រាជធានីភ្នំពេញ ៖ មិនធ្លាប់មានទេ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងយុវជនម្នាក់ជិះកង់១គ្រឿងពេលកំពុងចុះចំណោទលឿនទៅបុកជាមួយកង់យុវជនម្នាក់ទៀតជិះហាត់ប្រាណដូចគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០២៥ នៅចំណុចអេកូផាក២ បរិវេនប៉េងហួតបឹងស្នោ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ លី ស៊ីវប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីឪពុកជនរងគ្រោះបានឱ្យដឹងថា កូនគាត់បានជិះកង់ហាត់ប្រាណដែលចេញពីផ្ទះតាំងពីរសៀល រហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបគាត់ទទួលបានព័ត៍មានពីមិត្តភក្តិដែលជិះកង់ហាត់ប្រាណដូចគ្នាតេមកប្រាប់គាត់ថា «កូនពូស្លាប់ហើយក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងកង់បុកកង់បណ្ដាលស្លាប់ម្នាក់និងរបួសម្នាក់» ។
ឪពុកជនរងគ្រោះបានបន្តថា គ្រាន់តែឮបែបនេះភ្លាម គាត់ក៏បានមកដល់មន្ទីរពេទ្យបង្អែកច្បារអំពៅឃើញកូនគាត់ស្លាប់ពិតប្រាកដមែន ។ គាត់ពិតជាតក់ស្លុត និងមិនគួរឱ្យជឿ គ្រាន់តែកង់បុកកង់ ក៏បណ្តាលឱ្យស្លាប់និងរបួសដែរ ហើយគាត់ក៏ស្នើសមត្ថកិច្ចជួយពិនិត្យនិងវាស់វែងដើម្បីបញ្ជាក់ថាជុំវិញករណីកង់បុកកង់ បណ្តាលឱ្យស្លាប់ពិតមែនដែរឬទេ?
សមត្ថកិច្ចបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍មិនធ្លាប់ដែលមានកើតឡើងហើយស្លាប់មនុស្សទេទើបតែឃើញ ។
តាមសាក្សីពីយុវជន៣នាក់ជាមិត្តភក្តិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ពួកគាត់មនុស្ស៤នាក់ជិះកង់ចំនួន៤គ្រឿង មកហាត់ប្រាណដែលបានធាក់កង់តាំងពីម្ដុំជម្ពូវ័នរហូតមកដល់បុរីប៉េងហួតបឹងស្នោ ដែលមានទីលានងាយស្រួលជិះកំសាន្ត និងមានទិដ្ឋភាពស្អាត ស្រាប់តែជនរងគ្រោះកំពុងជិះកង់ចុះចំណោតខ្ពស់លឿន ស្រាប់តែមានយុវជនម្នាក់អាយុប្រហែល១៨ឆ្នាំជិះកង់នៅពីមុខមិនដឹងចេញពីណា ទើបជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកកង់ដូចគ្នាពេញទំហឹង បណ្ដាលឱ្យមិត្តភក្តិរបស់ពួកគាត់ស្លាប់ ពេលរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ មិនទាន់ដល់មន្ទីរពេទ្យបង្អែកច្បារអំពៅ ហើយចំណែកម្នាក់ទៀតជិះកង់ដែររបួសដែរក្រុមគ្រួសារគេដឹកយកទៅពេទ្យឯកជនបាត់ទៅដែលជាអ្នករស់នៅក្នុងបុរីប៉េងហួតដែរបើតាមសន្តិសុខបុរីប្រាប់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចបានប្រគល់សពជនរងគ្រោះទៅឪពុកនិងបងប្រុសបង្កើតយកទៅធ្វើបុណ្យនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនិងចុះពិនិត្យកន្លែងកើតហេតុស្វែងរកសាក្សីឬការ៉ាសុវត្ថិភាពបញ្ជាក់ថែមដើម្បីបានព័ត៍មានលំអិត ៕




ចែករំលែកព័តមាននេះ