ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​ពី​ព្រលប់ ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង ប្តី​ដុត​ផ្ទះ​ឆេះ​ហ្មត់

3 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ០១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កើត​មាន​ករណី​អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ​មួយ ដោយ​បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នក​ជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ជនសង្ស័យ​ជា​ប្តី មានឈ្មោះ ភាន់ ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ រីឯ​ប្រពន្ធ​ឈ្មោះ វី ស៊ី​ណែ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រលប់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ប្តី​ប្រពន្ធ ២​នាក់​នេះ បាន​ទៅ​លេង​ផ្ទះ​បងប្រុស នៅ​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ក៏​កើត​មាន​ជម្លោះ​ឈ្លោះ​ទាស់ទែង​គ្នា ពេល​នោះ​ប្រពន្ធ​បាន​ជិះ​ម៉ូតូ ទៅ​ប្ដឹង​ប្រធាន​ភូមិ ដើម្បី​ឲ្យ​ប្រធាន​ភូមិ បានដឹង និង​ចាត់វិធានការ​លើ​ប្តី ដែល​ប្រើ​អំពើ​ហិ​.​ង្សា​មក​លើ​ខ្លួន​ជា​ប្រពន្ធ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​ប្តឹង​ប្រធាន​ភូមិ​រួច ប្រពន្ធ​មិន​បាន​ទៅ​ដេក​ផ្ទះ​វិញ​ទេ គឺ​ទៅ​សម្រាក​នៅផ្ទះ​អ្នក​ជិតខាង ដែល​ស្គាល់គ្នា ដោយ​មិន​ទុកចិត្ត​ខ្លាច​ប្តី ប្រើ​អំពើ​ហិ​.​ង្សា​បន្ថែម​ទៀត ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៥ ប្រពន្ធ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ហ្មត់ គ្មាន​សល់​អ្វី​ទាំងអស់ ភ្លាម​នោះ ប្រពន្ធ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ប្រធាន​ភូមិ​ម្តងទៀត ដើម្បី​រាយការណ៍ ករណី​ភ្លើង​ឆេះ​ផ្ទះ ។ នៅ​ពេល ប្រពន្ធ​ទៅ​ដល់​ផ្ទះ​ប្រធាន​ភូមិ ស្រាប់តែ​ឃើញ​ប្តី នៅ​ទីនោះ​ដែរ ខណៈនោះ ប្រពន្ធ​មិន​ទាន់​បាន​រៀបរាប់​ករណី​ភ្លើង​ឆេះ​ផ្ទះ ផង​! លោក​ប្តី​ពោល​ពាក្យ​ថា “​អញ​ដុត​ផ្ទះ កាលពី​យប់មិញ​” ។ បន្ទាប់​មក ប្ដី​ប្រពន្ធ​ពីរ​នាក់​នោះ ក៏​ឈ្លោះប្រកែក​គ្នា​ទៀត ហើយ​ប្ដី​បាន​ស្ទុះ​ទៅ​វាយតប់​ប្រពន្ធ ចំនួន​២ ទៅ​៣​ដៃ ចំ​លើ​ផ្ទៃមុខ បណ្តាល​ឈឺ​ចុកចាប់ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឃើញ​ទ​ង្វើ និង​សកម្ម​ភាពបុរស​ជា​ប្តី បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​គ្រួសារ រួម​ទាំង​ដុត​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​ខ្លួន ឯង ឆេះ​ហ្មត់​យ៉ាង​ដូច្នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ និង​ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ