ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​ទំនើប​៖ គ្រប់​គ្នា​នឹង​ភ្ញាក់ផ្អើលនៅ​ពេល​ដ៏​ខ្លី​ខាង​មុខ

1 ថ្ងៃ មុន
  • ភ្នំពេញ

សូម​អបអរ​និង​រីករាយ​នៅ​ពេល​ដែល​ទទួល​បាន​នូវ​បច្ចុប្បន្នភាព​នៃ​វ​ឌ្ឈ​នភា​ព​គម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​ស្ថាបត្យកម្ម​បម្រើ​វិស័យ​អាកាសចរណ៍​ស៊ី​វិល​របស់​កម្ពុជា​ដ៏​ធំ​សម្បើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ។ តាម​ព័ត៌មាន​ដែល​គេ​បាន​រាយការណ៍​ជូន លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ…

សូម​អបអរ​និង​រីករាយ​នៅ​ពេល​ដែល​ទទួល​បាន​នូវ​បច្ចុប្បន្នភាព​នៃ​វ​ឌ្ឈ​នភា​ព​គម្រោង​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ជា​ស្ថាបត្យកម្ម​បម្រើ​វិស័យ​អាកាសចរណ៍​ស៊ី​វិល​របស់​កម្ពុជា​ដ៏​ធំ​សម្បើម​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ។

តាម​ព័ត៌មាន​ដែល​គេ​បាន​រាយការណ៍​ជូន លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ បច្ចុប្បន្ន​សម្រេចការ​សាងសង់​ប្រមាណ៩៥% នឹង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ខែកក្កដា​ខាង​មុខ​នេះ​។

ចាប់ពី​ពេល​នេះ​តទៅ រហូត​ដល់​ខែកក្កដា ដែល​គេ​គ្រោង​បើក​ដំណើរការ អាកាសយានដ្ឋាន​ថ្មី​សាងសង់​នៅ​លើ​ដីស្រែ​និង​បឹង​ដែល​មាន​ទំហំ​ជាង ២.៦០០​ហិច​តា ជា​ព្រ​លាន​យន្តហោះ​លំដាប់ 4F នៅ​សល់​តែ​៥​ភាគរយ ប៉ុណ្ណោះ ប៉ុន្តែ​កុំ​ថា​កិច្ចការ​ទាំងនេះ​តិច​ហើយ​មើល​ស្រាល​អោយ​សោះ ។

ពេលវេលា​ដើរ​លឿន​ណាស់ ហើយ​ក៏​មិន​ប្រាកដ​ថា នៅ​ក្នុងអំឡុងពេល​នេះ វា​នឹង​អាច​មាន​អ្វី​កើត​មាន​ឡើង​ដែល​នឹង​ជះ​ឥទ្ធិពល​មក​ដល់​វិស័យ​អាកាសចរណ៍​កម្ពុជា​ដែរ​ឫ​យ៉ាងណា​នោះ​ទេ​។ ដូច្នេះ​ហើយ​សង្ឃឹមថា គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ត្រៀមលក្ខណៈ​និង​ខិតខំ​កសាង​និង​រៀបចំ​ដំណើរការ​នៃ​ការ​កសាង​អាកាស​យាន្ត​ដ្ឋា​ន​កម្រិតស្តង់ដា​អន្តរជាតិ​ដ៏​ថ្មីស្រឡាង​នេះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​តាម​គម្រោង ។

កិច្ចការ​នៃ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នៅ​អាកាសយានដ្ឋាន​ផ្ទាល់ ពោល​គឺ​ខាង​ផ្នែក​សំណង់​គឺជា​រឿង​មួយ ហើយ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ភស្តុ​ភា​កម្ម ក៏​ដូច​ជា​សេវាកម្ម រួម​តាំង​ហេដ្ឋា រចនាសម្ព័ន្ធ​គាំទ្រ​ផ្សេង​ទៀត​ដែល​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ផ្លូវអាកាស​វា​ក៏​សំខាន់​ផង​ដែរ ។

សូម​ឲ្យ​ដំណើរការ​រៀបចំ​តាំងពី​បទដ្ឋាន​បច្ចេកទេស សុវត្ថិភាព ការ​ដឹក​ជញ្ជូន កា​រត​ភ្ជាប់​ពី​អា កាសយានដ្ឋាន​ចូល​ក្រុង ក៏​ដូច​ជា​សេវាកម្ម​ពាក់ព័ន្ធ​រាប់​សិប​ជំពូក​ឲ្យ​រួចរាល់​ផង​ដែរ​នៅ​ក្នុងអំឡុងពេល​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សមិទ្ធផល​ដែល​មាន​តម្លៃ​ប្រមាណ​ជា ១.៥០០ លាន​ដុល្លារ អាច​ធានា​ឲ្យ​វា​នឹង​ក្លាយជា​ព្រ​លាន​យន្តហោះ​លំដាប់ 4F អាច​ធ្វើ​អោយ​យន្ត​ខ្នាត​ធំ​ចុះ​ចត​បាន​ដូច​ជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 ចុះ​ចត​ដោយ​សុវត្ថិភាព ជា​ពិសេស​គឺ​អាច​ទទួល​អ្នកដំណើរ​បាន​រហូត​ដល់ ១៣​លាន​នាក់ ក្នុង​១​ឆ្នាំ​នា​ដំណាក់កាល​ទី​១​ដូចដែល​គេ​បាន​គ្រោងទុក ។

នៅ​ពេល​ដែល​បាន​ដឹកនាំ​មន្ត្រី​និង​អ្នកបច្ចេកទេស​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ទៅ​ទស្សនៈកិច្ច​គម្រោង​កសាង​អាកាសយានដ្ឋាន​ថ្មី​នេះ លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​នេះ​ពិតជា​នឹង​ផ្តល់​ធាតុ​ចូល​ដ៏​សម្បើម​ដល់​គម្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ពី ៧,២​លាន​ទៅ ៧,៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ​។

ផ្អែក​តាម​ទឡ្ហីករណ៍​បែប​នេះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ​សូមកុំ​គិត​ថា រយៈពេល​៤​ខែ វា​ងាយស្រួល​នឹង​ស​ម្រ​ច​កិច្ចការ​ដែល​នៅ​សល់​ត្រឹម​៥​ភាគរយ​នេះ​ឲ្យ​សោះ ។ ៥​ភាគរយ​ដែល​នៅ​សល់​គឺ​នៅ​មានការ​ងារ​ច្រើន ដែល​នៅ​តែ​ទាមទារ​ការ​ប្តេជ្ញា​ចិត្ត ទាមទារ​ការ​ប្រឹងប្រែង និង ការ​ទទួលខុសត្រូវ​កាន់តែ​ខ្លាំង ។

រឿង​មួយ​ដែល​មិន​គួរ​បំភ្លេច​នោះ គឺ​សេវាកម្ម​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​នោះ​មក​តំបន់​កណ្តាល​ក្រុង​ដោយសារ​តែ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មានឈ្មោះ​ដើម​ថា ព្រ​លាន​ពោធិ​ចិន​តុង​ដែល​កំពុង​តែ​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន វា​ជិត​ទីប្រជុំជន​ហើយ​ថ្លៃ​ធ្វើ​ដំណើរ​គឺ​អស់ពី​ជា​មធ្យម​ពី​១០ ទៅ ២០​ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​ពី​អាកាសយានដ្ឋាន​ថ្មី​មក​វិញ​គឺ​ឆ្ងាយ​ដូច្នេះ​តម្លៃ​អាច​ឡើង​ដែល​ចំណុច​នេះ​អ្នក​ដែល​ពាក់ព័ន្ធ​គួរ​រិះគិត ។

ដើម្បី​សម្រួល​និង​ផ្តល់​ជម្រើស​ជូន​ពលរដ្ឋ​ក៏​ដូច​ជា​អ្នកដំណើរ​នានា​រួម​តាំង​ភ្ញៀវ​ទេសចរ​បរទេស សេវា​រថយន្តក្រុង​សាធារណៈ​គួរតែ​មាន​ភ្ជាប់​ឫ​ក៏​បើក​ជើង​ភ្ជាប់​ទៅ​កាន់​ទីនោះ ។ ក្រៅពី​នោះ​ក៏​គួរតែ​គិតគូ​ជម្រើស​ផ្សេង​ៗ​ទៀត​តាម​ត្រូវការ និង ប្រភេទ​សេវាកម្ម​ដែល​អ្នកដំណើរ​ចង់បាន តែ​មាន​តម្លៃ​សមរម្យ ។

សរុប​ទៅ​យើង​រំពឹង​ថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នឹង​មិន​មានការ​ពន្យា​ពេល​ឡើយ ហើយ​អាកាសយានដ្ឋាន​នេះ​នឹង​ដំណើរការ​តាម​កាល​និង​ពេលវេលា​ដែល​បាន​គ្រោងទុក​។ ជាមួយ​គ្នា​នេះ​យើង​ក៏​មាន​ជំនឿ​ជឿជាក់​ថា អ្វី​ៗ​នឹង​ប្រ​ពឹ​ត្តិ​ទៅ​ដោយ​រលូន មិន​មាន​អ្វី​ដែល​ជា​ឧបសគ្គ រារាំង​គោលដៅ​ដែល​យើង​បាន​កំនត់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ