រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច បន្ទាប់ពីរកឃើញកុមារាម្នាក់ នៅខេត្តក្រចេះបានឆ្លងជំងឺផ្តាសាយបក្សីនេះយ៉ាងធ្ងន់ធ្ងរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន១ករណីកើតលើកុមារា អាយុ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
កុមារា ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម ។ បច្ចុប្បន្នស្ថានភាព និងការវិវត្តជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិត ក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យជំនាញ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ។
តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់ មកធ្វើម្ហូប ។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន និងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមក្រើនរំលឹកសារជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ចពីព្រោះ ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេលធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លា.ប់ជាយថាហេតុ»៕
ចែករំលែកព័តមាននេះ