រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូឆ្លងខេត្តចេញពីក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅធ្វើសកម្មភាពឆក់ទូរសព្ទដៃ ១គ្រឿង ពីបុរសអ្នកសិល្បករម្នាក់ដែលកំពុងធ្វើដំណើរតាមផ្លូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពេលឆក់បានសម្រេច បានព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែប៉ះចំថ្ងៃស៊យ បានជួបនគរបាល កំពុងល្បាតនៅតាមផ្លូវនោះដែរ ហើយក៏ត្រូវនគរបាលឃាត់ខ្លួនបានទាំង២នាក់ តែម្ដង ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១៨និង២០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូងនៅត្រង់ចំណុចមុខរោងចក្រស្រាបៀរកម្ពុជា ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះ ដាវ សាន់ឆាយ អាយុ១៦ឆ្នាំ ឈប់រៀនហើយមានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ម្នាក់ទៀតឈ្មោះ ផល សុវណ្ណារ៉ា អាយុ១៦ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិក្រពើហា ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយឃាត់ខ្លួននគរបាល ដកហូតម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CS-0869 , ទូរសព្ទដៃ ១គ្រឿង ម៉ាក I Phone 12Pro Max ។
ដោយឡែក បុរសរងគ្រោះឈ្មោះ ជ.ជ អាយុ៣៦ឆ្នាំ មុខរបរអ្នកសិល្បករ ប៉ុន្តែពុំបានបញ្ជាក់ថា ជាអ្នកសម្ដែង ឬអ្នកចំរៀង ឬក៏ជាអ្នកកំប្លែងនោះឡើយ មានទីលំនៅផ្ទះលេខ១៣៧ ផ្លូវលេខ០២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកHONDA ZOOMER-X ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1Q-7858 ចេញពីធ្វើការនៅស្ថានីយ៍ទូរទស្សន៍-វិទ្យុ បាយ័ន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ទៅផ្ទះ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ គាត់បានដកទូរសព្ទដៃ ០១គ្រឿងម៉ាក I Phone ១២ Pro Max ចេញពីក្នុងហោប៉ៅខោខាងឆ្វេង មកចុចឆាតទៅកាន់មិត្តភក្កិ ។ ពេលនោះ ក៏ស្រាប់តែជនសង្ស័យជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0869ទៅដល់ធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកខាងលើបានសម្រេច ។
នគរបាល ប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពេលឆក់បានសម្រេចជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួន ប៉ុន្តែប៉ះចំថ្ងៃស៊យ បានជួបកម្លាំងនគរបាលខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតតាមផ្លូវនោះដែរ ហើយនគរបាល ក៏បានដេញតាមឃាត់ខ្លួនបានទាំង២នាក់ភ្លាមៗតែម្ដង ។ ដោយបានដកហូតបានទូរសព្ទ ប្រគល់ជូនជនរងគ្រោះវិញ បន្ទាប់មកបាននាំជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ