានភាពល្អក់កករ។ តើហេតុអ្វីទៅ?
១-វាធ្វើឱ្យអ្នកគេងដោយគ្មានការរំខាន
ប្រសិនបើអ្នកគេងមិនបានស្រួល នៅលើគ្រែតែមួយជាមួយដៃគូរបស់អ្នក អ្នកត្រូវតែផ្លាស់ប្តូរកន្លែងគេង។ ជាទូទៅស្ត្រីមានត្រចៀកឆាប់ចាប់បានសម្លេងរំខានជាងបុរស។ ដូច្នេះប្រសិនបើដៃគូរបស់ពួកគេស្រមុក ពួកគេទំនងជានឹងភ្ញាក់នៅពាក់កណ្តាលយប់។ ការសិក្សាក៏បានរកឃើញថា ការគេងជាមួយដៃគូរបស់អ្នកអាចបង្កើនចំនួនដងនៃការគេងមិនស្ងប់ ឬ ឧស្សាហ៍គេងយល់សុបិនច្រើន។ នេះក៏ព្រោះតែមានបញ្ហារំខានមួយចំនួនកើតឡើងនៅពេលគេងគ្រែជាមួយគ្នា។
២-វាធ្វើឱ្យអ្នកមានអារម្មណ៍រីករាយនៅពេលក្រោកឡើង
នេះគឺជាលទ្ធផលនៃការគេងដោយគ្មានការរំខាន។ ដៃគូទាំងពីរ ភ្ញាក់ឡើងមានថាមពល ហើយមានអារម្មណ៍ថា ពួកគេមានការផ្តោតអារម្មណ៍ និងការគ្រប់គ្រងលើខ្លួនឯងកាន់តែច្រើន។ ពួកគេក៏មានសុខភាពផ្លូវចិត្ត និងផ្លូវកាយប្រសើរជាងមុន ហើយពួកគេមិនមានអារម្មណ៍ខកចិត្តចំពោះគ្នាទៅវិញទៅមក ចំពោះការរំខានដំណេកណាមួយឡើយ។
៣-វាជួយកាត់បន្ថយអត្រាឈ្លោះប្រកែកគ្នា
នៅពេលដែលមនុស្ស ២នាក់កំពុងគេងមិនសូវលក់ដោយសារតែមានការរំខាន ពួកគេអាចនឹងទប់អារម្មណ៍មិនបាន ហើយក៏អាចឈ្លោះគ្នាផងដែរ។ ម្យ៉ាងទៀត ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យមនុស្សមិនសូវយល់ចិត្តចំពោះអារម្មណ៍របស់អ្នកដទៃ ដែលជារឿងសំខាន់ក្នុងទំនាក់ទំនង។ មិនត្រឹមតែប៉ុណ្ណឹងទេ ការគេងមិនលក់អាចចាប់ផ្តើមការឈ្លោះប្រកែកគ្នាកាន់តែច្រើន រវាងគូស្នេហ៍ពីរឿងតូចតាចបំផុត៕
ចែករំលែកព័តមាននេះ