រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា មិនបាច់បញ្ចូលក្រសួងកសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹកចូលគ្នាឡើយ ។

ការលើកឡើងរបស់សម្តេច មហាបវរធិបតី បានគូសបញ្ជាក់អំពីការផ្តល់យោបល់ដល់សម្តេច ឱ្យបង្រួមក្រសួងចំនួន៣ចូលគ្នា រួមមានក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍជនបទ និងក្រសួងធនធានទឹក នោះថា មិនចាំបាច់បង្រួមទេ ព្រោះកម្ពុជាជ្រើសរើសអភិក្រម ពង្រឹងជាជាងពង្រីក ដោយគ្រាន់តែឱ្យសហការគ្នាឱ្យច្រើនឱ្យរឹងមាំ ប្រកបដោយប្រសិទ្ធភាពល្អ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី បានលើកឡើងនូវយន្តការរបស់បណ្តាប្រទេសជាច្រើននៅលើពិភពលោកសម្រាប់ការកែទម្រង់មុខងារសាធារណៈ ដែលបណ្តាប្រទេសទាំងនោះសុទ្ធតែប្រើប្រាស់យន្តការ បង្រួមដើម្បីពង្រឹង តែកម្ពុជាមានម៉ូដែលខុសពីប្រទេសទាំងនោះ ដោយកម្ពុជាជ្រើសរើស គឺពង្រឹងជាជាងពង្រីក ហើយមិនបង្រួម ដើម្បីពង្រឹងនោះដែរ ។

ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះកម្ពុជា ជ្រើសយកអភិក្រមពង្រឹងជាជាងពង្រីក គឺទប់ស្កាត់នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួន ដែលមិនទាន់ចាំបាច់ លើកលែង តែអប់រំ សុខាភិបាល និងកសិកម្ម ដែលភាគច្រើនជាផែនការឆ្នាំចាស់ ក្នុងការពង្រីក ដោយឡែកពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនឱ្យពង្រីក លើសពីអ្វីដែលមានស្រាប់ ។
ក្នុងនោះ សម្តេចមហាបវរធិបតី ក៏បង្ហើបនូវការស្នើសុំតម្លើងអគ្គនាយកដែលភាគច្រើនត្រូវបានសម្តេចបដិសេធមិនឱ្យធ្វើ ប៉ុន្តែករណីមានតម្រូវការចាំបាច់ អាចធ្វើទៅបាន ប៉ុន្តែការបង្កើនថ្មីនេះត្រូវមានកាត់កងកន្លែងណាមួយមកវិញ ដោយចាំបាច់បំផុត មិនមែនបង្កើត ដើម្បីបង្កើនទេ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសថា៖ «ហើយនេះជាអភិក្រមដែលយើងបានធ្វើ នៅក្នុងមួយខែជាងនេះ ហើយក្រសួងមុខងារសាធារណៈរត់ប្រាប់ខ្ញុំរហូត ពីរឿងសតិអារម្មណ៍មន្ត្រី តែខ្ញុំសូមការយល់ ដើម្បីយើងរស់ទាំងអស់គ្នា យើងមិនប្រើអភិក្រមបង្រួម ដើម្បីពង្រឹងទេ តែយ៉ាងហោចណាស់ យើងត្រូវពង្រឹងជាងពង្រីកនូវអ្វីដែលមានស្រាប់ ធ្វើឱ្យបានល្អ » ។

សម្តេចមហាបវរធិបតី បានលើកឡើងថា៖«មានអ្នកលើកយោបល់ឱ្យសម្តេច ពិសេសពេលដែលខ្ញុំថ្ងៃមុននោះចុះទៅខេត្តកំពង់ធំ នាំរដ្ឋមន្ត្រី៣ កសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹក មានអ្នកលើកយោបល់ឱ្យខ្ញុំ សម្តេចបង្រួម៣ហ្នឹងជាមួយគ្នាទៅ ខ្ញុំថា ឥឡូវរបៀបរបបកម្ពុជាផ្សេងយើងរក្សា និងពង្រឹង៣នេះ សម្រួលភារកិច្ចឱ្យសហការគ្នាឱ្យច្រើនឱ្យរឹងមាំឱ្យប្រសិទ្ធភាពល្អ រួមគ្នាធ្វើទៅ យើងអត់យកដូចខ្ញុំនិយាយ ដូចប្រទេសប៉ុន្មានដែលលើក បង្រួម ដើម្បីពង្រឹង តែយើងត្រូវមានអភិក្រមមួយដែលតាមរបៀបយើង ប៉ុន្តែយើងត្រូវធ្វើ មិនធំ តែយើងត្រូវហ៊ានទទួលខុសត្រូវ យើងត្រូវកែសម្រួល» ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ