ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រឹងប្រែង​ជួសជុល​ពង្រឹង​ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា ឱ្យ​រឹង​មាំ​ឡើង​វិញ

20 ម៉ោង មុន

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ផ្នែក​ខាងកើត​របស់​ប្រាសាទបេង​មាលា កំពុង​ប្រែក្លាយ​ពី​ស្ថានភាព​ដួល​រលំ​បាក់បែក​ទ្រុឌទ្រោម​ប្រែជា​រឹង​មាំ​ឡើង​វិញ ជា​បន្តបន្ទាប់​ដោយ​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំណាយពេល​ជួសជុល​ប្រមាណ​១០​ខែ​មក​ហើយ ដែល​ប្រើប្រាស់​ថវិកា នៃ​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​ពិសេស​មេគង្គ​-​ឡាន​ឆាង ។…

ខេត្តសៀមរាប ៖ ស្ពាន​ហាល​ផ្នែក​ខាងកើត​របស់​ប្រាសាទបេង​មាលា កំពុង​ប្រែក្លាយ​ពី​ស្ថានភាព​ដួល​រលំ​បាក់បែក​ទ្រុឌទ្រោម​ប្រែជា​រឹង​មាំ​ឡើង​វិញ ជា​បន្តបន្ទាប់​ដោយ​ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចំណាយពេល​ជួសជុល​ប្រមាណ​១០​ខែ​មក​ហើយ ដែល​ប្រើប្រាស់​ថវិកា នៃ​មូលនិធិ​កិច្ច​សហប្រតិបត្តិការ​ពិសេស​មេគង្គ​-​ឡាន​ឆាង ។

អ្នកស្រី បឿ​ត សុ​ប៉ាក វិស្វករ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា រយៈពេល​១០​ខែ​មកនេះ ក្រុមការងារ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​តួ​ស្ពាន​ហាល សសរ ធ្នឹម បង្កាន់ដៃ​នាគ ក្បាល​នាគ​ទាំង​សងខាង​នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាល​ខាងកើត នៃ​ប្រាសាទបេង​មាលា បាន​សម្រេច​រួចរាល់ ព្រមទាំង​បាន​ជួសជុល​កម្រាល​ស្ពាន ដែល​ស្រុត​មួយ​ផ្នែក​ធំ​ទៀត​។ បច្ចុប្បន្ន​ក្រុមការងារ​នៅ​តែ​បន្ត​ជួសជុល​ដំឡើង​ក្បាល​នាគ​ផ្នែក​ខាងត្បូង និង​ជួសជុល​ថ្មបាយក្រៀម​របស់​តួ​ស្ពាន សសរ ធ្នឹម ជើង​ទម្រ​នាគ បង្កាន់ដៃ​នាគ និង​កម្រាល​នៅ​ផ្នែក​នេះ​ជា​បន្ត​ទៀត ។

អ្នកស្រី បឿ​ត សុ​ប៉ាក បញ្ជាក់​ថា ស្រប​តាម​អនុសាសន៍​អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក្រុមការងារ​ប្រើ​ថ្មបាយក្រៀម​ជំនួស​ដី​ដែល​ចាស់​បុរាណ​បាន​បុក​បង្ហាប់​ក្នុង​ពេល​សាងសង់​នៅ​តាម​ផ្នែក​សងខាង នៃ​ស្លាប​ស្ពាន ដែល​ទីតាំង​នេះ​មាន​ស្ថានភាព​ស្រុត​ដោយសារ​ទឹក​ហូរ​ច្រោះ​។ អ្នកជំនាញ​រំពឹង​ថា ការ​ប្រើ​ថ្មបាយក្រៀម​នៅ​ទីតាំង​នេះ នឹង​ជួយ​ឱ្យ​រឹង​មាំ​បាន​យូរអង្វែង ទប់ស្កាត់​ការ​ខូចខាត​នា​ពេល​អនាគត​ជា​បន្ត​ទៀត ។

ការងារ​ជួសជុល​ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា បាន​បែងចែក​ក្រុមការងារ​ជា​៤​ផ្នែក គឺ​ផ្នែក​ទី​១ រៀបចំ​កម្រាល និង​តម្លើង​នាគ ផ្នែក​ទី​២ ជួសជុល​ថ្មបាយក្រៀម នៃ​តួ​ស្ពាន ផ្នែក​ទី​៣​ជួសជុល​ថ្ម​កម្រាល និង​ផ្នែក​ទី​៤ ជួសជុល​ប៉ះ និង​ត​ថ្ម​។ គម្រោង​ជួសជុល​ស្ពាន​ហាល​ខាងកើត នៃ​ប្រាសាទបេង​មាលា​នេះ ក្រៅពី​ថែរក្សា​អភិរក្ស​មរតក​ដូនតា​ខ្មែរ ក៏​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ក្រុម​អ្នកជំនាញ​ជួសជុល​ប្រាសាទបុរាណ និង​ប្រជាជន​មួយ​ចំនួន​រស់នៅ​ជុំវិញ​ប្រាសាទ​នេះ ឱ្យ​ទទួល​បាន​ប្រាក់​កម្រៃ​ជួយ​ផ្គត់ផ្គង់​គ្រួសារ ព្រមទាំង​បាន​បណ្តុះ​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​កេរដំណែល​ដូនតា​ខ្មែរ ឱ្យ​គង់វង្ស​បាន​យូរ​ទៅ​ថ្ងៃ​អនាគត​ផង ។

ស្ពាន​ហាល​ខាងកើត​ប្រាសាទបេង​មាលា បាន​ចាប់ផ្ដើម​ដំណើរការ​ជួសជុល​តាំងពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែសីហា ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ