ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​ថមថយ​ល្បឿន​បន្តិច ក្រោយ​ហក់​ដល់ ៣,០៥៧​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៨២​ដុល្លារ​ក្នុង​១​តម្លឹង

7 ម៉ោង មុន

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា តម្លៃ​មាស​បាន​ស្ថិត​លើ​ដំណើរ​សម្រាប់​ការ​កើនឡើង​ប្រចាំ​ស​ប្តា​ហ៍​ទី​៣​ជាប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សញ្ញា​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក…

អន្តរជាតិ ៖ យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា តម្លៃ​មាស​បាន​ស្ថិត​លើ​ដំណើរ​សម្រាប់​ការ​កើនឡើង​ប្រចាំ​ស​ប្តា​ហ៍​ទី​៣​ជាប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សញ្ញា​នៃ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក និង​តម្រូវការ​មាស​កើនឡើង​ខ្លាំង ចំ​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក​។

តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ ០.៥% ក្នុង​តម្លៃ ៣,០៣០​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៥០​ដុល្លារ​ក្នុង​១​ត​ម្លឺ​ង គិត​ត្រឹម​ម៉ោង​២:៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា បន្ទាប់​ពី​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​គ្រប់ពេល ៣,០៥៧​ដុល្លារ​ក្នុង​១​អោន ឬ ៣,៦៨២​ដុល្លារ​ក្នុង​១​តម្លឹង កាលពី​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅ ពោល​ឡើង​ប្រហែល ១.៥%​។

លោក Kelvin Wong អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ក្រុមហ៊ុន OANDA បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​មាស​កំពុង​ជួញដូរ​បាន​ធ្លាក់​ចុះ​តម្លៃ​បន្តិច​នៅ​អាស៊ី​ថ្ងៃនេះ ដោយសារ​តែ​ភាពរឹងមាំ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ចំណោម​រូបិយប័ណ្ណ​សំខាន់​ៗ​ផ្សេង​ទៀត​»​។

ប្រភព​ពី Reuters បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ពុធ ធនាគារកណ្តាល​អា​មេ​រិ​កបាន​រក្សា​អត្រា​គោល​របស់​ខ្លួន​ក្នុង​ចន្លោះ ៤.២៥%-៤.៥០% ដូច​ការ​រំពឹង​ទុក​។ អ្នក​បង្កើត​គោលនយោបាយ​បាន​មើលឃើញ​ថា ធនាគារកណ្តាល​អា​មេ​រិ​ក​អាច​នឹង​ផ្តល់​នូវ​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចំនួន​២​លើក នៅ​ចុងឆ្នាំ​នេះ​។

លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អា​មេ​រិ​កបាន​លើក​ឡើង បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គោលនយោបាយ​ថា គោលនយោបាយ​ដំបូង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) រួម​ទាំង​ពន្ធ​នាំ​ចូល​ផង​នោះ ហាក់ដូចជា​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អា​មេ​រិ​ក​មាន​កំណើន​យឺត និង​យ៉ាង​ហោច​ណាស់​ក៏​អាច​បង្កើត​អតិផរណា​ខ្ពស់​ជា​បណ្ដោះអាសន្ន​។

កត្តា​ជំរុញ​តម្លៃ​មាស រួម​មាន​សង្គ្រាម​ពន្ធ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​តាម​ការ​រំពឹង​ទុក និង​ការ​ត្រឡប់​មក​វិញ​នៃ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ជំរុញ​ឱ្យ​តម្លៃ​មាស​ហក់​ឡើង​ខ្ពស់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ឆ្នាំ​នេះ ដោយ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន​១៦​លើក​ក្នុង​នោះ​៤​លើក​លើស​ពី​តម្លៃ ៣,០០០​ដុល្លារ​ក្នុង​១​អោន​។

មាស គឺជា​របាំង​ការពារ​ដ៏​រឹង​មាំ​ប្រឆាំង​នឹង​ភាព​មិន​ច្បាស់លាស់​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ពិភពលោក ហើយ​តម្លៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​នេះ តែងតែ​ងើបឡើង​នៅ ពេល​មាន​អត្រា​ការ​ប្រាក់​ទាប​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ