ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ខឹង​សុំ​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​មិន​បាន យក​សាំង​ចាក់​ដុត​ខ្លួន និង​កូនស្រី ​នៅ​ស្រុក​កោះធំ

3 ថ្ងៃ មុន

ខេត្តកណ្តាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ អស់​រយៈពេល​២១​ថ្ងៃ ពាក់ព័ន្ធ​ករណី​ដុត​ស​ម្លា​.​ប់​កូន កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ ។…

ខេត្តកណ្តាល ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ អស់​រយៈពេល​២១​ថ្ងៃ ពាក់ព័ន្ធ​ករណី​ដុត​ស​ម្លា​.​ប់​កូន កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ ។

សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បន្ទាប់​ពី​ជនសង្ស័យ​ចេញពី​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈពេល ២១​ថ្ងៃ ។

ជនសង្ស័យ​មានឈ្មោះ នូវ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្តាល មានមុខ​របរ ជា​កសិករ ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​ដែកកេះ​ប្រើ​ហ្គា​ស ព​ណ៍​ស្វាយ​ចំនួន​០១​ដើម​, ដប​ទឹក​សុទ្ធ​ចំនួន​០១​ដប (​មាន​ចំណុះ​កន្លះ​លី​ត្រ ដែល​បាន​ច្រក​សាំង​យក មក​ដុត​ខ្លួនឯង​), ម៉ូតូ​ហុងដា​ទ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០០៨ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1A 7492 ជា​មធ្យោបាយ​របស់​ជនសង្ស័យ ។

ចំណែក​ជន​រង​គ្រោះ ជា​កូន​មានឈ្មោះ រ​ដ្ឋា ម៉ា​រី ភេទ​ស្រី អាយុ​១​ឆ្នាំ និង​៧​ខែ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ក្បាល​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្តាល ។ កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​ប្រចាំ​កោះសន្តិភាព​ឲ្យ​ដឹង​ថា រយៈកាល​កន្លង​មក ជនសង្ស័យ​ឈ្មោះ នូវ រ​ដ្ឋា (​ដែល​ត្រូវជា​ឪពុក​របស់​ជន​រង​គ្រោះ​) ចំណែក ប្រពន្ធ​ឈ្មោះ រិ​ន សា​ម៉េ​ត (​ដែល​ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​) គឺ​តែងតែ​មានរឿង​ទំនាស់​នៅ​ក្នុង​គ្រួសារ ជា​ប្រចាំ ដោយ​ជនសង្ស័យ​ជា​ប្តី តែងតែ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា វៃ​.​តប់​ទៅ​លើ​ប្រពន្ធ កូន​ជា​ញឹក​ញ៉ាប់ និង​និយាយ​គំរាមកំហែង​ថា ចាក់​ស​ម្លា​.​ប់​ចោល ហើយ​ដុត​ផ្ទះ​ចោល​ទៀត​ផង​។ ហើយ​ប្រពន្ធ​របស់​ជនសង្ស័យ ក៏​ធ្លាប់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង សុំ​លែងលះ​គ្នា​នៅ​សាលាឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្តាល ម្តង​រួច​មក​ហើយ​តែ​មិន​បាន​ដាច់ស្រេច​នោះ​ទេ ដោយសារ​តែ​ជនសង្ស័យ​ជា​ប្តី មិន​បាន​យល់ព្រម​ផ្តិត​មេដៃ​លែងលះ​គ្នា​នោះ​ទេ ។

ចាប់តាំងពី​ពេល​នោះ​មក ប្រពន្ធ​របស់​ជនសង្ស័យ ក៏​បាន​សម្រេចចិត្ត នាំ​យក​កូនស្រី ចំនួន​០៣​នាក់ យក​ទៅ​រស់នៅ​ផ្ទះ​ជាមួយ​ម្តាយ ឪពុក​បង្កើត ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ជ្រោយ​តាកែវ ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ។ ហើយ​ប្រពន្ធ​បាន​ចូល​ទៅ​បម្រើ​ការងារ​កាត់ដេរ​នៅ​សិប្បកម្ម​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​កំពង់ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ដើម្បី​បាន​លុយ​ខ្លះមក​ចិញ្ចឹម​កូនស្រី ០៣​នាក់ និង​ឪពុក​ម្តាយ នៅ​ឯ​ផ្ទះ ។

លុះ​មក​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ ២០២៥ វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច ជនសង្ស័យ​ជា​ប្តី បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ទ្រី​ម​សង់ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង​1A-7492 ដោយ​បាន​ជិះ ទៅ​ឌុ​ប​កូនស្រី ឈ្មោះ រ​ដ្ឋា ម៉ា​រី អាយុ​១​ឆ្នាំ​៧​ខែ ចេញពីផ្ទះ​ម្តាយ​ក្មេង​មក​ជាមួយ​ផង​ដែរ ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ខាង​មុខ​កន្លែងធ្វើការ​របស់​ប្រពន្ធ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ ហើយ​បាន​ដើរ ពកូន​ស្រី មក​ស្រែកហៅ​ប្រពន្ធ​ឲ្យ​ចេញពី​កន្លែងធ្វើការ ក្នុង​គោលបំណង​ហៅ​ប្រពន្ធ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ពេល​នោះ ប្រពន្ធ ក៏​បាន​ដើរ​ចេញ​មក​ពី​កន្លែងធ្វើការ ដើម្បី​មក​ជួប​ប្តី នៅ​ខាង​មុខ​កន្លែងធ្វើការ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១ ស្រាប់តែ​អ្នក​ទាំង​ពីរ ក៏​មាន​ទំនាស់​ពាក្យ​សំដី​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជនសង្ស័យ​បាន​និយាយ​«​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​» ដោយ​ឲ្យ​ប្រពន្ធ និង​កូន​ទៅ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​វិញ​ដូច​ដើម ប៉ុន្តែ​ប្រពន្ធ​គាត់​មិន​យល់ព្រម​នោះ​ទេ ហើយ​ក៏​បាន​ដើរទៅ​ឆក់​យក​កូនស្រី ចេញពី​ដៃ​របស់​ជនសង្ស័យ តែ ជនសង្ស័យ​មិន​ព្រម​ប្រគល់​កូនស្រី​ឲ្យ​នោះ​ទេ នៅ​ពេល​នោះ ប្រពន្ធ​របស់​ជនសង្ស័យ ក៏​បាន​ដើរទៅ​ហៅ​អ្នក​ជិតខាង ឲ្យ​មក​ជួយ​នាំ​យក​កូនស្រី​ចេញពី​ដៃ​របស់​ជនសង្ស័យ​ជា​ប្តី ភ្លាម​ៗ​នោះ ស្រាប់តែ​ជនសង្ស័យ​កើត​ចិត្ត​ខឹង បានរ​ត់ទៅ​ទាញ​យក​ដប​សាំង ដែល​លាក់​ទុក​លើរាន​ម៉ូតូ ចំនួន​០១ ដប​ទឹក​សុទ្ធ យក​មក​ស្រោច​ចាក់​លើ​ខ្លួនប្រាណ ហើយ​បាន​ខ្ទាត​ប្រេងសាំង​ទាំង​អស់នោះ ប៉ះ​ទៅ​លើ​ដងខ្លួន​របស់​កូនស្រី​បង្កើត ដែល​បាន​ព​ជាប់ដៃ​ខាងឆ្វេង ហើយ​ជនសង្ស័យ ក៏ បាន​ទាញ​យក​ដែកកេះ​ហ្គា​ស ចេញពី​ក្នុង​ហោប៉ៅ​ខោរ យក​មក​កេះ​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​ភ្លើង​ឆេះឆាប​អ្នក​ទាំង​ពីរ តែ​ម្តង ។

ភ្លាម​នោះ បុគ្គលិក​សន្តិសុខ​កំពុង​តែ​យាម​នៅ​ធនាគារ​ក្បែរ​ទីតាំង​កន្លែង​កើតហេតុ ក៏​បាន​នាំ​គ្នា ទាញ​យក​បំពង់​ពន្លត់​អគ្គិភ័យ​យក​មក​ជួយ​បាញ់​ពន្លតភ្លើង រហូត​ដល់​រលត់​ភ្លើង​អស់​តែ​ម្តង ។ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​កូនស្រី បាន​រង​របួស​ធ្ងន់ធ្ងរ​រលាក​ពេញ​ដងខ្លួន ពេល​នោះ​ម្តាយ​បាន​ដឹក​យក​កូនស្រី​យក​ទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់ នៅ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ដោយសារ​តែ​ស្ថានភាព​កុមារ​រង​គ្រោះ​រលាកភ្លើង​ខ្លាំង​ពេក ទើប​លោកគ្រូ​ពេទ្យ​បាន​ដឹក​បញ្ជូន​កុមារ​រង​គ្រោះ​យក​ទៅ​ព្យាបាល​បន្ត​នៅ​ឯ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រាជធានី​ភ្នំពេញ ។ ចំណែក​ជនសង្ស័យ​ខាងលើ គឺ​ត្រូវ​បាន​បងប្អូន​អ្នក​ជិតខាង ដឹក​បញ្ជូន​យក​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​តេ​ជោ​សែន​កោះធំ ។

បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ អស់​រយៈពេល​២១​ថ្ងៃ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ។ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំ​ទៅ​កាន់​តុលាការ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ