ទីក្រុងបាងកក៖ មានហេតុការណ៍បាក់ធ្នឹម និងរន្ទាសម្រាប់សាង់សង់ស្ពានអាកាសនៅប្រទេសថៃ បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៥នាក់ និងរបួស២២នាក់។ នោះជាធ្នឹមសម្រាប់សាងសង់ស្ពានអាកាសនៅលើផ្លូវហាយវេក្បែរមហាវិថីព្រះបាទរាមាទី២ នៃទីក្រុងបាងកកក។ នគរបាលបានទទួលការជូនដំណឹងអំពីឧបទ្ទវហេតុនេះនៅម៉ោង១:៤៨រំលងអធ្រាត្រថ្ងៃសុក្រចូលព្រឹកថ្ងៃសៅរ៍។

ប្រភពពីបាងកកប៉ុស្តិ៍ឱ្យដឹងថា ធ្នឹមសម្រាប់ទប់បេតុងដែលកំពុងសាងសង់នោះស្ថិតនៅចម្ងាយ២រយម៉ែត្រពីក្បាលផ្លូវ។ នៅសុខៗធ្នឹមបេតុងនោះក៏បានបាក់សង្កត់ពីលើផ្លូវល្បឿនលឿនមួយទៀតបណ្ដាលឱ្យមនុស្សជាច្រើនរងរបួស និងស្លាប់។ គេដឹងថានៅពេលកើតហេតុនោះមានកម្មករប្រហែលជាងម្ភៃនាក់កំពុងធ្វើការ។ ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក៏ប្រញាប់ធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះអ្នកកប់នៅក្នុងគំនរបេតុង។
ពួកគេប្រើប្រាស់សត្វសុនខជាច្រើនក្បាល និងឧបករណ៍ពិសេសដើម្បីកំណត់ទីតាំងរបស់ជនរងគ្រោះ។ គិតត្រឹមម៉ោង៧ គេរកឃើញសាកសពកម្មករ៥នាក់ និងអ្នករបួស២២នាក់។ នៅក្នុងចំណោមសាកសពជនរងគ្រោះទាំង៥នាក់មានជនជាតិថៃបីនាក់ជាវិស្វករ និងកម្មករ និងជនជាតិបរទេស២នាក់ជាកម្មករ។

កម្មករម្នាក់ដែលនៅនឹងកន្លែងកើតហេតុប្រាប់ថាខ្លួនស្ដាប់ឮសំឡេងលាន់ដ៏កងរំពងចេញពីកន្លែងសាងសង់មុនពេលធ្នឹម និងរន្ទាចាប់ផ្ដើមបាក់រលំមកក្រោម។ ពេលនោះ គេកំពុងចាក់ស៊ីម៉ង់តភ្ជាប់តួស្ពាន។ នៅក្នុងដំណាក់កាលជួយសង្គ្រោះនេះ កំណាត់វិថីក្បែរៗនោះត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន។ ក្រុមវិស្វករ និងនគរបាលថៃកំពុងស៊ើបអង្កេតរកមូលហេតុពិតនៅពីក្រោយរឿងនេះ។ មហាវិថីព្រះបាទរាមាទី២នេះជាផ្លូវសំខាន់ និងតភ្ជាប់ដោយផ្ទាល់ពីទីក្រុងបាងកកទៅប្រទេសថៃភាគខាងត្បូង។

កាសែតដឹណេសឹនរបស់ថៃ (The Nation Thailand) ផ្សាយថាក្រុមហ៊ុនម៉ៅការសាងសង់ស្ពានអាកាសនេះប្រកាសថាខ្លួននឹងរ៉ាប់រងផ្ដល់ប្រាក់សំណងយ៉ាងពេញថ្លៃសម្រាប់ជនរងគ្រោះទាំងអស់ ទាំងរបួស និងស្លាប់។ គិតត្រឹមក្បាលព្រលប់ថ្ងៃសៅរ៍ គេបានរកឃើញសាកសពជនរងគ្រោះគ្រប់ចំនួនអស់ហើយ ហើយមិនមានអ្នកបាត់ខ្លួនតទៅទៀតទេ។ ជារួមស្លាប់សរុប៥នាក់ និងរបួស៣០នាក់។

សមត្ថកិច្ចកំពុងពិនិត្យទៅលើទិដ្ឋភាពច្បាប់ដើម្បីចង់ដឹងតើនេះជាបទល្មើសព្រហទណ្ឌដែលអាចប្ដឹងឡើងតុលាការដែរឬទេដើម្បីចាប់អ្នកទទួលខុសត្រូវយកទៅផ្ដន្ទាទោស។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃបានដឹកនាំការស៊ើបអង្កេត។ លោកកំពុងពិនិត្យស៊ីជម្រៅទៅលើសំណុំរឿងនេះដើម្បីចង់ដឹងថាតើករណីនេះកើតឡើងពីការធ្វេសប្រហែសរបស់ក្រុមហ៊ុនម៉ៅការសាងសង់? ឬក៏ជាហេតុការណ៍ចៃដន្យដែលគេមិនអាចព្យាករទុកជាមុន?

ចែករំលែកព័តមាននេះ