ទីក្រុងម៉ូស្គូ៖ អ៊ុយក្រែន និងរុស្ស៊ីវាយប្រហារគ្នាដ៏ខ្លាំងក្លាដោយប្រើប្រាស់មីស៊ីល ដ្រូន និងគ្រាប់បែកបញ្ជាពីចម្ងាយ។ រុស្ស៊ីថាអ៊ុយក្រែនវាយប្រហារដេប៉ូប្រេងចំណុះមួយសែនតោន។ ដូចនេះ ជាការរំលោភទៅលើសំណើនៃបទឈប់បាញ់បាត់ទៅហើយ។ ទីភ្នាក់ងារព័ត៌មានតាស់ (TASS) រុស្ស៊ីបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសមកផ្សាយថាលោកស្រីចង់ឱ្យអាមេរិកប្រៀនប្រដៅអ៊ុយក្រែនឱ្យមែនទែន កុំចេះតែដើរវាយប្រហារទីតាំងដែលខ្លួនធ្លាប់បានស្នើសុំនៅក្នុងបទឈប់បាញ់។
លោកស្រីថាអាស្រ័យលើអាមេរិកជាអ្នកកំណត់ទៅចុះថាត្រូវចាត់វិធានការបែបណាចំពោះបញ្ហានេះ។ វិមានក្រឹមឡាំងធ្លាប់និយាយកាលពីមុននេះថានៅក្នុងការសន្ទនាគ្នាជាមួយលោកត្រាំ លោកពូទីនបានឯកភាពទទួលយកសំណើបទឈប់បាញ់ទៅលើទីតាំងផលិតថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។ រុស្ស៊ី អាមេរិក និងអ៊ុយក្រែនសន្យាទទួលយកបទឈប់បាញ់នេះ។ គ្រាន់តែថាអាមេរិក និងអ៊ុយក្រែនចង់ឃើញរុស្ស៊ីទទួលយកបទឈប់បាញ់ដ៏ពេញលេញ១ដើម្បីឈប់ផ្ទុះអាវុធទាំងស្រុង។
ប៉ុន្តែលោកពូទីនទទួលយកត្រឹមតែ១ផ្នែកក៏ជាសញ្ញាវិជ្ជមាន១ហើយ។ ក្រោយការវាយប្រហាររបស់អ៊ុយក្រែន ភ្លើងនៅតែបន្តឆាបឆេះដេប៉ូប្រេងយ៉ាងសន្ធោសន្ធៅ។ ក្រុមអ្នកពន្លត់អគ្គិភ័យនៅបន្តបាញ់ទឹកនៅឡើយទេ។ លោកស្រីសាការ៉ូវ៉ាជឿជាក់ថាទីក្រុងកៀវមិនទាន់បានអីផងបានរំលោភទៅលើស្មារតីនៃបទឈប់បាញ់ដែលស្នើឡើងដោយលោកត្រាំបាត់ទៅហើយ។
លោកស្រីថាយើងចាំមើលជំហររបស់វ៉ាស៊ីនតោនដើម្បីចង់ដឹងថាតើពួកគេចាត់ការបែបណាចំពោះទង្វើវាយប្រហារបែបភេរវកម្មរបៀបនេះ? តើពួកគេនឹងអូសទាញអ៊ុយក្រែនឱ្យងាកមករកផ្លូវត្រូវវិញរបៀបណា? កាលពីមុននេះ លោកស្រីចាត់ទុកការវាយប្រហារដេប៉ូប្រេងនោះជាការដុតបញ្ឆេះជម្លោះបន្ថែមទៀត និងជាការប៉ុនប៉ងបន្ទច់បង្អាក់គម្រោងចរចាសន្តិភាព។
តាមពិត មិនមែនតែអ៊ុយក្រែនទេដែលវាយប្រហាររុស្ស៊ី។ រុស្ស៊ីក៏វាយប្រហារអ៊ុយក្រែនយ៉ាងចាស់ដៃផងដែរ ហើយបានសម្លាប់ជនស៊ីវិលជារៀងរាល់ថ្ងៃ។ ឆ្លើយតបទៅនឹងការចោទថាអ៊ុយក្រែនរំលោភស្មារតីនៃបទឈប់បាញ់នោះ អ៊ុយក្រែនថារុស្ស៊ីក៏រំលោភដូចតែគ្នាទេ។ ពួកគេសន្យាថាមិនប៉ះពាល់ជនស៊ីវិល ប៉ុន្តែជាក់ស្ដែងជនស៊ីវិលអ៊ុយក្រែនស្លាប់រាល់ថ្ងៃ។
លោកហ្សេឡិនស្គីថារុស្ស៊ីវាយប្រហារមន្ទីរពេទ្យ ផ្ទះ និងផ្លូវរថភ្លើងជាការបញ្ជាក់ច្បាស់ថាលោកពូទីនមាត់គាត់និយាយបែបនេះ ប៉ុន្តែធ្វើបែបនោះ។ អាជ្ញាធររុស្ស៊ីនៅតំបន់ក្រាស់ស្នូដា(Krasnodar)ថ្លែងថាដ្រូនរបស់អ៊ុយក្រែនវាយប្រហារដេប៉ូប្រេងនៅក្នុងភូមិ១។ ភ្នាក់ងារពន្លត់អគ្គិភ័យជាង៤រយនាក់កំពុងធ្វើការយ៉ាងដុតដៃដុតជើង។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ចំណែកទស្សនាវដ្ដីញូស្វីក (Newsweek)ចុះផ្សាយថាអ៊ុយក្រែនបានវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅតំបន់សារ៉ាតូស (Saratov) ដល់ថ្នាក់អាជ្ញាធរប្រកាសអាសន្ន។ ទីនោះជាកន្លែងដាក់យន្តហោះខ្នាតធំដែលហោះបានចម្ងាយជាង១ម៉ឺនគីឡូម៉ែត្រដូចជាធីយូ៩៥ (Tu-95) និងធីយូ១៦០ (Tu-160) អាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរក៏បាន និងគ្រាប់បែកធម្មតាក៏បាន។
អ៊ុយក្រែនថាមូលហេតុដែលខ្លួនវាយប្រហារមូលដ្ឋានទ័ពអាកាសនេះព្រោះមីស៊ីល និងយន្តហោះដ្រូនដែលវាយប្រហារអ៊ុយក្រែនកាលពីពេលកន្លងមកគឺបញ្ជាចេញពីមូលដ្ឋាននេះ។ អាជ្ញាធររុស្ស៊ីនៅសារ៉ាតូសអះអាងថាផ្ទះ និងអគារ៣០ខ្នងរងការខូចខាតធ្ងន់ធ្ងរ។ អាជ្ញាធរក៏បានជម្លៀសជនស៊ីវិលទៅកាន់ទីកន្លែងសុវត្ថិភាពផងដែរ។ រុស្ស៊ីក៏បានវាយប្រហារទៅលើតំបន់ហ្សាប៉ូរីហ្សៀបណ្ដាលឱ្យរបួសមនុស្ស៥នាក់។ អភិបាលតំបន់នេះប្រាប់ថារុស្ស៊ីបានប្រើប្រាស់អាវុធចម្រុះវាយប្រហារជាច្រើនកន្លែងរួមទាំងគ្រាប់បែកបញ្ជាពីចម្ងាយផងដែរ៕
ចែករំលែកព័តមាននេះ