ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានបញ្ជាឱ្យបញ្ជូននាវាដឹកយន្តហោះដែលកំពុងឈរជើងនៅប៉ាស៊ីហ្វិចត្រូវចាកចេញដំណើរទៅមជ្ឈិមបូព៌ាវិញម្ដងបន្ទាប់ពីសភាពការណ៍ប្រែប្រួល។ ក្រុមហ៊ូទីកំពុងតែធ្វើព្យុះធ្វើភ្លៀងកាន់តែខ្លាំង។ បន្ទាប់ពីអាមេរិកវាយប្រហារពួកគេកាលពីប៉ុន្មានថ្ងៃមុនស្លាប់ជាង៥០នាក់ពួកគេមិនរាងចាលទេ ហើយធ្វើផ្គើនកាន់តែខ្លាំង។
សភាពការណ៍នៅមជ្ឈិមបូព៌ាកាន់តែមិនស្រួលមែនទែនហើយ។ បន្ទាប់ពីហ៊ូទីបាញ់មីស៊ីលចេញពីប្រទេសយេម៉ែនប៉ុន្មានថ្ងៃជាប់គ្នា ឥឡូវនេះ ក្រុមហេសបូឡានៅលីបង់ក៏បាញ់មីស៊ីលចូលទឹកដីអ៊ីស្រាអែលដែរ។ ប៉ុន្តែមីស៊ីលទាំងនោះត្រូវអ៊ីស្រាអែលអះអាងថាអាចបាញ់ទម្លាក់ទាំងអស់។ នាវាដឹកយន្តហោះដែលបញ្ជូនទៅមជ្ឈិមបូព៌ានេះឈ្មោះខាលវីនសុន (Carl Vinson)។
ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សាផ្ទុះឡើង ក្រុមហ៊ូទីចាប់ផ្ដើមបង្កការរំខានយ៉ាងខ្លាំងទៅលើនាវាដឹកទំនិញរបស់អាមេរិក និងក្រុមសម្ព័ន្ធមិត្តឆ្លងកាត់សមុទ្រក្រហម។ ជាកិច្ចឆ្លើយតប អាមេរិកបានវាយប្រហារពួកគេតាំងពីជំនាន់លោកបៃដិនមកម៉្លេះ។ ប៉ុន្តែថ្មីៗនេះ លោកត្រាំបញ្ជាឱ្យវាយប្រហារដោយឥតបន្ធូរដៃទេរហូតដល់ក្រុមហ៊ូទីលែងបង្កការរំខានតទៅទៀត។
មន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីធី ហេកសិត (Pete Hegseth) បានចុះហត្ថលេខាលើបទបញ្ជាថ្មី១ដើម្បីឱ្យនាវាដឹកយន្តហោះឈ្មោះហារីទ្រូមេន (USS Hary S. Truman) ដែលស្ថិតនៅទីនោះស្រាប់ត្រូវបន្តឈរជើងរយៈពេល១ខែទៀតដើម្បីស្ទាបស្ទង់សភាពការណ៍ដែលកំពុងឡើងកម្ដៅកាន់តែខ្លាំង។
ហារីទ្រូមេនបានបំពេញការងារយ៉ាងសកម្មនៅសមុទ្រក្រហមដើម្បីចាត់ទៅលើមូលដ្ឋានរបស់ក្រុមហ៊ូទី។ តាមពិត នាវាដឹកយន្តហោះនេះត្រូវចប់បេសកកម្មត្រឹមចុងខែមីនា ហើយត្រូវបន្តដំណើរទៅរដ្ឋវើជីនញ៉ា (Virginia)។ បន្ថែមពីលើនាវាហារី ទ្រូមេន លោកហេកសិតបញ្ជាឱ្យបញ្ជូននាវាដឹកយន្តហោះខាលវីនសុន១គ្រឿងទៀតទៅមជ្ឈិមបូព៌ារយៈពេលប្រហែលបីខែ។
លោកត្រាំចង់ដកឃ្លាបន្តិចពីឥណ្ឌូ-ប៉ាស៊ីហ្វិច និងពង្រឹងកម្លាំងទប់ទល់នៅមជ្ឈិមបូព៌ាវិញម្ដងដើម្បីខិតទៅកៀកអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់។ គោលដៅរបស់ត្រាំមិនមែនតែហ៊ូទី១មុខប៉ុណ្ណោះទេ លោកមានគោលដៅច្រើនទៀតដូចជាដាក់សម្ពាធទៅលើអ៊ីរ៉ង់ដើម្បីចរចាបញ្ហានុយក្លេអ៊ែរ និងត្រៀមគាំទ្រអ៊ីស្រាអែលដែលអាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ប៉ុន្តែជំហានដំបូងត្រូវចាត់ការក្រុមហ៊ូទីសិន។ តាមពិត ហ៊ូទីមិនមែនជាក្រុមកំប៉ិកកំប៉ុកអង្ករកំប៉ុងនោះទេ។ ប្រភពខ្លះថាពួកគេថ្វីដ្បិតមានឈ្មោះជាពួកឧទ្ទាម ប៉ុន្តែមានយុទ្ធជនបំពាក់អាវុធគ្រប់ដៃជាងមួយសែននាក់ និងកំពុងគ្រប់គ្រងមួយផ្នែកធំនៃប្រទេសយេម៉ែន។ បើត្រឹមតែវាយប្រហារដោយមីស៊ីល និងទម្លាក់គ្រាប់បែកពីយន្តហោះល្មមៗមិនអាចធ្វើអ្វីពួកគេបានទេ។
ការត្រៀមបញ្ជូននាវាដឹកយន្តហោះបន្ថែមទៅមជ្ឈិបូព៌ាបន្ទាប់ពីក្រុមហ៊ូទីបាញ់មីស៊ីលតម្រង់ទៅរកនាវាដឹកយន្តហោះហារីទ្រូមេនកាន់តែញឹកញាប់។ អ្នកនាំពាក្យហ៊ូទីប្រកាសថាសមុទ្រក្រហមមិនមែនជាទឹកដីអាមេរិកទេ ហើយប្រទេសយេម៉ែនមានសិទ្ធិការពារខ្លួន។ បន្ទាប់ពីអ៊ីស្រាអែលផ្ទុះសង្គ្រាមជាថ្មីនៅហ្កាហ្សា ហ៊ូទីក៏ចាប់ផ្ដើមបាញ់មីស៊ីលចូលអ៊ីស្រាអែល។ ថ្វីដ្បិតមីស៊ីលនោះត្រូវប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលស្ទាក់ចាប់បាន និងគ្មានអ្នកស្លាប់ ឬរបួស អ៊ីស្រាអែលចង់វាយបកវិញឱ្យបានខ្លាំងក្លា។ ប៉ុន្តែសារព័ត៌មានផ្សាយថាអាមេរិកបានបញ្ចុះបញ្ចូលអ៊ីស្រាអែលកុំរវីរវល់នឹងហ៊ូទី។ អាមេរិកចង់ចាត់ការរឿងនេះដោយផ្ទាល់ដៃ។
ក្រុមអ្នកវិភាគយល់ថាលោកត្រាំស្រួលមិនស្រួលអាចនឹងជាប់ផុងនៅក្នុងសង្គ្រាមដ៏ឥតន័យនៅមជ្ឈិមបូព៌ាដូចប្រធានាធិបតីជំនាន់មុនដែរ។ បើដូច្នេះមែន អ្វីដែលគាត់ខិតខំប្រឹងប្រែងដើម្បីដោះខ្លួនផ្នែកយោធាចេញពីតំបន់នេះនឹងក្លាយជារឿងឥតប្រយោជន៍។ មន្ត្រីដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថានាវាដឹកយន្តហោះខាលវីនសុននឹងទៅដល់មជ្ឈិមបូព៌ានៅដើមខែមេសា។ ចំណែកនាវាហារីទ្រូមេនដែលស្ថិតនៅទីនោះស្រាប់នឹងបន្តឈរជើងរយៈពេលបីខែទៅមុខទៀត៕
ចែករំលែកព័តមាននេះ