រាជធានីភ្នំពេញ ៖ សមត្ថកិច្ចរបស់កម្ពុជាបានបន្តបណ្តេញជនជាតិវៀតណាម ដែលលួចរស់នៅដោយខុសច្បាប់នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជាចំនួន២៩នាក់ ។

តាមអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបណ្តេញជនជាតិវៀតណាម ចំនួន២៩នាក់ (ស្រី១០ នាក់) ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពតពីបទស្នាក់នៅ និងធ្វើការងារខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងចំណោមនោះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនជាតិវៀតណាម២១នាក់ (ស្រី ១០នាក់) ពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង៨ នាក់ (ប្រុស) ពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តកំពត ។

ការបណ្តេញនេះ បង្ហាញពីការអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងតឹងរ៉ឹងរបស់កម្ពុជា ដើម្បីទប់ស្កាត់ការស្នាក់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេស ។
សូមជម្រាបថា សមត្ថកិច្ចកម្ពុជាតែងតែបណ្ដេញជនជាតិវៀតណាមដែលរស់នៅដែលខុសច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជាជាបន្តបន្ទាប់ ៕



ចែករំលែកព័តមាននេះ