ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាបទីតាំងនាំឡានចូល​ និងកែច្នៃ​ខុសច្បាប់​

5 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទីតាំង​កែ​ច្នៃ​រថយន្ត​និង​លួច​នាំ​រថយន្ត​ចូល​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​មន្ត្រី​គយ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្រោម​ការ​សម្របសម្រួល​នីតិវិធី ដោយ​លោក ទុ​ត វី​នី​ត…

ខេត្តបាត់ដំបង ៖ ទីតាំង​កែ​ច្នៃ​រថយន្ត​និង​លួច​នាំ​រថយន្ត​ចូល​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ​មន្ត្រី​គយ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ក្រោម​ការ​សម្របសម្រួល​នីតិវិធី ដោយ​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៥ បាន​​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​រថយន្ត​នេះ ស្ថិត​នៅ​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្តបាត់​ដំបង ។

មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ
មីនា ឆ្នាំ​២០២៥​ថា ក្រោម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ហែម វុ​ទ្ធី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចូលរួម​ជាមួយ​មន្ត្រី​គយ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ លី យ៉ុ​ង​កួយ ភេទ​ប្រុស ជនជាតិ​ចិន អាយុ​៥៥​ឆ្នាំ និង​អ្នកតំណាង​ទីតាំង​ឈ្មោះ វ៉ា​ន់ សុជាតា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ដែល​មាន​តួនាទី​ជា​គណ​នេយ្យ ។

លោក​វរសេនីយ៍ឯក ជា តារា បានឱ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​បង្ក្រាប កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា​មាន​រថយន្ត​ខុសច្បាប់ និង​ធ្វើការ​ឃាត់​ទុក​រួម​មាន ​៖

១-​ក្បាល​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ចង្កូត​ស្ដាំ​ចំនួន​១៤​គ្រឿង ។
២-​រថយន្ត​ទេសចរណ៍​ម៉ាក​ចម្រុះ​ចង្កូត​ស្តាំ​ចំនួន​១០​គ្រឿង ។
៣-​រ៉ឺ​ម៉ក​សណ្តោង​មាន​ស៊ីទែន​ចំនួន​២​គ្រឿង​។
៤-​សាមី​រ៉ឺ​ម៉ក​ចំនួន​៤​គ្រឿង ។

សម្រាប់​ការ​ដកហូត​គឺ​រថយន្ត​កែ​ច្នៃ​ទាំងនេះ ត្រូវ​បាន​ប្រគល់​ជូន​មន្ត្រី​គយ​ចាត់ការ​តាម​នីតិវិធី​។
ដោយឡែក ​ឧបករណ៍​សម្រាប់​ដាប់​លេខ​តួ​រថយន្ត​១​ឈុត ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ដើម្បី​អនុវត្ត​តាម​នីតិវិធី ហើយ​ឈើ​មួយ​ចំនួន​ដែល​រឹបអូស​ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ