ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Tiger Woods ប្រកាស​ដោយ​ផ្ទាល់​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​កូនប្រសា​រលោក ត្រាំ

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក Tiger Woods បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​បញ្ជាក់​ថា លោក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី Vanessa Haydon ដែល​ជា​អតីត​កូនប្រសារ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក ៖ កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក Tiger Woods បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​បញ្ជាក់​ថា លោក​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី Vanessa Haydon ដែល​ជា​អតីត​កូនប្រសារ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump)​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥​។

អ្នកស្រី Vanessa អាយុ​៤៧​ឆ្នាំ​បាន​រៀប​ការ​ជាមួយ​លោក Donald Trump Jr ដែល​ជា​កូនប្រុស​ច្បង​របស់​លោក ត្រាំ អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ពោល​តាំងពី​ឆ្នាំ ២០០៥ និង​លែងលះ​គ្នា​នៅ​ឆ្នាំ ២០១៨ ដោយ​អ្នក​ទាំង​ពីរ​មានកូន​ចំនួន​៥​នាក់​ជាមួយ​គ្នា​។

ទោះ​យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកស្រី Vanessa បាន​លេច​វត្ត​មាននៅ​លើ​ការ​ចេញផ្សាយ​របស់​បណ្តាសារ​ព័ត៌មាន​ធំ​ៗ​នៅ​អា​មេ​រិ​ក ជុំវិញ​ទំនាក់ទំនង​ស្នេហា​ជាមួយ​កំពូល​កីឡាករ​វាយ​កូន​ហ្គោ​ល​អា​មេ​រិ​ក លោក Tiger Woods បន្ទាប់​ពី​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ជា​បន្តបន្ទាប់​រវាង​អ្នក​ទាំង​ពីរ​។

យ៉ាងណា​ក៏​ដោយ កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន លោក Tiger Woods ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៤៩​ឆ្នាំ បាន​បង្ហោះ​រូបភាព​លោក ជាមួយ​អ្នកស្រី Vanessa នៅ​លើ​គណនី​សង្គម ដើម្បី​ប្រកាស​អំពី​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ជា​ផ្លូវការ​។ គេ​មិន​ច្បាស់​ថា​អ្វី​ដែល​ជំរុញ​ឱ្យ​លោក​ប្រកាស​ជា​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​អំពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​ច្រើន​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

កន្លង​មក ប្រភព​ពី​អ្នក​ស្និទ្ធ​នឹង​គ្រួសារ​លោក ត្រាំ បាន​ប្រាប់​សារព័ត៌មាន People ថា កូនប្រុស​លោក ត្រាំ មិន​បាន​ប្រកាន់​អូស​ដំណើរ​នឹង​ការ​ណាត់ជួប​របស់​អតីត​ប្រពន្ធ​ជាមួយ​លោក Tiger Woods នោះ​ទេ​។ ស្រប​ពេល​ប្រភព​មួយទៀត​ក៏​បាន​ប្រាប់​សារព័ត៌មាន Page Six ថា សូ​ម្បី​តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ណាត់ជួប​ដែល​ឈាន​ទៅ​ដល់​ទំនាក់ទំនង​ស្នេហ៍​ថ្មី​របស់​អតីត​កូនប្រសារ​ស្រី​របស់​លោក​ផង​ដែរ​។

លោក Tiger Woods និង Vanessa ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជាមួយ​គ្នា​ជា​សាធារណៈ កាលពី​ខែ​មុន នៅ​ព្រឹត្តិការណ៍​វាយ​កូន​ហ្គោ​ល Genesis Invitational របស់​កម្មវិធី PGA Tour នៅ​ទីលាន Torrey Pines ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ព្រមទាំង​មានកូន​ស្រី​អាយុ​១៧​ឆ្នាំ​របស់ Vanessa ឈ្មោះ Kai ដែល​ស្រឡាញ់​កីឡា​វាយ​កូន​ហ្គោ​ល​ដូច​ជីតា​ខាង​ឪពុក​របស់​នាង នៅ​ទីនោះ​ជាមួយ​ផង​ដែរ​។ កូន​របស់​លោក Tiger Woods ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​រៀន​នៅ​សាលា​ដូច​គ្នា​នឹង Kai ផង​ដែរ​។ លើស​ពី​នេះ​ទៀត មិន​ត្រឹមតែ Kai ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​បងប្អូន​បង្កើត​ទាំង​បួន​នាក់​របស់​នាង ក៏​បានដឹង​ឮ​ពី​ទំនាក់ទំនង​របស់​ម្តាយ​ពួក​គេ​ជាមួយ Tiger Woods ផង​ដែរ​។

លោក Tiger Woods គឺជា​កីឡាករ​វាយ​កូន​ហ្គោ​ល​អាជីព​អា​មេ​រិ​ក​ដ៏​លេចធ្លោ​ខ្លាំង​បំផុត ដោយ​ឈ្នះ​ពានរង្វាន់​កម្មវិធី PGA Tour ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​៨២​ដង ស្មើ​កំណត់​ត្រា​ជាមួយ​លោក Sam Snead ដែល​បាន​ទទួលអនិច្ចកម្ម កាលពី​ឆ្នាំ ២០០២​។ Woods ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កីឡាករ​វាយ​កូន​ហ្គោ​ល​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេល និង​ជា​អត្ត​ព​លិ​ក​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​នា​សម័យ​ទំនើប​។ លោក​ក៏​ទទួល​បាន​មេដាយ​នៃ​សេរីភាព ដែល​ជា​កិត្តិយស​ថ្នាក់ខ្ពស់​បំផុត​របស់​ជន​ស៊ី​វិល កាលពី​ខែឧសភា ឆ្នាំ​២០១៩ បំពាក់​ដោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អំឡុង​ពេល​អាណត្តិ​ទី​១​របស់​លោក​។

យោង​តាម​ទ​ន្និ​ន័យ​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម Forbes បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​លោក Tiger Woods សរុប​មាន​ចំនួន ១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៥ ដែល​រកបាន​ពី​អាជីព​វាយ​កូន​ហ្គោ​ល និង​ដៃគូ​សហការ​ជា​ច្រើន​។

ដោយឡែក អ្នកស្រី Vanessa ក្នុង​នាម​ជា​អតីត​ភរិយា​កូនប្រុស​ច្បង​របស់​លោក ត្រាំ ធ្លាប់​ជា​អ្នកចូលរួម​ជា​ទៀងទាត់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្លូវការ ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​លោក ត្រាំ អំឡុង​ពេល​អាណត្តិ​ដំបូង​របស់​លោក​ក្នុង​តំណែង​ប្រធានាធិបតី​។

អំឡុង​ទស​វត្ស​ឆ្នាំ ១៩៩០ ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ Vanessa គឺជា​តារា​បង្ហាញ​ម៉ូត​ដោយ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Wilhelmina Models ហើយ​ក្នុង​នាម​ជា​តារា​សម្តែង​វិញ Vanessa បាន​បង្ហាញខ្លួន​ក្នុង​ឈុត​មួយ​នៃ​ខ្សែភាពយន្ត Something’s Gotta Give ឆ្នាំ ២០០៣​។ នៅ​ឆ្នាំ ២០១១ Vanessa ក៏​បាន​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍ The Apprentice ដែល​រៀបចំ​ឡើង​ដោយ​ឪពុកក្មេក​របស់​អ្នកស្រី​។ នៅ​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៣ អ្នកស្រី​បាន​បញ្ចេញ​ម៉ាក​កាបូប​ផ្ទាល់ខ្លួន​ផង​ដែរ ដែល​មានឈ្មោះ​ថា La Poshett៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ