ខេត្តស្ទឹងត្រែង ៖ គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅសាលាឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានតម្លៃប៉ាន់ស្មាន ចំនួន៤៥១,៦៥៣,២០០៛ (បួនរយហាសិបមួយលាន ប្រាំមួយរយហាសិបបីពាន់ ពីររយ រៀល) បានប្រព្រឹត្តទៅយ៉ាងរលូន កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដោយមានក្រុមហ៊ុន ចំនួន៦ ចូលរួមដាក់សំណើរដេញថ្លៃប្រកួតប្រជែងប្រកបទៅដោយរបៀបរាបរយ និងតម្លាភាព ។
យោងតាមសេចក្តីប្រកាសរបស់ឃុំអូររីស្រុកថាឡបរិវ៉ាត់ បានរៀបចំដាក់សំណើរដេញថ្លៃ កិច្ចសន្យាគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង០.៧៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង០.១៥ម៉ែត្រ ចាក់បំពេញស្មាផ្លូវសងខាងដោយគ្រួសធម្មជាតិ (ម្ខាង០.៥ម៉ែត្រ) ប្រើដែក១០មីលីម៉ែត្រ ម៉ាក VAS កម្លាំង ដែក២៩៥ Mpa ចន្លោះ ២០០មីលីម៉ែត្រ ស៊ីម៉ង់ត៍ម៉ាក K-Cement ក្រាលកៅស៊ូប្លាស្ទីកថ្លា មុនចាក់បេតុង និងថែទាំបេតុងដោយត្រេស្រោចទឹក និងគ្របប្លាស្ទីកថ្លា ឬបាវក្រចៅ សាងសង់លូមូលទោលមុខ កាត់១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន០២កន្លែង សាងសង់លូមូលភ្លោះមុខកាត់១ម៉ែត្រ ប្រវែង១៥ម៉ែត្រចំនួន០២កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន១ ថែទាំ រយៈពេល៦ខែ ក្នុងតម្លៃប៉ាន់ស្មាន ៤៥១,៦៥៣,២០០៛ (បួនរយហាសិបមួយលាន ប្រាំមួយរយហាសិបបីពាន់ ពីររយ រៀលគត់) ។
សំណើរដេញថ្លៃកិច្ចសន្យា សាងសង់ផ្លូវបេតុងអាមេ បានចាប់ផ្តើមទទួលសំណើរ នៅវេលាម៉ោង៩និង០០នាទី និងបញ្ចប់ការទទួលសំណើរនៅវេលាម៉ោង៩និង១០នាទី និងបើកសំណើរដេញថ្លៃនៅវេលាម៉ោង៩និង១០នាទី ដោយមានក្រុមហ៊ុនចំនួន៦ បានចូលរួមដាក់សំណើរប្រកួតប្រជែងដោយតម្លាភាព ។
ជាលទ្ធផលក្រុមហ៊ុន ផន ប៊ុនថុង ទទួលបានជ័យជំនះ ក្នុងតម្លៃទឹកប្រាក់ទាបបំផុតទី១ សរុប ២៣៣,៧០០,០០០រៀល ។ ក្រុមហ៊ុន ជាមករ៉ាស៊ី តម្លៃទាបទី២. ២៥០,៤២៩,០០០រៀល ។ ក្រុមហ៊ុន អេចប៊ីរីសាសន៍ តម្លៃទាបទី៣. ២៥៦,៤៥០,០០០រៀល។ ក្រុមហ៊ុន ជ្រើស ម៉ាប់ តម្លៃទាបទី៤. ២៦៣,០០០,០០០រៀល។ ក្រុមហ៊ុន ឆុន ស្រៀង តម្លៃទាបទី៥. ៣០៨,៦០០,០០០រៀល។ និងក្រុមហ៊ុនសន ចំរើន តម្លៃទាបទី៦. ៣១៤,៥០០,០០០រៀល ។
លោក ថៃ ឆី មេឃុំអូររី បានមានប្រសាសន៍ថា លោកមានអារម្មណ៍សប្បាយចិត្ត នៅព្រឹកថ្ងៃទី២៥ មីនា ២០២៥នេះ មានក្រុមហ៊ុនទទួលការចំនួន ៦ បានចូលរួមដាក់សំណើដេញថ្លៃ ។
លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនណាដាក់សំណើទាបជាងគេ ឃុំនឹងផ្ដល់អាទិភាពភាព យកក្រុមហ៊ុននោះ។ ហើយការដេញថ្លៃនោះ បានធ្លាក់ចុះ៥០ភាគរយ ។ លោកបន្តទៀតថា ចំនួននេះ បានផ្ដល់ឲ្យឃុំសល់លុយ ដែលនៅសល់ ដើម្បីដាក់សំណើអោយមានការចូករួម បន្តគម្រោងជាលើកទី២ ទៀត ៕


ចែករំលែកព័តមាននេះ