ឆ្លងចរន្តអគ្គិសនី លេបត្របាក់ផ្ទះពលរដ្ឋអស់៣ខ្នង ផ្អើលក្រុងសំពៅពូន
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី លេបត្របាក់ផ្ទះពលរដ្ឋ ចំនួន០៣ខ្នង អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា…
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី លេបត្របាក់ផ្ទះពលរដ្ឋ ចំនួន០៣ខ្នង អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា…
ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី លេបត្របាក់ផ្ទះពលរដ្ឋ ចំនួន០៣ខ្នង អស់ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះជួយពន្លត់ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតនៅចំណុចភូមិក្បាលកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានអោយដឹងថា មុនកើតហេតុ គាត់កំពុងអង្គុយលេងក្រោមផ្ទះ ខណៈនោះ គាត់ក៏បានឮសំឡេងផ្ទុះចំនួន០១ដង ភ្លាមៗ គាត់បានរត់ស្ទុះចេញពីក្នុងផ្ទះរបស់ខ្លួនមកមើល ក៏បានឃើញមានផ្សែងហ៊ុយខ្មៅខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះកើតហេតុបាត់ទៅហើយ។ ស្របពេលនោះ ប្រជាពលរដ្ឋបាននាំគ្នាយកទុយោទឹក ដើម្បីជួយបាញ់ពន្លត់ភ្លើងដែរ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការឆេះរាលដាលកាន់តែខ្លាំងដល់ផ្ទះដទៃទៀត ។
បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យផងដែរ ។
ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ក្រាញ់ អ៊ីម ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ ប្រភេទសំណង់ផ្ទះទំហំ ៧ម៉ែត្រX៨ម៉ែត្រ សង់អំពីឈើ ប្រកស័ង្កសី ឆេះខូចខាតទាំងស្រុង និង តសំយាបសង្ក័សីសម្រាប់ជួសជុលរថយន្តទំហំ ៦ម៉ែត្រX៦ម៉ែត្រ ឆេះខូចខាតជញ្ជាំងមួយចំហៀង។
សម្ភារៈខូចខាតរួមមាន, ខ្សែករផ្លាកទីនចំនួន ២ខ្សែ, កងដៃផ្លាកទីនចំនួន ២ខ្សែ, ទូរដាក់សំលៀកបំពាក់ចំនួន០៣, ទូរដាក់ចានឆ្នាំងចំនួន០១, ទូរសព្ទដៃចំនួន ០៣គ្រឿង, ម៉ូទ័រឆាប ១០គ្រឿង, ប៉ុសផ្សារដែកចំនួន ០២គ្រឿង និងគ្រឿងសម្រាប់ជួសជុលរថយន្តមួយចំនួន រួមទាំងប្រាក់រៀលចំនួន ១,៥០០,០០០ (មួយលានប្រាំសែនរៀល ) ។
ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ ស៊ុន គៀង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ប្រភេទសំណង់ ផ្ទះទំហំ ៩ម៉ែត្រX១០ម៉ែត្រ សង់អំពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រកក្បឿង ឆេះខូចខាតទាំងស្រុង ។
សម្ភារៈខូចខាតរួមមាន, ទូរទស្សន៍ចំនួន ១គ្រឿង, ទូរដាក់សំលៀកបំពាក់ចំនួន៣, កង់ចំនួន៣គ្រឿង, ទូរសព្ទដៃ ចំនួន៣គ្រឿង, គ្រែចំនួន១, ឯកសារមួយចំនួន, សម្ភារ:ប្រើប្រាស់មួយចំនួន និងប្រាក់រៀលចំនួន ៤,០០០,០០០ (បួនលានគត់) រៀល ។
ចំណែកម្ចាស់ផ្ទះរងគ្រោះទី៣ ឈ្មោះ យ៉ា សុគន្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ប្រភេទសំណង់ផ្ទះទំហំ ៩ម៉ែត្រX១៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តារ ប្រកក្បឿង ឆេះខូចខាតជញ្ជាំងមួយចំហៀង ។
ដោយក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកោះធំចំនួន ១គ្រឿង និងស្រុកស្អាងចំនួន ១គ្រឿង ជួយបាញ់ពន្លត់ដោយបានប្រើប្រាស់ទឹកនៅអស់ចំនួន ០៣រថយន្ត ទើបគ្រប់គ្រងបាន និងរលត់ជាស្ថាពរនៅវេលាម៉ោង០១និង១០នាទីរសៀល ។
ចំពោះមូលហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) ចេញពីផ្ទះទី០១ឈ្មោះ ក្រាញ់ អ៊ីម រួចក៏បន្តឆេះរាលដាលទៅដល់ផ្ទះរងគ្រោះផ្សេងទៀត ដែលនៅក្បែរនោះតែម្តង ៕
ចែករំលែកព័តមាននេះ