ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​កាស៊ីណូ​ហើយ​ជំពាក់​ប្រាក់​គេ ស្រែ​កថា​«​វៀតណាម​ចាប់ជំរិត​ខ្មែរ​»​ផ្អើល​ផ្សារ​រាត្រី ក្រុង​បា​វិត

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​រាត្រី ដោយ​មាន​មហាជន​ស្រែ​កថា ៖ «​ជួយ​ផង​! មាន​ជនជាតិ​វៀតណាម ចាប់ជំរិត​ខ្មែរ កណ្តាល​ក្រុង​» ធ្វើ​ឲ្យ​មហាជន​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនជាតិ​វៀតណាម…

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​រាត្រី ដោយ​មាន​មហាជន​ស្រែ​កថា ៖ «​ជួយ​ផង​! មាន​ជនជាតិ​វៀតណាម ចាប់ជំរិត​ខ្មែរ កណ្តាល​ក្រុង​» ធ្វើ​ឲ្យ​មហាជន​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនជាតិ​វៀតណាម បាន​ចំនួន​០៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ត៍​រដ្ឋបាល​សង្កាត់​បា​វិត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ២០២៥ នៅ​ចំណុច​ផ្សារ​រាត្រី ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ ដែល​ជា​ជនជាតិ​ខ្មែរ កំពុង​ដើរ​រក​ទិញ​អី​ញ៉ាំ នៅ​ក្នុង​ផ្សារ​រាត្រី ទើបតែ​បើក​ថ្មី នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ខណៈនោះ ស្រាប់តែ​មាន​ជនជាតិ​វៀតណាម​០៣​នាក់ មក​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​អូស​នាំ​ចេញពី​ផ្សារ​រាត្រី​នោះ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​ជន​រង​គ្រោះ ស្រែក​ឲ្យ​ជួយ (​ជួយ​ខ្ញុំ​ផង​ៗ គេ​ចាប់ជំរិត​ខ្ញុំ​) ខណៈនោះ ប្រជាពលរដ្ឋ​ខ្មែរ​យើង ដែល​ទៅ​ដើរ​លេង​នៅ​ផ្សារ​រាត្រី​នោះ ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា ទៅ​ព​ទ្ធ័​ចាប់​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម បាន​ចំនួន​០៣​នាក់ ហើយ​បាន​រំដោះ​ជន​រង​គ្រោះ​ចេញ ពី​ក្រុម​ជនសង្ស័យ ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ឲ្យ​មក​ជួយ​អន្តរាគមន៍ និង​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​០៣​នាក់ យក​ទៅ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត ដើម្បី​សាកសួរ ។

ទាក់ទិន​ករណី​នេះ​ដែរ លោកនាយ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ប្រាប់​កោះសន្តិភាព​ថា ពិតជា​មាន​ករណី​ប្រជាពលរដ្ឋ ចាប់​ជនជាតិ​វៀតណាម​០៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ពិតប្រាកដ​មែន ដោយ​ប្រជាពលរដ្ឋ​ចោទ​ថា ជនជាតិ​វៀតណាម​ទាំង​០៣​នាក់​នេះ ចាប់ជំរិត​ខ្មែរ ។

លោកនាយ​ប៉ុ​ស្ត៍ន​គ​បាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ប្រាប់​បន្ត​ថា សមត្ថកិច្ច​បាន​ទទួល​ជនសង្ស័យ នាំ​យក​ទៅ​ប៉ុ​ស្ត៍ ហើយ​ក្រោយ​ពី​បាន​សាកសួរ លទ្ធផល​គឺ ពុំ​មែន​ជា​ករណី​ចាប់ជំរិត​ទេ ។

លោកនាយ​ប៉ុ​ស្ត៍​រដ្ឋបាល មាន​ប្រសាសន៍​បញ្ជាក់​ថា គឺជា​ករណី​អ្នកលេង​ល្បែង​ចាញ់ នៅ​ក្នុង​កាស៊ីណូ ហើយ​បាន​ខ្ចីប្រាក់​ពី​ជនជាតិ​វៀតណាម ០៣​នាក់​នោះ ចំនួន​៥០​លាន​ដុ​ង (​លុយ​វៀតណាម ប្រមាណ​ជា​ជិត​២,០០០​ដុល្លារ​អា​មេ​រិ​ក​) ហើយ​បន្ត​លេងល្បែង​ទៀត រហូត​ចាញ់​អស់​៥០​លាន​ដុ​ង​ទៀត​។ ហើយ​ក៏​ដើរ​ចេញពី​កាស៊ីណូ បម្រុង​គេចខ្លួន មិន​ព្រម​សង​លុយ​ពួក​គេ ទើប​ពួក​គេ​តាម​មក​ដល់​ក្នុង​ផ្សារ​រាត្រី ក៏​ចាប់​ក្របួច​ក​អាវ អូស​យក​ទៅ​កា​ស៊ី​វិញ ដើម្បី​ទារប្រាក់​ដែល​ខ្ចី ចំនួន​៥០​លាន​ដុ​ង ដែល​លេងល្បែង​ចាញ់​អស់នោះ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ឆោឡោ ព​ទ្ធ័​ចាប់​ជនសង្ស័យ​ទាំង​០៣​នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។

លោកនាយ​ប៉ុ​ស្ត៍ បញ្ជាក់​ទៀត​ថា តាម​ពិត ជន​រង​គ្រោះ ដែល​ប្រាប់​ថា គាត់​ជា​ខ្មែរ​នោះ តាម​ពិត គឺជា​ជនអន្តោប្រវេសន៍ ជនជាតិ​វៀតណាម ប្រើប្រាស់​ប​ណ្ណ័​លឿង មក​ស្នាក់​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ហើយ​ជន​រូប​នោះ​បាន​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ ចាញ់​ប្រាក់​អស់ ក៏​បាន​ខ្ចីប្រាក់ ពី​ភ្នាក់ងារ​កាស៊ីណូ (​ឬ​អ្នក​នាំ​ម៉ូយ​ឲ្យ​កាស៊ីណូ​) ពេល​មាន​ភ្ញៀវ ដែល​គេ​នាំ​ឲ្យ​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ ចាញ់​អស់ប្រាក់ ត្រូវការ​ប្រាក់​លេងល្បែង​បន្ត គឺ​ភ្នាក់ងារ​នាំ​ភ្ញៀវ​នេះ បាន​ឲ្យ​ប្រាក់​ភ្ញៀវ​ខ្ចី​លេងល្បែង​កាស៊ីណូ ។

បើ​តាម​លោក​មេ​ប៉ុ​ស្ត៍​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​សាកសួរ​រួច សមត្ថកិច្ច​បាន​ដោះ​លែង​ជនជាតិ​វៀតណាម​ទាំង​០៣​នាក់ ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​ប្រគល់​ជនអន្តោប្រវេសន៍​រូប​នោះ ដែល​ជំពាក់​លុយ​គេ​(៥០​លាន​ដុ​ង​)​នោះ ឲ្យ​ទៅ​ដោះស្រាយ​គ្នា នៅ​កាស៊ីណូ​វិញ សមត្ថកិច្ច​មិន​លូកដៃ​ទេ ។

មហាជន​បាន​លើក​ឡើង​ថា ការ​ប្រគល់​ជន​ដែល​ចាញ់ល្បែង​ហើយ​ជំពាក់​ប្រាក់​គេ គឺ​មិន​ខុស​ពី​រុញ​ឲ្យ​ចូល​មាត់​ខ្លា និង​ឈាន​ទៅ​ការ​ចាប់​បង្ខាំង​មនុស្ស ដើម្បី​ជំរិត​ទារប្រាក់​ពី​សាច់ញាតិ​នោះ​ទេ ហើយ​បើ​សាច់ញាតិ​គ្មាន​ប្រាក់​មក​លោះ តើ​មានរឿង​អ្វី​កើតឡើង ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ