ខេត្តឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃជាច្រើនគ្រឿង បានដឹកធ្យូងគគ្រឹកគគ្រេងតាមដងផ្លូវជាតិលេខ៥៨ជារៀងរាល់ថ្ងៃ យកទៅលក់ឱ្យឈ្មួញថៃ ដែលហាក់គ្មានការបង្ក្រាបឬទប់ស្កាត់នោះទេ ។ ការមានទស្សនៈធ្វើដូចនេះមិនមែនមានន័យថា ជាការចង់ធ្វើបាបពលរដ្ឋដែលមានរបរកាប់ឈើដុតធ្យូងលក់នោះឡើយ តែអ្វីដែលត្រូវតែហ៊ាននិយាយនោះ គឺមហន្តរាយព្រៃឈើពី១ថ្ងៃទៅ១ថ្ងៃ បានក្លាយជាសំណួរដែលអាចសួរបានថា តើការវិនាសហិនហោចដោយសារការកាប់ឈើដុតធ្យូងនេះបានរស់ដល់ពេលណា ?
ប្រជាពលរដ្ឋដែលមានទីលំនៅជាច្រើនគ្រួសារនៅតាមដងផ្លូវជាតិលេខ៥៨ បានផ្តល់បទសម្ភាសន៍ដល់ភ្នាក់ងារកោះសន្តិភាពថា ពួកគាត់តែងតែសង្កេតឃើញគោយន្តកន្ត្រៃជាច្រើនគ្រឿងដឹកធ្យូងដូចហែកឋិនទាំងយប់ទាំងថ្ងៃ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដែលទីនោះមានច្រករបៀងដែលអាចលក់ឱ្យឈ្មួញថៃ ។ កន្លងមក បើឈើណាធំៗគេកាត់ហើយយកទៅពុះច្រៀកលក់ឲ្យក្រុមឈ្មួញ ចំណែកឈើណាតូចៗគេកាប់បង្ហើយដឹកបញ្ចូលទៅក្នុងឡដុតធ្វើធ្យូង។
យោងតាមធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកដឹកធ្យូង បានឲ្យដឹងថា ពួកគាត់ដើរប្រមូលទិញនៅខេត្តព្រះវិហារ និងនៅក្នុងខេត្តឧត្តរមានជ័យ នេះ ។ ចំពោះការដឹកជញ្ជូននៅតាមដងផ្លូវ គឺពួកគាត់បានបង់ទៅឲ្យសមត្ថកិច្ចមួយកន្លែងៗចាប់ពី ១៥ ០០០រៀល ទៅ ២០ ០០០រៀល យកទៅលក់ឲ្យក្រុមឈ្មួញនៅឯក្រុងប៉ោយប៉ែត។ដោយឡែក អ្នកខ្លះដឹកលក់ឲ្យក្រុមឈ្មួញចាំទទួលទិញនៅតាមច្រកទ្វារតំបន់កម្ពុជា-ថៃ តែក្រុមឈ្មួញខ្មែរ ដឹកចេញទៅលក់ឲ្យក្រុមឈ្មួញថៃបន្តទៀតនោះ ក៏អាចថាបានដែរ ។
ទាក់ទិននឹងសកម្មភាពដឹកធ្យូងនេះ កោះសន្តិភាពបានទូរស័ព្ទជួបលោក អុឹម សៅរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។ លោកថ្លែងថា សកម្មភាពដឹកធ្យូងនេះ លោកបានធ្វើការបង្ក្រាបជាច្រើនករណីមកហើយ នាពេលកន្លងទៅ។បើនៅតែកើតមានសកម្មភាពនេះទៀត លោកនឹងចាត់ឲ្យមន្ត្រីជំនាញធ្វើការបង្ក្រាបបន្តទៀត ។
ប្រភពពីមន្ត្រីបម្រើការងារនៅច្រករបៀងព្រំដែន បានឲ្យដឹងថា មានឈ្មួញដែលជាសមត្ថកិច្ចហាក់តែងនាំធ្យូងទៅលក់ឲ្យឈ្មួញថៃ ។ ការដែលឈ្មួញអាចដឹកជញ្ជូនធ្យូងចេញទៅលក់នៅដីថៃ តាមច្រករបៀងព្រំដែនយ៉ាងគគ្រឹកគគ្រេង គឺពិតណាស់មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីខិលខូចផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងរលូន ។
ធ្យូងដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធំៗចំណុះរាប់សិបតោនចេញទៅថៃ គឺបានមកពីការប្រមូលទិញពីអ្នកដឹកធ្យូងទាំងបាវៗដែលប្រមូលទិញពីឡដុតធ្យូង ដែលគេកាប់ឈើមិនទាន់គ្រប់អាយុ ឬឈើទាំងតូចទាំងធំដែលសេសសល់ក្នុងព្រៃបង្កវិនាសអន្តរាយដោយចៀសមិនផុត ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា ដើម្បីផ្គត់ផ្គង់ទីផ្សារ«ធ្យូង»នៅប្រទេសថៃ ក្រុមឈ្មួញជាច្រើននាក់បាននាំគ្នាប្រើរថយន្តសាំយ៉ុងកែច្នៃ សម្រាប់ដឹកជញ្ជូននិងប្រមូលទិញ«ធ្យូង»តាមឡនានា រួចដឹកឆ្លងដែនទៅប្រទេសថៃ តាមច្រកព្រំដែន ។
ហេតុដែលនាំឱ្យពលរដ្ឋជាម្ចាស់ឡធ្យូងនីមួយៗ សម្រុកចូលកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល គឺដើម្បីកាប់ចូលឡដុតឱ្យក្លាយជា«ធ្យូង»សម្រាប់លក់ឱ្យឈ្មួញជាប្រចាំទាំងខួបប្រាំងខួបវស្សា ។
តាមប្រភពព័ត៌មានថា បានជាធ្យូងត្រូវប៉ាន់ឈ្មួញថៃប្រមូលទិញ ដោយសារនៅប្រទេសថៃគេការពារព្រៃបានល្អណាស់ មិនអនុញ្ញាតឱ្យកាប់អនាធិបតតេយ្យឡើយ ទើបឈ្មួញថៃសម្រុកមកទិញធ្យូងពីក្រុមឈ្មួញខ្មែរ ។
ជុំវិញបាតុភាពនេះ មជ្ឈដ្ឋាននានាសង្ឃឹមថា ឯកឧត្តមអភិបាលខេត្ត នឹងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបើកភ្លើងខៀវឱ្យឈ្មួញដឹកជញ្ជូន«ធ្យូង»ទៅប្រទេសថៃ នៅពេលយប់ តាមច្រកទ្វារព្រំដែនខាងលើ ព្រោះថាសកម្មភាពទាំងនេះកំពុងបង្កភាពហិនហោចព្រៃឈើ ដោយសារពលរដ្ឋជាម្ចាស់ឡធ្យូងនីមួយៗ សម្រុកកាប់បំផ្លាញព្រៃឈើ យកមកដុតឱ្យក្លាយជា«ធ្យូង»ដើម្បីលក់ឱ្យឈ្មួញ សម្រាប់ផ្គត់ផ្គង់ទីផ្សារធ្យូង នៅឯក្រៅប្រទេស ៕






ចែករំលែកព័តមាននេះ