រាជធានីភ្នំពេញ ៖ ជនសង្ស័យ ដែលលួចលុយចំនួន ៣,៧០០ដុល្លារ ពីស្ត្រីបរទេសម្នាក់ ជាជនជាតិអេព្យូពី ត្រូវបាននគរបាលទេសចរណ៍ នាំខ្លួនយកមកធ្វើត្រាប់ឡើងវិញ នៅក្នុងផ្សារទួលទំពូង ។
ករណីនាំជនសង្ស័យមកធ្វើត្រាប់ឡើងវិញនេះ ធ្វើឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងផ្សារទូលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អុល ច័ន្ទណារី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរតាមអនឡាញ មានទីលំនៅផ្ទះលេខ៥៥អី៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក រួមមាន ៖ ទោចក្រយានយន្ត១គ្រឿង(ម៉ូតូ) ម៉ាក HONDA SCOOPY I ពណ៌ស ស្លាកលេខ ភ្នំពេញ 1HS 6294 ឆ្នាំផលិត២០២០ និងទូរសព្ទដៃចំនួន០១គ្រឿង ។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានប្រាប់អោយដឹងថា ដោយមានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការផ្សារផងដែរ សមត្ថកិច្ចបង្ហាញមុខស្ត្រីសង្ស័យអោយអាជីវករលក់ដូរបានឃើញ ក្រែងធ្លាប់ឃើញធ្វើសកម្មភាពនៅកន្លែងរបស់ខ្លួន សូមប្រញាប់មកដាក់ពាក្យបណ្ដឹងជាបន្ត ដើម្បីងាយស្រួលដាក់បន្ទុក ទៅលើជនសង្ស័យបន្ថែមទៀត ។
ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានអោយដឹងទៀតថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ការិយាល័យនីតិវិធីបានចាប់ផ្តើមស៊ើបអង្កេត និងឈានដល់ឃាត់ជនសង្ស័យបានអស់រយៈពេល១០ថ្ងៃមកហើយ ។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលទេសចរណ៍ បានបញ្ជាក់ថា កម្លាំងជំនាញបានចាប់ផ្ដើមបិទ QR កូដ បិទតាមផ្សារទូទាំងប្រទេស ប៉ុន្តែតែជំហានដំបូង ក្នុងរាជធានីភ្នំពេញសិន មាន៣ចំណុច រួមមាន ៖ ទី១.លេខតេឡេក្រាមនាយកដ្ឋានការិយាល័យទេសចរណ៍ ទី២.ផេករបស់នាយកដ្ឋាន និងទី៣.ទីតាំងរបស់នាយកដ្ឋាន ដើម្បីងាយស្រួលជនបរទេស ដែលមានបញ្ហាអាចទៅដល់គោលដៅ បានលឿន ហើយសមត្ថកិច្ចលើកឡើងថា រងចាំទទួលយកជនរងគ្រោះ ២៤ម៉ោង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ស្ត្រីសង្ស័យបានដើរចូលទៅផ្សារទួលទំពូង ក្នុងគោលបំណងទិញសំលៀកបំពាក់ឱ្យភ្ញៀវ ពេលនោះ ស្ត្រីសង្ស័យបានដើរដល់តូបលេខ ១១០១ ក្នុងផ្សារទួលទំពូង ក៏ឃើញភ្ញៀវបរទេស ដែលជាជនរងគ្រោះ កំពុងឈរទិញសំលៀកបំពាក់ ដោយភ្ញៀវបរទេសនោះ បានដោះកាបូបស្ពាយ ដែលបានដាក់លុយក្នុងនោះ ទុកនៅលើធ្នើរតាំងសំលៀកបំពាក់ ដោយឃើញដូច្នេះស្ត្រីសង្ស័យបានឈរនៅជាប់ភ្ញៀវបរទេស ធ្វើខ្លួនជាអ្នកទិញ ដែរ ហើយក៏បានបន្លំលូកយកលុយចេញពីកាបូបស្ពាយ ដែលមានចំនួនទឹកប្រាក់ ៣,៧០០$ (បីពាន់ប្រាំពីររយដុល្លារអាមេរិក) រួចចេញពីកន្លែងហេតុបាត់តែម្តង ៕



ចែករំលែកព័តមាននេះ