ខេត្តកំពត ៖ អ្នកកាសែតអនឡាញចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពតធ្វើការឃាត់ខ្លួនបន្ទាប់ពីអ្នកកាសែតទាំង3រូបនោះ ធ្វើសកម្មភាពផ្សាយព័ត៌មានពីបញ្ហាការបង្ហូរទឹកកខ្វក់ចេញពីកាស៊ីណូដែលមានឈ្មោះកាស៊ីណូខ្ញុំ ចូលក្នុងប្រឡាយនិងចាក់សំរាមនៅខាងក្រោយកាស៊ីណូខ្ញុំ កាលពីថ្ងៃទី១៣ មីនា ឆ្នាំ២០២៥ កន្លងមក និងបានផ្តិតរូបភាពផ្ញើជូនលោកអភិបាលស្រុកកំពង់ត្រាច និងឯ.ឧ អភិបាលខេត្តកំពត ហើយបន្ទាប់មកបានក៏បង្ហោះលើផេកសារព័ត៌មានរបស់ខ្លួន
(កំពតដេលី)ដោយសំណូមពរមន្ទីរបរិស្ថានខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តម ម៉ៅ ធានិន អភិបាលខេត្តកំពតឲ្យជួយត្រួតពិនិត្យមើលផង ។

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានខាងលើរួចមក នៅថ្ងៃទី១៧ មីនា ក៏មានទូរសព្ទ័តំណាងក្រុមហ៊ុនកាស៊ីណូបានខលមកក្រុមអ្នកសារព័ត៌មានដែលចុះផ្សាយនោះថា សូមស្ងាត់ទៅឈប់បង្ហោះទីតាំងចាក់សំរាមនោះទៀតទៅ ចាំគេជួយថ្លៃសាំងខ្លះពេលនោះអ្នកកាសែត (កំពតដេលី) បានសួរទៅអ្នកខលទូរសព្ទ័មកនោះថា ជួយរបៀបម៉េចគេប្រាប់ថា ជួយមួយពាន់ដុល្លារ អ្នកកាសែតរូបនោះបានប្រាប់វិញថា ពេលចុះទៅផ្សាយនោះមិនមែនតែមួយស្ថាបន័ទេ គឺមានពីរស្ថាប័ន ហើយសុំឲ្យជួយ២ពាន់ដុល្លារ ទើបយក ។

ពេលនោះ តំណាងក្រុមហ៊ុនថា បើអ៊ីចឹងចាំគាត់ជួយ២ពាន់ដុល្លារ ។ អ្នកកាសែតប្រាប់ថា បើបងជួយខ្ញុំ ខ្ញុំយល់ព្រមឈប់ចុះផ្សាយបន្តទៀត ។ នេះតាមចម្លើយសារភាពរបស់អ្នកកាសែតឈ្មោះទន់ ម៉ូវ ដែលជាចាងហ្វាងសារពត៌មាន(កំពតដេលី) ។ បន្ទាប់ពីមានការបង្ខំទារប្រាក់ពីសំណាក់អ្នកកាសែតនោះរួចមក តំណាងក្រុមហ៊ុនកាស៊ីណូមានការថ្នាំងថ្នាក់ដោយសារការគំរាមទារប្រាក់ចំនួន២០០០ដុល្លារជាផ្នូរនឹងការឈប់ចុះផ្សាយព័ត៌មាននោះ ។ ពេលនោះ តំណាងក្រុមហ៊ុនកាស៊ីណូក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ចពីបទគំរាមទារប្រាក់ចំនួន២០០០ដុល្លារ ហើយក៏ណាត់ឲ្យភាគីខាងសារពត៌មានឲ្យមកជួប ដើម្បីប្រគល់ប្រាក់ឲ្យនៅកន្លែងណាមួយ ។

លុះដល់ថ្ងៃទី២០ មីនា២០២៥ វេលាម៉ោង១៦ និង៣០នាទីរសៀល យោងតាមពាក្យបណ្តឹងកម្លាំងសមត្ថកិច្ចបានសហការជាមួយដើមបណ្ដឹងចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នៅចំណុចកាហ្វេកីឡាមួយកន្លែង ក្នុងភូមិស្លាបតោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈជនសង្ស័យកំពុងទទួលប្រាក់ពីដើមបណ្តឹង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះទន់ ម៉ូវ ជាចាងហ្វាងកាសែតកំពតដេលីបានសារភាពថា ខ្លួនពិតជាបានទារប្រាក់ចំនួន២០០០ដុល្លារ ពីតំណាងក្រុមហ៊ុនកាស៊ីណូខ្ញុំ ជាផ្នូរនិងការបញ្ឈប់ផ្សាយព័ត៌មានពិតប្រាកដមែន ។

ជាមួយគ្នានេះ សមត្ថកិច្ចបានរំលឹកឲ្យដឹងថា ជនសង្ស័យជាអ្នកសារព័ត៌មានអនឡាញទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម÷ ទី១-ឈ្មោះទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ ជាចាងហ្វាងសារព័ត៌មានកំពតដេលី ទី២-ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ៣២ឆ្នាំ ជានិពន្ធនាយកសារពត៌មានកំពតដេលី។ ទី៣- ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៥ឆ្នាំ ជាចាងហ្វាងសារព័ត៌មានអធិរាជសំឡេងចៅកំសត់និងជាពិធីការិនី ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ រួមទាំងប្រមូលបានវត្ថុតាងរួចមក សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ។ សូមបញ្ជាក់ថា សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនទាំង៣នាក់ជាប់ចោទពីបទកំហែងយក ៕

ចែករំលែកព័តមាននេះ