រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ម៉ូតូរងគ្រោះធ្វើការឃាត់ខ្លួនបាន នៅផ្ទះសំណាក់៣ដុល្លារ ផ្លូវវេងស្រេង បន្ទាប់ពីលួចម៉ូតូបានសម្រេច នៅសង្កាត់ដង្កោ យកទៅលក់ចាយលុយអស់ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ស្ថិតចំណុចផ្ទះសំណាក់៣ដុល្លារ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ លី ផល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ យីន សីហា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការងាររោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ម៉ូតូដែលជនសង្ស័យលួចម៉ាកស៊ុយស៊ីគីនិច ស្លាកលេខភ្នំពេញ1LK-9347 ។

តាមការបញ្ជាក់ពីបុរសម្ចាស់ម៉ូតូរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៥ជិតភ្លឺ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ខណៈជនរងគ្រោះទុកម៉ូតូនៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាន់ក្រោមផ្ទាល់ដី រួចហើយម្ចាស់រងគ្រោះឡើងទៅបន្ទប់ជួលនៅជាន់ខាងលើមួយភ្លែត ស្រាប់តែចុះមកវិញក៏ត្រូវបានជនសង្ស័យលួចយកម៉ូតូទៅបាត់ស្រមោល បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូរបស់ខ្លួន ។

លុះវេលាម៉ោងកើតហេតុខាងលើ មានពលរដ្ឋប្រទះឃើញជនសង្ស័យកំពុងនៅម្ដុំផ្ទះសំណាក់៣ដុល្លារ ផ្លូវវេងស្រេង ពេលនោះក៏ទាក់ទងទូរស័ព្ទទៅប្រាប់ជនរងគ្រោះបន្ទាប់ពីទទួលដំណឹងភ្លាម បុរសម្ចាស់ម៉ូតូបានឲ្យមិត្តភក្ដិឌុបមកទីតាំងខាងលើភ្លាម រួចហើយក៏ឃើញជនសង្ស័យឈរនៅមុខផ្ទះសំណាក់ធ្វើការចាប់ឃាត់ខ្លួនទុក រួចប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍នាំយកទៅប៉ុស្តិ៍សួរ
នាំ ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យបានសារភាពថា ខ្លួនបានលួចយកម៉ូតូទៅលក់នៅបឹងបានលុយចំនួន៣០០ដុល្លាររួចហើយចែកគ្នាចាយវាយអស់ជាមួយបក្ខពួកពីរនាក់ទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសង្កាត់ចោមចៅ១ប្រគល់ទៅអោយនគរបាលសង្កាត់ដង្កោនាំខ្លួនយកទៅសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ពីព្រោះកើតហេតុនៅខណ្ឌដង្កោ ៕



ចែករំលែកព័តមាននេះ