ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងកំហុស! អ្នកបើកឡានម្នាក់សុំទោសជាសាធារណៈរឿងបើកភ្លើងសារ៉ែន និងអ្នកថតបង្ហោះសារភាពថាបញ្ចូលសំឡេងថែម

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តដឹកជញ្ជូនក្រុមហ៊ុន វិរៈប៊ុនថាំ ម្នាក់ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកចាត់វិធានការភ្លាមៗ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២នេះ ក្រោយពីមានការបង្ហោះវីដេអូរថយន្តនេះ បើកភ្លើងសារ៉ែនពេញដងផ្លូវ ។

ថ្មី​ៗ​នេះ​បន្ទាប់​ពី​មានការ​បង្ហោះ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម រូបភាព​វី​ដេ​អូ​ករណី​រថយន្ត​ដឹក​ជញ្ជូន​ក្រុមហ៊ុន​វិ​រៈ​ប៊ុ​ន​ថាំ បំពាក់​ភ្លើង​សា​រ៉ែ​ន​នៅ​លើ​រថយន្ត​នាំ​ឲ្យ​រង​ការ​រិះគន់​ពី​អ្នកលេង​បណ្តាញ​សង្គម​នោះ​ហើយ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កោះហៅ​បុរស​ម្នាក់ ជា​អ្នកបើកបរ​រថយន្ត​នោះ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សួរនាំ ។ នេះ​បើ​យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា​នេះ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រមាណ​៧ ពេល​យប់ ខ្លួន​បាន​ធ្វើ​ដំណើរ​ចេញពី​ជ្រោយចង្វារ ក្នុង​គោលបំណង​ទៅ​ម្តុំ​ព្រៃ​ទា ដោយ​បាន​បើករថយន្ត​តាម​ផ្លូវ​ទំនប់​៧០ ខណៈនោះ​គាត់​បាន​បើកភ្លើង​សា​រ៉ែ​ន​ពិតប្រាកដ​មែន អំឡុង​ពេល​បើកបរ ប៉ុន្តែ​គាត់​សូម​បដិសេធ​មិន​បាន​បើក​សា​រ៉ែ​ន​សំឡេង​នោះ​ទេ គឺ​អ្នក​ដែល​ថត​វី​ដេ​អូ​នោះ​ដាក់​សំឡេង​សា​រ៉ែ​ន​បន្ថែម ហើយ​ក៏​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​តែ​ម្តង ។

បន្ទាប់​ពី​សួរនាំ​រួច បុរស​ខាងលើ​បាន​សារភាព​កំហុសឆ្គង​របស់​ខ្លួន និង​បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ការ​បំពាក់​ភ្លើង​សា​រ៉ែ​ន​ខុសច្បាប់ ។

ទន្ទឹម​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ព្រមាន​លើក​ទី​១ ដោយ​តម្រូវ​ឱ្យ​ដោះ​ភ្លើង​សា​រ៉ែ​ន​ចេញ និង​មិន​ឱ្យ​កើត​មាន​ឡើងជា​លើក​ទី​ពីរ​ទៀត​នោះ​ឡើយ ក្រោយ​ដោះ​ភ្លើង​សា​រ៉ែ​ន​នោះ​ចេញ​ហើយ ទើប​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយឡែក​ចំពោះ​បុរស​ម្នាក់​ដែល​បាន​ថត​បង្ហោះ​ផ្សព្វផ្សាយ​រថយន្ត​ខាងលើ ក៏​ចេញ​មក​បង្ហោះ​សារភាព​ថា​ខ្លួន​បាន​ដាក់​ច្នៃ​បន្ថែម​សំឡេង​សា​រ៉ែ​ន​ពិតប្រាកដ ដោយ​រថយន្ត​នោះ​មិន​បាន​បើក​សំឡេង​សា​រ៉ែ​ន​នោះ​ទេ ការ​ចេញ​បកស្រាយ​នេះ គឺ​កុំ​ឲ្យ​មហាជន​មាន​យល់​ច្រឡំ ៕