ខែមីនា ACU បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពីបទប្រព្រឹតិអំពើពុករលួយ
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា ACU នៅខែមីនា ឆ្នាំ ២០២៥ បានដំណើរការពិនិត្យ វិភាគ…
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា ACU នៅខែមីនា ឆ្នាំ ២០២៥ បានដំណើរការពិនិត្យ វិភាគ…
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅថា ACU នៅខែមីនា ឆ្នាំ ២០២៥ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹង ដែលមានក្នុងខែ សរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំនុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូប ទៅតុលាការ ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន មុនពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៣ លើកទី៤៥ នាសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥នេះ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្ត្រីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ៖ក្នុងករណីរឿងពាក់ព័ន្ធអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក ចោទប្រកាន់ពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែងក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលប្រព្រឹត្តក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងព្រះវិហារកាលពីឆ្នាំ២០២៣ និងករណីសំណុំរឿងការប្រឡងក្នុងរាជធានីភ្នំពេញ ។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះបានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ករណីពាក់ព័ន្ធការប្រឡង ។ ក្រៅពីនេះក៏បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និងឈ្មោះ ហ៊ាវ ខន មន្ត្រីយោធា “ក២” នៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់ សរុប ចំនួន ១,២លានដុល្លារ។ លើអង្គហេតុ ចំនួន៣ ក្នុងនោះអង្គហេតុប៉ៃលិន ទី១ ទទួលបាន៤០ម៉ឺនដុល្លារ អង្គហេតុរ៉ែមាសខេត្តព្រះវិហារ (ទារប្រាក់ ៥លានដុល្លារ តែមិនជោគជ័យ) និងអង្គហេតុប៉ៃលិន ទី២ ទទួល បានប្រាក់ ៨០ម៉ឺនដុល្លារ ដែលជាចេតនាទុច្ចរិតពិតប្រាកដ នៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ុន សារឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត ។
ឯកឧត្តម បានថ្លែងដោយបញ្ជាក់ថា អ្នកទាំង៣ បាន បង្កើត រៀបចំតាក់តែង ឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន ដើម្បីប្រើប្រាស់បង្កើត សិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែ នៅក្នុងអង្គហេតុទាំង៣ ។
បើតាមឯកឧត្តម សយ ច័ន្ទ វិចិត្រ បានឱ្យដឹងថា អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួន ហើយជនជាប់សង្ស័យទាំងអស់ កំពុងស្ថិតក្នុងពន្ធនាគារ ។
សូមរំលឹកថាក្នុងអំឡុងចុងឆ្នាំ២០២៤ កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយបានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយ ទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត។ ករណីលោក មួង ឃីម អតីតឧត្តមសេនីយ៍ផ្កាយ៣, ឧកញ៉ា អ៊ុត ធី ដែលត្រូវបានគេស្គាល់ជាថៅកែឡាន ដឹកខ្សាច់, លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងលោក ដួង ដារ៉ា ដែលជាអតីតរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
ចំណែកនៅដើមឆ្នាំ២០២៥ នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ២នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងរួចមកហើយផងដែរ ៕
ចែករំលែកព័តមាននេះ