ខេត្តបន្ទាយមានជ័យ ៖ កងរាជឣាវុធហត្ថខេត្ត នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) និងប្រើប្រាស់គ្រឿងញៀន ។
យោងតាមកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូរបស់ជនរគ្រោះឈ្មោះ សួន ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន និងបានយកម៉ូតូទៅដាក់បញ្ចាំ នៅក្រុងប៉ោយប៉ែត ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០និង៣០នាទី ថ្ងៃទី២២ មីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំង០៦នាក់ រួមមាន ៖
១. ឈ្មោះ សែន ស៊ឺ ភេទប្រុស អាយុ១៥ឆ្នាំ
២. ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ
៣. ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ
៤. ឈ្មោះ យឿម តាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ
៥. ឈ្មោះ វង់ សិលា(យក្ស) ភេទប្រុស អាយុ១៩ឆ្នាំ
និង៦. ឈ្មោះ ឡង់ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ។
ព្រមទាំងដកហូតវត្ថុតាង ៖ ១. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀមរាប 1AF-1067 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ២. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង។ ៣. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ចំនួន០១គ្រឿង ។ និងបានធ្វើតេស្តទឹកនោម មានសារធាតុញៀនចំនួន០៥នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានពាក់ព័ន្ធលើករណី លួចស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕



ចែករំលែកព័តមាននេះ