បើនិយាយអំពីបំណុលវិញ មកដល់ពេលនេះ ចំនួនពលរដ្ឋដែលកំពុងតែរស់នៅក្នុងបំណុល គឺមានការកើនឡើងច្រើនគួរសមដល់ជិត៣០ភាគរយនៅឡើយទេ ។ តាមរបាយការណ៍មួយដែលចេញដោយការិយាល័យឥណទានកម្ពុជា ដែលហៅកាត់ថា CBC បានឲ្យដឹងថា គិតរហូតដល់ឆ្នាំ២០២៤…
បើនិយាយអំពីបំណុលវិញ មកដល់ពេលនេះ ចំនួនពលរដ្ឋដែលកំពុងតែរស់នៅក្នុងបំណុល គឺមានការកើនឡើងច្រើនគួរសមដល់ជិត៣០ភាគរយនៅឡើយទេ ។
តាមរបាយការណ៍មួយដែលចេញដោយការិយាល័យឥណទានកម្ពុជា ដែលហៅកាត់ថា CBC បានឲ្យដឹងថា គិតរហូតដល់ឆ្នាំ២០២៤ ប្រជាជនកម្ពុជាដែលរស់នៅក្នុងស្ថានភាពជំពាក់បំណុលរបស់ស្ថាប័នហិរញ្ញវត្ថុនានា គឺមានប្រមាណ៥,០៤លាននាក់នៅទូទាំងប្រទេស ។

ប្រភពដដែលបានឲ្យដឹងថា ពួកគេបានកំពុងតែរស់នៅក្នុងស្ថានភាពជាកូនបំណុលដែលមានទំហំទឹកប្រាក់សរុបប្រមាណជិត៦០ពាន់លានដុល្លារ ។ ដោយពួកគេជំពាក់ស្ថាប័នហិរញ្ញវត្ថុមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទនានាសរុប១៩៧ ស្ថាប័ន ។
ប្រភពដដែលបានបន្តថា តាមការកត់ត្រារាជធានី ខេត្តកណ្តាល និងខេត្តសៀមរាប គឺជាកន្លែងដែលមានពលរដ្ឋរស់នៅក្នុងបំណុលនោះច្រើនជាងគេបង្អស់ ។ ក្នុងនោះ គ្រាន់តែរាជធានីភ្នំពេញ មានចំនួនបំណុលច្រើនជាងគេរហូតដល់ប្រមាណ៥០ភាគរយនៃសមតុល្យ បំណុលសរុបទូទាំងប្រទេសដែលមានអ្នកខ្ចីសរុបចំនួន៦៩,៦ម៉ឺននាក់ ។ បន្ទាប់មកទៀត គឺខេត្តកណ្តាល មានបរិមាណបំណុលស្មើនឹង៥ភាគរយ ហើយមានអ្នកខ្ចីសរុប៣៩,៤ម៉ឺននាក់ ។ ដោយឡែក ខេត្តសៀមរាបមានបរិមាណបំណុលសរុបស្មើនឹង៤ភាគរយ និងមានអ្នកជាប់បំណុល សរុប ៣២,៤ម៉ឺននាក់ ។

ទោះបីជាយ៉ាងណាក្តី មិនមែនបំណុលទាំងអស់សុទ្ធតែអាក្រក់ទេ ។ បំណុលខ្លះ គឺជាការខ្ចីលុយ ដើម្បីរកស៊ី និងបានផលចំណេញ ខណ:បំណុលមួយចំនួអាចនាំទុក្ខក៏ដោយ ។ ជាការពិតនៅពេលដែលបំណុលមានស្ថានភាពកើនឡើង យើងអាចនឹងមានការព្រួយបារម្ភ សង្គមមានផលវិបាក ហើយផលវិបាកនោះ អាចមានផលប៉ះពាល់រយៈពេលវែងដល់សេដ្ឋកិច្ចនិងស្ថេរភាពសង្គម ។
ជាទូទៅនៅពេលដែលបំណុលមានការកើនឡើង អ្នកដែលរស់នៅក្នុងបំណុលអ្វីដែលពួកគេកំពុងតែប្រឈមមុខនោះ គឺពួកគេនឹងកាត់បន្ថយការចំណាយ ដែលនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចបន្ថែមទៀត ។
ការការកើនឡើងនៃអត្រាបំណុលអាចនាំអោយមានអតិផរណា ប្រសិនបើវានាំទៅដល់ការខ្ចីប្រាក់ច្រើនពេក ជាពិសេសប្រសិនបើមនុស្សជំពាក់បំណុលគេក្នុងការប្រើប្រាស់ហិរញ្ញវត្ថុជាជាងការវិនិយោគ ។ នេះអាចជំរុញឱ្យឡើងថ្លៃទំនិញ និងសេវាកម្ម ដែលប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាប បង្កើនភាពតានតឹង និងបញ្ហាសុខភាពផ្លូវចិត្តដល់ពលរដ្ឋ ។ អ្នករស់នៅក្នុងស្ថានភាពកូនបំណុលគេ គឺអាចនឹងប្រឈមមុខនឹងការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងភាពតានតឹងដែលអាចមានផលប៉ះពាល់រយៈពេលវែងលើសុខុមាលភាពរួមរបស់ពួកគេ ។
មិនតែប៉ុណ្ណោះបំណុលខ្ពស់អាចរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពជីវិត និងការកើនឡើងសម្ពាធលើប្រព័ន្ធថែទាំសុខភាព ដោយសារតែជំងឺដែលទាក់ទងនឹងភាពតានតឹងផ្នែកអារម្ភ ។ នៅក្នុងស្ថានភាពដែលពលរដ្ឋប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុដែលបណ្តាលមកពីការកើនឡើងបំណុលបែបនេះអាចនាំឱ្យមានភាពតានតឹងក្នុងគ្រួសារ បង្កើនលទ្ធភាពនៃការបែកបាក់ទំនាក់ទំនង ការលែងលះ និងជម្លោះគ្រួសារ ។ ក្រៅពីនោះពលរដ្ឋក៏អាចប្រឈមនឹងការស្វែងរកឱកាសធ្វើចំណាកស្រុក ដែលធ្វើឲ្យបញ្ហារបស់ពួកគេនឹងជួបកាន់តែធ្ងន់ធ្ងរ ។
ពាក់ព័ន្ធនឹងស្ថានភាពបែបនេះ អ្នកវិភាគបានអះអាងថា ទាំងនេះ គឺជាក្តីបារម្ភប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអត្រានៃប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងស្ថានភាពបំណុលសព្វថ្ងៃនេះមិនខ្ពស់ពេកឡើយ ។
អ្នកវិភាពបានឲ្យដឹងទៀតថា ផ្អែកតាមស្ថិតិអ្នកដែលរស់នៅក្នុងស្ថានភាពបំណុលនោះ គឺមានតែ២៩,៦៥ភាគរយប៉ុណ្ណោះ ខណៈដែលពលរដ្ឋប្រមាណជា៧០,៣៥ភាគរយទៀត គឺនៅតែរស់នៅក្នុងស្ថានភាពដែលគ្មានជំពាក់ជំពិននឹងបំណុលឡើយ ។
អ្នកវិភាគក៏បានបន្ថែមទៀតថា ហើយមកដល់ពេលនេះ ចំនួនពលរដ្ឋដែលរស់នៅក្នុងបំណុលទាំងនេះក៏មិនមែនមានន័យថា ពួកគេមានស្ថានភាពលំបាកទាំងអស់ដែរ ។ កន្លងមកពលរដ្ឋយើងមានការយល់ខុសថា អ្នកដែលរស់នៅក្នុងស្ថានភាពបំណុល គឺអាក្រក់ ប៉ុន្តែតាមពិតវាមិនមែនអាក្រក់ទាំងអស់ឡើយ ។ អ្នកខ្លះថ្វីត្បិតតែពួកគេជាប់ជំពាក់បំណុលគេមែន ប៉ុន្តែបំណុលនោះមិនមែនជាគេយកបំណុលនោះមកចាយនោះទេ គឺគេយកបំណុលនេះទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីបង្កើតឱកាសបង្កើតលទ្ធភាពពង្រីកអាជីវកម្មតែប៉ុណ្ណោះ ។ អ្នកដែលរស់នៅក្នុងបំណុលមិនមែនជាអ្នកសុទ្ធតែមានហានិភ័យឡើយ ហើយក៏មានអ្នកដែលជោគជ័យជាច្រើនដែលបានប្រើប្រាស់បំណុល ដើម្បីបង្កើនទ្រព្យ និងឱកាសនៅក្នុងវិស័យជំនួញ វិនិយោគ ឬពាណិជ្ជកម្ម ៕
ចែករំលែកព័តមាននេះ