ទីក្រុងឡាអេ៖ នៅរាត្រីថ្ងៃសុក្រនេះ អតីតប្រធានាធិបតីហ្វ៊ីលីពីន លោកឌូតឺតេ នឹងត្រូវនាំខ្លួនឡើងរង្វង់ក្រចកសេះជាលើកដំបូងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិអាយស៊ីស៊ី (ICC) ដើម្បីស្ដាប់ការចោទប្រកាន់ និងការប្រកាសតែងតាំងមេធាវីការពារក្ដីជូនលោក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ ICC។ លោកអាចនឹងជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋអាជ្ញាយល់ថាលោកឌូតឺតេបានសមគំនិតនៅក្នុងអំពើមនុស្សឃាតទៅលើជនសង្ស័យជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។
នៅក្នុងសវនាការយប់នេះ លោកឌូតឺតេគ្រាន់តែបង្ហាញខ្លួនរយៈពេលខ្លីតែប៉ុណ្ណោះនៅមុខអង្គជំនុំជម្រះ។ នៅក្នុងសំណើចាប់ខ្លួននោះ រដ្ឋអាជ្ញាអះអាងបទល្មើសឧក្រិដ្ឋដែលលោកឌូតឺតេចូលរួមប្រព្រឹត្តនោះជាផ្នែកមួយនៃការកម្ចាត់ប្រជាជនហ្វ៊ីលីពីនជាប្រព័ន្ធ។ អ្នកដែលស្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះអាចមានចំនួនដល់រាប់ម៉ឺននាក់ឯណោះ។

ក្រុមគ្រួសារជនរងគ្រោះសម្ដែងការស្វាគមន៍យ៉ាងកងរំពងចំពោះគម្រោងកាត់ទោសលោកឌូតឺតេ។ ពួកគេសង្ឃឹមថាពន្លឺយុត្តិធម៌អាចនឹងកើតមានសម្រាប់សាច់ញាតិរបស់ខ្លួន។ ប៉ុន្តែក្រុមអ្នកគាំទ្រលោកឌូតឺតេ និងក្រុមគ្រួសាររបស់គាត់ទន្ទឹមនឹងការមិនប្រឆាំងនឹងការចាប់ខ្លួននេះទាំងស្រុងទេ ប៉ុន្តែយល់ថាការចាប់ខ្លួននេះហាក់ដូចជាធ្វើឡើងទាំងឆក់កណ្ដៀត និងប្រញាប់ប្រញាល់ដូចគេចាប់ជំរិតមនុស្ស។
នៅរាត្រីនេះ ក្រុមគ្រួសារជនរងគ្រោះរួមជាមួយមេធាវីការពារក្ដី និងក្រុមសិទ្ធិមនុស្សនឹងជួបជុំគ្នានៅទីក្រុងម៉ានីឡា ប្រទេសហ្វ៊ីលីពីនដើម្បីតាមដានតាមប្រព័ន្ធវីឌីអូពីចម្ងាយនូវការបើកសវនាការជាលើកដំបូង។ ក្រុមអ្នកច្បាប់ចាត់ទុកថាការចាប់ខ្លួនលោកឌូតឺតេ និងដឹកតាមយន្តហោះទាំងយប់ទៅទីក្រុងឡាអេ ប្រទេសហូឡង់នោះយ៉ាងឆាប់រហ័សត្រឹមតែរយៈពេលខ្លីគឺជាជោគជ័យធំរបស់ ICC ខណៈដែលតុលាការនេះកំពុងជួបការលំបាក និងរងសម្ពាធពីគ្រប់ច្រក។ លោកត្រាំប្រកាសដាក់ទណ្ឌកម្ម និងលែងផ្ដល់ជំនួយ។

នៅក្នុងការថ្លែងតាមវីឌីអូឃ្លីបបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក លោកឌូតឺតេប្រកាសទទួលខុសត្រូវតែម្នាក់ឯងនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ លោកមិនឱ្យនគរបាល និងយោធាដែលចូលរួមនៅក្នុងការបង្ក្រាបនោះមានចំណែកខុសទេបើតុលាការរកឃើញថាលោកពិតជាមានទោសពៃរ៍ដូចការចោទប្រកាន់មែន។
នៅក្នុងសំណើចាប់ខ្លួននោះ រដ្ឋអាជ្ញារបស់ ICC បានដកស្រងប្រសាសន៍សំខាន់ៗរបស់លោកឌូតឺតេពាក់ព័ន្ធនឹងការតាមកម្ចាត់ជនសង្ស័យនៅក្នុងអំពើជួញដូរគ្រឿងញៀនកាលដែលលោកនៅកាន់អំណាចជាប្រធានាធិបតី។ នៅគ្រាមួយនោះ លោកថ្លែង «ថាជនសង្ស័យដែលជាមុខសញ្ញាត្រូវបាញ់សម្លាប់ចោលអាចមានដល់១សែននាក់។ លោកថាលោកនឹងបាញ់កម្ទេចពួកគេចោលទាំងអស់។ ហ្វូងមច្ឆាដែលរស់នៅឆកសមុទ្រម៉ានីឡាមុខជាសប្បាយស៊ីសាច់ពួកហ្នឹងឡើងធាត់មិនស្ទើរទេ។ លោកនឹងបោះសាកសពពួកគេចូលទៅក្នុងសមុទ្រដើម្បីឱ្យត្រីស៊ី»៕
ចែករំលែកព័តមាននេះ