រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការចាប់ខ្លួនចោរប្លន់ម្នាក់ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។ ការចាប់ខ្លួននោះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យជាចោរប្លន់ខាងលើនោះឈ្មោះ ឡាយ ធួន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅក្នុងភូមិសង្កាត់ខាងលើ ។
នគរបាលមិនប្រាប់ឲ្យដឹងលម្អិតអំពីសាច់រឿងទាំងស្រុងនៅឡើយ ដោយគ្រាន់តែបានបង្ហើបប្រាប់ឲ្យដឹងខ្លះៗថា កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានចាប់ខ្លួនជននោះ ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨០៣«ត»ដ.ច.ន របស់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។
នគរបាលបានបញ្ជាក់ទៀតថា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យរូបនោះ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅតាមផ្លូវលំ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពេលឃាត់ខ្លួននគរបាលបានបញ្ជូនជននេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន មុននឹងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


ចែករំលែកព័តមាននេះ