ទីក្រុងវ៉ាស៊ីនតោន៖ ម្ចាស់ក្រុមហ៊ុនស្ពេសអ៊ិច (Space-X) និងតេសស្លា (Tesla) លោកអ៊ីឡនម៉ាស់ ព្រមានចាត់វិធានការក្ដៅទៅលើអ្នកណាដែលហ៊ានបញ្ចេញឯកសារសម្ងាត់កាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងផែនការធ្វើសង្គ្រាម។ លោកព្រមានថាបុគ្គលិកធ្វើការនៅមន្ទីបញ្ចកោណ (ក្រសួងការពារជាតិអាមេរិក) ប្រាកដជាមិនរួចខ្លួនទេ។ គាត់ថានោះជាព័ត៌មានប្រឌិតដែលលួចបញ្ចេញទៅឱ្យកាសែតញូយ៉កថាមស៍ (The New York Times) ចុះផ្សាយ។ កាសែតផ្សាយថាលោកអ៊ីឡានម៉ាស់តែងតែទទួលបានព័ត៌មានថ្មីៗជានិច្ចបើសិនអាមេរិកមានផែនការធ្វើសង្គ្រាមជាមួយប្រទេសចិននាពេលអនាគត។
អ្នកនាំពាក្យមន្ទីរបញ្ចកោណប្រាប់ញូយ៉កថាមស៍ថាលោកម៉ាស់នឹងទៅក្រសួងការពារជាតិនៅថ្ងៃសុក្រ (យប់នេះ) តបតាមការកោះអញ្ជើញពីរដ្ឋមន្ត្រីការពារជាតិ លោកភីធី ហេកសិត (Pete Hegseth)។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថានោះគ្រាន់តែជាការធ្វើដំណើរទស្សនកិច្ចធម្មតាតែប៉ុណ្ណោះ។ ប៉ុន្តែកាសែតវ៉លស្ទ្រីតជើណល (Wall Street Journal) ចុះផ្សាយថាលោកម៉ាស់មិនមែនទៅក្រសួងការពារជាតិធម្មតាទេ។
កាសែតដដែលនេះផ្សាយថាលោកម៉ាស់ទៅទីនោះដើម្បីទទួលបានព័ត៌មានសម្ងាត់បំផុតពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការត្រៀមផ្ទុះសង្គ្រាមជាមួយប្រទេសចិន។ នេះគ្រាន់តែជាចំណែកតូចប៉ុណ្ណោះនៅក្នុងចំណោមព័ត៌មានសម្ងាត់ដទៃទៀតដែលលោកម៉ាស់អាចទទួលបាន។ កាសែតទាំង២នេះចុះផ្សាយដោយដកស្រង់ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះ។
ប្រតិកម្មចំពោះដំណឹងនេះ លោកម៉ាស់បង្ហោះនៅលើបណ្ដាញអ៊ិចចាត់ទុកការផ្សាយរបស់ញូយ៉កថាមស៍ជាការឃោសនាអកុសលសុទ្ធសាធ។ លោកព្រមានប្ដឹងអ្នកដែលលួចបញ្ចេញរឿងនេះទៅអ្នកកាសែត។ លោកថាមិនយូរទេគង់តែរកឃើញអ្នកទាំងនោះជាមិនខាន។ លោកម៉ាស់ជាសម្ព័ន្ធមិត្តនយោបាយរបស់លោកត្រាំ។ សព្វថ្ងៃនេះ លោកកំពុងដឹកនាំស្ថាប័នត្រួតពិនិត្យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។
ចំណុចរសើបដែលលោកម៉ាស់ត្រូវតែបញ្ចេញប្រតិកម្មតបទៅនឹងការចុះផ្សាយនោះព្រោះលោកមានផលប្រយោជន៍ច្រើនណាស់នៅប្រទេសចិន។ ក្រុមហ៊ុនស្ពេសអ៊ិចរបស់គាត់ក៏ចុះកុងត្រាតម្លៃរាប់ពាន់លានដុល្លារជាមួយរដ្ឋាភិបាលអាមេរិកដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធារួមទាំងផ្កាយរណបស៊ើបការណ៍សម្ងាត់ផងដែរ។ ដូច្នេះផលប្រយោជន៍មានទាំងសងខាង។
លោកត្រាំក៏បដិសេធការចុះផ្សាយរបស់ញូយ៉កថាមស៍ផងដែរ។ លោកសរសេរនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ថានោះជាព័ត៌មានក្លែងក្លាយ។ ត្រាំថាញូយ៉កថាមស៍ចុះផ្សាយគ្មានត្រូវសូម្បីតែបន្តិចថាលោកម៉ាស់ទៅស្ដាប់ការនិយាយអំពីផែនការធ្វើសង្គ្រាមជាមួយប្រទេសចិន។ តាមពិត គម្រោងជួបគ្នានោះគ្មាននិយាយអំពីឈ្មោះប្រទេសចិនសូម្បីតែបន្តិច។
រដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលស្គាល់ថាលោកម៉ាស់មានគម្រោងទៅមន្ទីរបញ្ចកោណពិតមែន។ ប៉ុន្តែលោករិះគន់ការនិយាយប្រាសចាកការពិតអំពីគម្រោងជួបគ្នានោះ។ លោកបង្ហោះសារនៅលើបណ្ដាញអ៊ិចថានេះមិនមែនជាគម្រោងជួបគ្នានិយាយអំពីផែនការសម្ងាត់ធ្វើសង្គ្រាមជាមួយប្រទេសចិនទេ។ នោះជាការជួបគ្នាក្រៅផ្លូវការនិយាយអំពីនវានុវត្តន៍, ប្រសិទ្ធភាពការងារ និងវិស័យផលិកម្មឆ្លាតវៃតែប៉ុណ្ណោះ។
ប្រភពខ្លះថាអាមេរិកបានរៀបចំផែនការតាំងពីយូរមកហើយថាថ្ងៃណាមួយខ្លួនអាចនឹងផ្ទុះសង្គ្រាមជាមួយចិន។ ចំណុចក្ដៅបំផុតនៃសង្គ្រាមគឺកោះតៃវ៉ាន់។ ប៉ុន្តែបញ្ហាដទៃទៀតក៏អាចជាឆ្នួន ឬកាតាលីករនៃសង្គ្រាមដែរដូចជាជម្លោះបូរណភាពទឹកដីនៅសមុទ្រចិនខាងត្បូង និងការដណ្ដើមភូមិសាស្ត្រនយោបាយនៅទីនេះជាដើម។ បើចិនវាយតៃវ៉ាន់មែន អាមេរិកអាចនឹងធ្វើអន្តរាគមន៍។
បើសង្គ្រាមផ្ទុះឡើងមែន មុខរបររកស៊ីរបស់លោកម៉ាស់នៅប្រទេសចិនប្រាកដជាខាតឡុងចុងជាមិនខាន។ ទន្ទឹមនឹងនោះ គាត់ក៏អាចចំណេញមិនស្ទើរដែរពីការលក់បច្ចេកវិទ្យាយោធាទៅឱ្យមន្ទីរបញ្ចកោណ។ ឥឡូវនេះ ដូចលោកម៉ាស់និយាយអីចឹងគឺថារដ្ឋាភិបាលរបស់លោកត្រាំកំពុងស្រាវជ្រាវរកមុខអ្នកណាដែលបញ្ចេញការណ៍សម្ងាត់ទៅឱ្យអ្នកកាសែត៕
ចែករំលែកព័តមាននេះ