ខេត្តសៀមរាប ៖ បុរសម្នាក់អាយុប្រហែលជាង៣០ឆ្នាំ មានវិបត្តិផ្លូវចិត្ត ដោយសារខឹងប្រពន្ធ លែងលះ ក៏ជិះម៉ូតូកង់បីចេញពីផ្ទះបំរ៉ុងទៅផឹកស៊ីជាមួយមិត្តភក្តិ លុះដល់ពាក់កណ្តាលផ្លូវ ធាក់មិនឆេះ.ក៏ចាក់សាំងដុតម៉ូតូ បណ្តាលឱ្យឆេះផ្អើលមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប តែមិនឆេះរាលដាលដល់បង្គោលភ្លើង ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៦និង៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅមុខមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវជាតិទៅប្រាសាទអង្គរវត្ត ក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ម៉ូតូមួយគ្រឿងដែលត្រូវម្ចាស់ដុតឆេះខ្ទេចខាងលើ ម៉ាកហុងដា ពណ៌ខ្មៅ មិនមានស្លាកលេខ ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ជំនាញបានប្រាប់នូវរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះថា មានករណីបុរសម្នាក់ មានអាយុប្រហែលជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុងសៀមរាប ត្រូវបានប្រពន្ធលែងលះ ។ ថ្មីៗនេះ ដោយសារផឹកស្រវឹងជារៀងរាល់ថ្ងៃ ហើយមានសតិមិនប្រក្រតី ព្រោះធ្លាប់មានគេវាយបែកក្បាល ហើយមានវិបត្តិផ្លូវចិត្តផង ក៏គិតតែដើរផឹក មិនស្តាប់ឪពុកម្តាយឡើយ និងមកស្នាក់នៅផ្ទះជួលតែម្នាក់ឯង។
តាមប្រភពខាងលើបញ្ជាក់ថា នៅថ្ងៃកើតហេតុ បុរសខាងលើបានជិះម៉ូតូកង់បីចេញពីផ្ទះ តែម្នាក់ឯង បំរ៉ុងទៅចូលហាងផឹកស៊ីជាមួយមិត្តភ័ក្ដិ លុះដល់ពាក់កណ្តាលផ្លូវ ហួសសណ្ឋាគារ សូហ្វីតែល ខាងជើងឈៀងខាងលិចធនាគារ ABA ផ្លូវកែងបំបែកអភិរក្សអង្គរ ក៏ធាក់មិនឆេះ ហើយចាក់សាំងដុតម៉ូតូ បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ និងបង្កការផ្អើលពេញមុខមន្ទីរពេទ្យគន្ធបុប្ផា សំណាងល្អ មិនឆេះរាលដាលដល់បង្គោលភ្លើង ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ និងផ្អើលដល់សមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យមកជួយទាន់ពេលវេលាវេលាផងដែរ ៕






ចែករំលែកព័តមាននេះ