រាជធានីភ្នំពេញ ៖ កាលពីរាត្រីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ ភាពអាប់អួរបែកផ្សែងនៃបរិកាសក្នុងរាជធានីភ្នំពេញ បានបង្កការងឿងឆ្ងល់ដល់ស្រទាប់មហាជនថាតើគុណភាពខ្យល់យ៉ាងម៉េចទៀតហើយ រួចក៏នាំគ្នាចូលទៅលើក្នុងគេហទំព័រ IQAir ស្រាប់ផ្ទុះការភ្ញាក់ផ្អើលតែម្តង ព្រោះស្ងាត់ៗទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ស្ថិតនៅកំពូលតារាង ដោយឈរនៅចំណាត់លេខ១ ដែលទទួលរងខ្យល់ពុលខ្លាំងជាងគេ លើពិភពលោក ដោយឡើងដល់កម្រិតពណ៌ស្វាយ ដែលជាពណ៌បង្ហាញពីកម្រិតខ្យល់ដែលមានគ្រោះថ្នាក់ដល់សុខភាព ។

ស្របគ្នានេះ មហាជនអ្នកនិយមតាមបណ្តាញសង្គម បានបញ្ចេញមតិរិះគន់ថា ហេតុអ្វីក្រសួងជំនាញ ជាពិសេសក្រសួងបរិស្ថានស្ងាត់ជ្រាបអត់មានបង្ហាញដំណឹងអីសោះអញ្ជឹង?
ឆ្លើយតបនឹងការរិះគន់នេះ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលក្នុងក្នុងរយៈពេល២៤ម៉ោងចាប់ពីម៉ោង០៧:០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង០៧:០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈទិន្នន័យ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 បានឡើងលើសស្តង់ដាកំណត់ ពោល គឺលើស៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ ដែលមានន័យថា សន្ទស្សន៍គុណភាពខ្យល់ស្ថិតក្នុងកម្រិត «មធ្យម» ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង ។

ក្នុងស្ថានភាពគុណភាពខ្យល់បែបនេះ មនុស្សទូទៅអាចធ្វើសកម្មភាពក្រៅផ្ទះធម្មតា ។ អាស្រ័យដូចបានជម្រាបជូននេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមជម្រាបជូនព័ត៌មានទៅដល់សាធារណជនឲ្យបានជ្រាបថា ព័ត៌មានស្ដីពីគុណភាពខ្យល់ត្រូវបានផ្សព្វផ្សាយជាប្រចាំ នៅលើវេបសាយរបស់ក្រសួងបរិស្ថាន និងលើប្រព័ន្ធAPPឈ្មោះ CGS SPA ហើយទំព័រផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ក៏បានផ្សព្វផ្សាយបន្ថែមទៀត នូវលទ្ធផលនៃគុណភាពខ្យល់ក្នុងរយៈពេល២៤ម៉ោងក្នុងប្រទេសកម្ពុជា ។
យ៉ាងក៏ដោយ តាំងពីដើមចាប់តាំងពីក្រសួងប្រកាស មកទល់ម៉ោង១០ព្រឹក ថ្ងៃ២៦ មីនានេះ វេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh ដែលក្រសួងអោយចូលឆែក គឺមិនដំណើរការនោះទេ ទោះព្យាយាមម្តងហើយម្តងទៀតក្តី ។ ប៉ុន្តែ App CGS SPA ចក្រា អាចឆែកបានធម្មតា ។

អ្នកនាំពាក្យក្រសួងបរិស្ថានបន្ថែមថា កន្លងមកនេះគុណភាពខ្យល់នៅកម្ពុជា មិនទាន់មានការប្រែប្រួលខ្លាំងឈានដល់កម្រិតប្រកាសអាសន្ន ដែលតម្រូវឲ្យមានការចាត់វិធានការការពារក្នុងកម្រិតក្រហមនោះទេ ។
តាមការត្រួតពិនិត្យជាប្រចាំដោយឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥៩កន្លែង ដែលបានដាក់ពង្រាយនៅទូទាំងប្រទេស និងឧបករណ៍តាមដានតាមផ្កាយរណបចំនួន១គ្រឿងផ្សេងទៀត គុណភាពខ្យល់នៅកម្ពុជា គិតជាមធ្យមក្នុងរយៈពេល២៤ម៉ោង ហើយក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ គឺលទ្ធផលស្ថិតនៅក្រោមស្តង់ដារ ។
ក្រសួងបន្តខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាពក្នុងករណីចាំបាច់ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថានសំណូមពរដល់អ្នកពាក់ព័ន្ធ ជាពិសេសសាធារណជន បន្តចូលរួមអនុវត្តវិធានតាមការណែនាំរបស់សារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្ទ្រានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ ។
បើតាមការបញ្ជាក់ពីទិន្នន័យក្រសួង គឺស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

យ៉ាងណាក៏ដោយមកដល់ម៉ោង៩កន្លះព្រឹក ស្ថានីយ៍ពីរនៅខេត្តសៀមរាប ឡើងដល់ពណ៌ក្រហមហើយ គឺស្នាក់ការឧទ្យានុរក្សកេសកូលភ្នំគូលែន និងសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ដែលកម្រិត PM2. 5: ឡើងដល់ ពី 167 ទៅ 187 ដែលជាកម្រិតខ្ពស់(ការបំពុលខ្លាំង) ដែលស្ថានភាពនេះ មនុស្សគ្រប់ក្នុងតំបន់នោះ គួរតែជៀសវាងសកម្មភាពខាងក្រៅ; ជៀសវាងតំបន់ដែលមានការបំពុលខ្យល់ខ្ពស់ ឬប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើមប្រសិនបើចាំបាច់ ។ ប្រសិនបើមានរោគសញ្ញាសុខភាពនោះ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត៕
ចែករំលែកព័តមាននេះ