ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ គ្រឿ​.​ង​.​ញៀ​.​ន​ធ្ងន់ធ្ងរ​ដែល​ជា​បទឧក្រិដ្ឋ​បាន​ធ្លាក់​ចុះ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា សំណុំរឿង​គ្រឿងញៀន​នៅ​តាម​តុលាការ​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ នៅ​តែ​បន្ត​ឈរ​លំដាប់ថ្នាក់​ទី​១ ប៉ុន្តែ​សំណុំរឿង​គ្រឿងញៀន​ធ្ងន់ធ្ងរ ដែល​ជា​បទឧក្រិដ្ឋ​បាន​ធ្លាក់​ចុះ​ពី​លេខ​១​មក​នៅ​ត្រឹម​លេខ​៣​។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​លទ្ធផល​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងយុត្តិធម៌ កាលពី​ពេលថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ថា សំណុំរឿង​គ្រឿងញៀន​នៅ​តាម​តុលាការ​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ នៅ​តែ​បន្ត​ឈរ​លំដាប់ថ្នាក់​ទី​១ ប៉ុន្តែ​សំណុំរឿង​គ្រឿងញៀន​ធ្ងន់ធ្ងរ ដែល​ជា​បទឧក្រិដ្ឋ​បាន​ធ្លាក់​ចុះ​ពី​លេខ​១​មក​នៅ​ត្រឹម​លេខ​៣​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រកាស​លទ្ធផល​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងយុត្តិធម៌ កាលពី​ពេលថ្មី​ៗ​នេះ ឯកឧត្តម សេង ឌី​ណា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​កត់សម្គាល់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​បទឧក្រិដ្ឋ​ទាក់ទង​នឹង​គ្រឿងញៀន ដោយ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​បើ​យើង​គិត​លើ​បទល្មើស​មួយ​ៗ​វិញ​យើង​ឃើញ​ថា នៅ​ក្នុង​ចំណោម​បទឧក្រិដ្ឋ បើ​យើង​គិតតែ​សំណុំរឿង​ចូល​ទៅ​កាន់​តំណាង​អយ្យការ​នៅ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ យើង​ឃើញ​ថា បទល្មើស​ដែល​ច្រើន​ជាងគេ គឺ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​មាន​ចំនួន​៩៩៧​ករណី ហើយ​ស្ថិត​ក្នុង​លំដាប់​ទី​២​គឺ​បទល្មើស​សេពសន្ថវៈ ដែល​មាន​ចំនួន​៥២៩​ករណី​ហើយ​ទី​៣​គឺ​បទល្មើស​គ្រឿងញៀន​»​។

បទល្មើស​គ្រឿងញៀន​នៅ​តែ​ឈរ​លំដាប់ថ្នាក់​លេខ​១ នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤​។ បើ​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​អ្នកនាំពាក្យ​ពាក្យ​ក្រសួងយុត្តិធម៌ បាន​បង្ហាញ​ថា​៖​សំណុំរឿង​ព្រហ្មទណ្ឌ​សរុប នៅ​ដំណាក់កាល​អយ្យការ​ក្នុង​ចំណោម​សំណុំរឿង​៣៨៧៥៦ មាន​បទល្មើស​គ្រឿងញៀន​៦១៩៩​ករណី ស្មើនឹង​១៥.៩៩​ភាគរយ នៃ​បទល្មើស​ទាំងអស់ ក្នុង​នោះ បទឧក្រិដ្ឋ​គ្រឿងញៀន​មាន​ចំនួន​ត្រឹមតែ ៤៣៣​ករណី ខណៈ​ដែល ៤៣៣​បទមជ្ឈិម​គ្រឿងញៀន​មាន​រហូត​ដល់ ៥៧៦៦​ករណី​។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បន្ត​ថា «​ចំណាត់ថ្នាក់​(​បទឧក្រិដ្ឋ​គ្រឿងញៀន​) នេះ បើ​យើង​មើលទៅ​គឺ​មានការ​ប្រែប្រួល​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៣​កន្លង​ទៅ ដោយ​ឆ្នាំ​២០២៣ បទល្មើស​ឧក្រិដ្ឋ​គ្រឿងញៀន​ស្ថិត​នៅ​លំដាប់​ទី​១ ដែល​មាន​ចំនួន​ច្រើន​ជាងគេ​»​។ឯក​ឧត្ត​បាន​លើក​ឡើង​ថា បទឧក្រិដ្ឋ​លំដាប់​ទី​២ គឺ​បទ​រំលោភ​ព​សេពសន្ថវៈ ដែល​បទលមើស​នេះ​មិន​មានការ​ប្រែប្រួល​ច្រើន​ឡើយ​ទាំង​នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ចំណែក​បទល្មើស​លួច​មាន​ស្ថានភាព​ទម្ងន់ទោស​ដែល​ជា​បទឧក្រិដ្ឋ​ដែរ​នោះ នៅ​ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៣ ហើយ​ឆ្នាំ​២០២៤ ឡើង​មក​លំដាប់​លេខ​ទី​១​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បទល្មើស​ឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ឆ្នាំ​២០២៤ បាន​ធ្លាក់​ចុះ​ប្រមាណ​ពាក់កណ្ដាល បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២៣ ហើយ​បើ​និយាយ​អំពី​បទមជ្ឈិម​ទាក់ទង​នឹង​គ្រឿងញៀន​វិញ មិនសូវ​ជា​មានការ​ខុស​គ្នា​ប៉ុន្មាន​ទេ​សំណុំរឿង​មានការ​កើនឡើង​ប៉ុន្តែ​ចំណាត់ថ្នាក់​គឺ​នៅ​ដដែល​។

នៅ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​ដោះស្រាយ​សំណុំរឿង​ក្តី​បាន​ប្រមាណ​ជាង​១៩​ម៉ឺន​សំណុំរឿង ស្មើនឹង​ប្រមាណ ៨២ ភាគរយ នៃ​សំណុំរឿង​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ចំណោម​សំណុំរឿង​ក្តី​ទាំងអស់​ជាង​២៣​ម៉ឺន​សំណុំរឿង ដែល​បាន​ដាក់​ទៅ​កាន់​តំណាង​អយ្យការ​។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​នៅ​តុលាការ​នេះ កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ គឺ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​មាន​ជាង​១១​ម៉ឺន​សំណុំរឿង​ហើយ បើ​គិត​ពី​ប្រភេទ​នៃ​បទល្មើស​គឺ​បទមជ្ឈិម​មាន​អត្រា​ខ្ពស់​ជាងគេ​ខ្ពស់​រហូត​ដល់​ជាង ៨៤% បទឧក្រិដ្ឋ​ស្ថិត​នៅ​ក្នុង​លំដាប់ថ្នាក់​ទី​២ គឺ​ប្រមាណ ១៥​ភាគរយ ចំណែកឯ​បទល្ហុ គឺ​មាន​ចំនួន​តិច​ជាងគេ​ប្រមាណ​២​ភាគរយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ