នៅពេលអ្នកទៅផ្សារទំនើបនានា អ្នកប្រហែលជាប្រើប្រាស់ជណ្តើរយន្តច្រើនជាងជណ្តើរជើង។ នេះក៏ព្រោះតែវាមិនហត់ និង លឿនរហ័សទាន់ចិត្ត។ តើអ្នកដឹងទេថា ការឡើងកាំជណ្តើរមានអត្ថប្រយោជន៍ខ្លាំងប៉ុនណានោះសម្រាប់សុខភាព? ថ្ងៃនេះ អ្នកនឹងបានស្គាល់។
១. មិនឆាប់ហត់
តើអ្នកកំពុងតែមានបញ្ហាដើរឆាប់ហត់ឬឡើងជណ្តើរឆាប់ហត់មែនទេ? អ្នកប្រហែលជាមានអារម្មណ៍ហត់មួយរំពេច ក្រោយពីឡើងជណ្ដើរមិនទាន់បានប៉ុន្មានកាំផង ប្រសិនបើមិនឧស្សាហ៍ដើរឡើងទេនោះ។ ប៉ុន្តែនៅពេលឡើងជាញឹកញាប់ ឬជាប្រចាំអ្នកនឹងមិនងាយហត់ដូចមុនទៀតឡើយ។ អត្ថប្រយោជន៍នេះក៏ល្អសម្រាប់អ្នកក្នុងការការធ្វើលំហាត់ប្រាណបែបផ្សេងទៀតផងដែរ។ នេះព្រោះតែអ្នកនឹងហាត់ប្រាណបានយូរជាងមុន។
២. ជួយគ្រប់គ្រងសម្ពាធឈាម
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ការមិនធ្វើលំហាត់ប្រាណសោះ នឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះទើបបានជាឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាម ដែលងាយស្រួល និង មិនអស់លុយ។
៣. ពង្រឹងសុខភាពឆ្អឹង
ការឡើងជណ្ដើរអាចចាត់ទុកជាទម្រង់នៃលំហាត់ប្រាណមួយដែរ ដែលមិនត្រូវការប្រើប្រាស់ដុំដែក។ ទម្ងន់ដែលយើងត្រូវការគឺទម្ងន់ខ្លួនរបស់យើង។ នេះមានន័យថាការឡើងជណ្ដើរពិតជាអាចជួយពង្រឹងសុខភាពឆ្អឹងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានយ៉ាងប្រសើរ។ ការឡើងជណ្ដើរក៏ជាលំហាត់ប្រាណដ៏ល្អបំផុតមួយដើម្បីរក្សាសុខភាពសន្លាក់ផងដែរ៕
ចែករំលែកព័តមាននេះ