សម្រាប់មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ រឿងអស្ចារ្យមិនបាច់និយាយទេ ហើយរឿងលើកទឹកចិត្តមនុស្ស និងអ្នកទេសចរក៏សឹងតែមិនបាច់និយាយដែរ ដោយសារតែវាដឹងតែកំពូលអស្ចារ្យ ហើយមនុស្សក៏នឹងចូលរួមច្រើនដែរ ។ ប៉ុន្តែកុំភ្លេចរឿងភស្តុភាកម្មក៏ដូចជា បញ្ហាសន្តិសុខ…
សម្រាប់មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ រឿងអស្ចារ្យមិនបាច់និយាយទេ ហើយរឿងលើកទឹកចិត្តមនុស្ស និងអ្នកទេសចរក៏សឹងតែមិនបាច់និយាយដែរ ដោយសារតែវាដឹងតែកំពូលអស្ចារ្យ ហើយមនុស្សក៏នឹងចូលរួមច្រើនដែរ ។ ប៉ុន្តែកុំភ្លេចរឿងភស្តុភាកម្មក៏ដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃកម្មវិធី ។
បើតាមការរៀបរាប់របស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីពេលថ្មីៗនេះ ក្រោយពេលដែលអាក់ខានមួយឆ្នាំ ព្រឹត្តិការណ៍ដែលបានចាប់បដិសន្ធិឡើង មកតាំងពីឆ្នាំ២០១៣ នឹងកាន់តែអធិបអធម ហើយកាន់តែធំកាន់តែប្លែក កាន់តែទាក់ទាញ និងកាន់តែក្លៀវក្លា ។

មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរ សង្ក្រាន្តឆ្នាំថ្មី» នេះ គឺជាឱកាសជួបជុំសប្បាយរីករាយរបស់មហាគ្រួសារខ្មែរមកពីគ្រប់ទិសទី រួមទាំងភ្ញៀវទេសចរអន្តរជាតិផងលើទឹកដីខេត្តសៀមរាប ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
ឆ្នាំទៅខកខាននៅអង្គរ ប៉ុន្តែពលរដ្ឋសប្បាយនៅក្នុងកម្មវិធីសង្ក្រាន្តគ្រប់ខេត្តក្រុងរាជធានី ។ ប៉ុន្តែឆ្នាំនេះគណកម្មការរៀបចំ ជាពិសេស គឺសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាម្ចាស់កម្មវិធីនេះបានសម្រេចរៀបចំនៅក្នុងខេត្តសៀមរាបឡើងវិញ ដើម្បីជាឱកាសចូលរួមលើកទឹកចិត្ត និងទាក់ទាញពលរដ្ឋឲ្យមករីករាយនឹងស្នាមញញឹមថ្មី នៅលើដីអង្គរ និងស្គាល់សម្រស់អង្គរថ្មី ដែលរាជរដ្ឋាភិបាលបានខិតខំកៃច្នៃ និងអភិវឌ្ឈន៍ជាបន្តបន្ទាប់កន្លងមក ។

កម្មវិធីនៃមហាព្រឹត្តិការអង្គរសង្ក្រាន្ត ២០២៥ខាងមុខនេះនឹងមានកម្មវិធីចំនួន៣៨ ក្រុមការងារ៣៤ក្រុម និងយុវជនស្ម័គ្រចិត្តចំនួនប្រមាណ៥០០០នាក់ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ ។
ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងជួយលើកតម្លៃផ្នែកសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។ ជាពិសេសអង្គរសង្ក្រាន្តបានបង្ហាញនូវបេតិកភណ្ឌអរូបី ភ្ជាប់ជាមួយបេតិកភណ្ឌរូបីទៅកាន់ទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់កាន់តែច្បាស់ពីអត្តសញ្ញាណរបស់ជាតិ ។
នេះ គឺជាកម្មវិធីដែលនឹងបង្កើនការផ្សារភ្ជាប់ជាមួយមហាជនដែលអាចចូលរួមសកម្មភាពផ្ទាល់ ដើម្បីបង្កើនការផ្សារភ្ជាប់ផ្ទាល់ជាអនុស្សាវរីយ៍ និងការចងចាំ ។ នៅក្នុងមហាព្រឹត្តិការណ៍នេះក៏នឹងមានកម្មវិធីសម្តែងសិល្បៈទស្សនីយភាព «ចង្វាក់បេះដូងអង្គរ» ដែលជាការផ្តល់បទពិសោធន៍ថ្មី និងឱកាសដល់សាធារណជនអាចចូលរួមទស្សនាការសម្តែងក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ។ កម្មវិធីប្រកួតអុក ភូមិអាហារនៃក្តីស្រឡាញ់ ដែលមានការតាំងបង្ហាញនូវមួកត្នោតយក្សទំហំ ៨ម៉ែត្រ និងមានផ្ទះខ្មែរបុរាណ ដែលធ្វើពីដើមត្នោត ។ ការតាំងបង្ហាញនូវក្រមា១០០០ម៉ែត្រ ដែលបានបំបែកឯតទគ្គកម្មពិភពលោកក្រមាវែងជាងគេ ។
កម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ និងកម្មវិធីគុនល្បុក្កតោរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ ។ ចំណែកសួនញញឹមអង្គរវិញមានការបន្ថែមនូវការតាំងបង្ហាញខ្លែងខ្មែរ ។ រីឯកម្មវិធីតោះៗលេងទឹក បានពង្រីកវិសាលភាពនៃការរៀបចំចំនួន២ទីតាំង នៅមុខប្រាសាទអង្គរវត្ត និងសួនច្បារព្រះរាជដំណាក់ ។ ចំពោះល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តក៏មានការបន្ថែមឡើងសសរខ្លាញ់ផងដែរ ។ល។
ពីមួយឆ្នាំទៅមួយឆ្នាំចាប់ តាំងពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន លើកលែងតែពេលកូវីដ១៩ និងឆ្នាំ២០២៤ ការរៀបចំព្រឹត្តិការណ៍នេះពិតជាមានភាពទាក់ទាញ និងជោគជ័យ គ្រាន់តែនៅមានចំណុចខ្លះដែលគួរតែរិះគិតបន្ថែមបន្តិច គឺកម្មវិធីភស្តុភាកម្មក៏ដូចជា បញ្ហាសន្តិសុខរបៀបរៀបរយចរាចរណ៍ ។ ដោយសារតែវាទាក់ទាញមនុស្សច្រើន ពលរដ្ឋអាចមានបញ្ហាលំបាកនៅក្នុងការធ្វើដំណើរអាចលំបាកនៅក្នុងការស្វែងរកម្ហូបអាហារទទួលទាន កន្លែងស្នាក់នៅខ្លះៗ ។ បញ្ហាទាំងនេះ គឺចោទខ្លាំងដែលអាជ្ញាធរដែនដី ដែលជាម្ចាស់ផ្ទះគួរតែយកចិត្តទុកដាក់ និងដាក់ផែនការសកម្មភាពបន្ថែម ។
ដើម្បីសម្រួលការកកស្ទះនៅកន្លែងរៀបចំកម្មវិធី អាជ្ញាធរគួរតែមានការសម្រួលលំហូរនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីតាំងកម្មវិធីនានានៅក្នុងខេត្តតាមរយៈការបង្កើតសៀគ្វីដឹកជញ្ជូនសាធារណៈ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការដែលពលរដ្ឋយកយានជំនិះឯងជនចូលតំបន់រៀបចំកម្មវិធី ។ ពង្រឹងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ សន្តិសុខ គឺចាំបាច់ណាស់ គឺត្រូវតែការពារឲ្យបានដិតដល់ ហើយរឿងការស្នាក់នៅ ហូបចុក និងបទដៃបទជើងក៏ជារឿងចាំបាច់ដែរ ។ ក្រៅពីនោះបញ្ហាអនាម័យ និងសុវត្ថិភាពក៏ដូចជាថ្លៃថ្នូនៃការធ្វើអាជីវកម្មក៏គួរតែគ្រប់គ្រងឲ្យបានត្រឹមត្រូវ និងសមរម្យ ដើម្បីកុំអោយភ្ញៀវទេសចរមកលេងម្តងគេរាងចាល ។
សរុបទៅ ប្រសិនបើអាជ្ញាធរ និងគណកម្មការអាចដោះស្រាយចំណុចអសកម្មផ្សេងៗដែលធ្លាប់ជួបកន្លមកបានកម្មវិធីមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងកាន់តែរស់រវើក ហើយវាក៏នឹងរួមចំណែកធ្វើឲ្យ មរតកបេតិកភណ្ឌអរូបី នៅលើទីតាំងនៃមរតកបេតិកភណ្ឌរូបីមានជីវិត និងទទួលបានប្រយោជន៍ធុរកិច្ចពីកំណើនទេសចរ ៕
ចែករំលែកព័តមាននេះ