កំណើនភ្ញៀវទេសចរ និងពលរដ្ឋមកកម្សាន្តផ្លូវថ្មើរជើងមាត់ទន្លេរាជធានីភ្នំពេញ កើនឡើងពីមួយសបា្តហ៍ ទៅមួយសប្ដាហ៍
រាជធានីភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រី ថ្ងៃសៅរ៍ ២២ មីនា ផ្លូវថ្មើរជើង…
រាជធានីភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រី ថ្ងៃសៅរ៍ ២២ មីនា ផ្លូវថ្មើរជើង…
រាជធានីភ្នំពេញ ៖ សម្រាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រី ថ្ងៃសៅរ៍ ២២ មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025 ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា នាខាងមុខវត្តឧណ្ណាលោម ។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំឱ្យមានក្រុមកំប្លែងដារីន ដារ៉ូ ផងដែរ ដែលក្រុមនេះ ជាក្រុមដែលល្បីល្បាញ ។ នារាត្រីនេះដែរ មានបងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ មែនទែន ។
ប្រព្រឹត្តទៅចាប់ពីម៉ោង ១៧:០០នាទី រៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ចំនួន៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន ១៨ ស្តង់ ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃសៅរ៍ ទី២២ មីនា ២០២៥ ។
ព្រឹត្តិការណ៍នេះមានគោលបំណង ដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលចាក់ឫសយ៉ាងជ្រៅរវាងប្រទេសឥណ្ឌា និងប្រទេស ក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ។
នារាត្រីថ្ងៃសៅរ៌ ទី២២ មីនានេះដែរ លោកស្រី ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញចូលរួមក្នុងទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា នាខាងមុខវត្តឧណ្ណាលោម ហើយក៏បាននាំអ្នកម្ដាយ និងកូនៗ ទស្សនាកម្សាន្តនៅលើផ្លូវថ្មើរជើង (Walk Street) ដោយមានការស្វាគមន៌ យ៉ាងរាក់ទាក់ជិតស្និទ្ធ និងសប្បាយរីករាយជាមួយបងប្អូន ដែលមកកម្សាន្តនៅទីនោះផងដែរ ។
លោកស្រី អ្នកនាំពាក្យ បានបន្តថា កាលពីសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យមានរបាំភួងនារី (របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៏, បណ្ណាល័យចល័ត ។ល។ ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី២២ មីនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត ។
គួរបញ្ជាក់ថា ៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ៕
ចែករំលែកព័តមាននេះ